អាហ្វហ្គានីស្ថាន៖ ក្រុមភេរវករតាលីបង់អាហ្វហ្គានីស្ថានបានប្រកាសចាប់ផ្តើមបើកប្រតិបត្តិវាយលុកក្នុងនិទាឃរដូវនេះ ជាមួយនិងការសន្យាកសាងមូលដ្ឋាននយោបាយរបស់ពួកគេក្នុងប្រទេសនេះដោយផ្តោតលើការវាយលុកយោធារបស់សម្ព័ន្ធនិងកងកម្លាំងសន្តិសុខរបស់អាហ្វហ្គានីស្ថាន ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានប្រកាសពីការចាប់ផ្តើមវាយប្រហារនេះតាមរយៈសេចក្តីថ្លែងការណ៍លើអ៊ីម៉ែលមួយនៅថ្ងៃសុក្រនេះ ។
ក្រុមតាលីបង់បានប្រសិទ្ធនាមការប្រយុទ្ធសម្រាប់ឆ្នាំនេះថាជាប្រតិបត្តិការ Operation Mansour ដែលជាឈ្មោះរបស់មេដឹកនាំក្រុមតាលីបង់ដែលត្រូវបានសម្លាប់កាលពីឆ្នាំមុនដោយការវាយប្រហារពីយន្តហោះដ្រូនសហរដ្ឋអាមេរិក ។
ពួកគេអាចនឹងប្រកាសជាផ្លូវការអំពីការប្រយុទ្ធក្នុងនិទាឃរដូវរបស់ពួកគេ តាមរយៈការវាយប្រហារក្នុងអំឡុងពេលថ្មីៗនេះរួមមានមួយលើកដែលកើតឡើងកាលពីសប្តាហ៍មុនលើមូលដ្ឋានយោធាមួយកន្លែងដែលស្ថិតនៅភាគខាងជើងអាហ្វហ្គានីស្ថានដែលបណ្តាលឲ្យទាហានប្រទេសនេះស្លាប់ជាង១៤០នាក់ ពោលគឺវាហាក់ដូចជាការព្រមានពីរដូវវាយប្រហារចូលមកដល់ដូច្នោះដែរ ។
ក្រុមតាលីបង់អាហ្វហ្គានីស្ថានក៏កំពុងប្រយុទ្ធប្រឆាំងជាមួយនិងក្រុមសាខារដ្ឋអ៊ីស្លាមក្នុងស្រុកដែលគេស្គាល់ថាជាក្រុមរដ្ឋអ៊ីស្លាមក្នុងតំបន់ Khorasan ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា