ខេត្តតាកែវ ៖ ពិតជាទុក្ខជាន់លើទុក្ខ សម្រាប់គ្រួសារមួយនេះ ដែលបុរសជាឪពុកត្រូវគេសម្លាប់ ហើយពេលនេះនារីជាកូនស្រីក៏ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ទៀត រហូតស្រែកដង្ហោយហៅរកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារ ដែលកំពុងតែវេទនា បាត់ខ្នងបង្អែក គឺឪពុក។
នារីដែលធ្លាក់ខ្លួនឈឺធ្ងន់ ឪពុកស្លាប់ចោលនោះ មានឈ្មោះកែវ ទិត្យលីដា អាយុ២៦ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ កែវ យ៉ាន អាយុ៨៦ឆ្នាំ (ស្លាប់) ម្តាយឈ្មោះ គុជ អែម អាយុ៦៧ឆ្នាំ។ មានបងប្អូន៣នាក់ (ស្រី២ ប្រុស១) នាងជាកូនទី២ បងស្រីច្បង និងប្អូនប្រុស មានគ្រួសាររួចហើយ។ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ បច្ចុប្បន្ននាងធ្វើការក្នុងនៅធនាគារនៅភ្នំពេញ តែឧស្សាហ៍មកមើលម្តាយនៅឯស្រុកតែម្នាក់ឯង។
នាងកែវ ទិត្យលីដា បានរៀបរាប់ពីដំណើររឿងគួរឱ្យកម្សត់ថា ឪពុករបស់នាងបានស្លាប់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ គឺស្លាប់ដោយឃាតកម្មដុតសម្លាប់ទាំងរស់ នៅវេលាម៉ោង ១០ៈ៥៤នាទីយប់។ នៅមុនពេលស្លាប់នោះ គាត់បានទៅដេកចាំដីជាង១ហិកតារ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតស្ពានស្លាគូ ដែលគាត់បានទិញតាំងពីដីនៅថោក និងមិនទាន់មានការអភិវឌ្ឍអ្វី។ ប៉ុន្តែក្រោយទិញហើយមិនបានប៉ុន្មាន មានក្រុមហ៊ុនចុះមកទិញដីធ្វើរោងចក្រនៅតំបន់នោះ ហើយក៏មកទាក់ទងទិញដីគាត់នោះដែរ តែអត់ទាន់ត្រូវថ្លៃគ្នា គាត់មិនទាន់លក់ទេ បើទោះនៅជុំវិញនោះគេលក់អស់ហើយក៏ដោយ ក៏គាត់អត់ខ្វល់ ព្រោះដីគាត់នោះ មានផ្លូវចេញចូលរួចហើយ មិនមានអីប៉ះពាល់ គាត់អាចនៅបាន។ ដូច្នេះហើយ ទើបគាត់ទៅចាំដីនោះ នៅពេលដែលរោងចក្រចាប់ផ្តើមចាក់ដីហៀរចូលដីរបស់គាត់នោះ។ លុះក្រោយមក ស្រាប់តែមានករណីឃាតកម្មលើគាត់តែម្តង ដោយរហូតមក ដល់សព្វថ្ងៃសមត្ថកិច្ចមិនមានការស្វែងរកចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសនោះទេ លើសពីនេះ អ្វីដែលអយុត្តិធម៌ ក្រុមគ្រួសារ កូនប្រពន្ធដើមរបស់ឪពុកនាង បែរជាចោទដាក់បន្ទុកថា ក្រុមគ្រួសារនាងទាំងម្តាយ និងកូន ជាអ្នកសម្លាប់ឪពុក ដើម្បីយកលុយ រហូតប្តឹងដល់តុលាការទៀត ដោយគេថា បើមិនបានសម្លាប់ឪពុកទេ ឱ្យរកភ័ស្តុតាងជនដៃដល់មក ប៉ុន្តែឱ្យនាងទៅរកឯណាបាន។ ហើយអ្នកដែលត្រូវគេចោទច្រើនជាងគេ គឺនាងនិងម្តាយ ព្រោះគេសំអាងលើលេខទូរស័ព្ទរបស់នាង ដែលថ្ងៃនោះ មុនស្លាប់ប្រហែលជាម៉ោង៩យប់ គាត់ទូរស័ព្ទមកប្រៀបដូចផ្តាំទូន្មានកូនៗ ឱ្យនាងរៀបឫកឱ្យបានល្អ ក្នុងនាមជាមនុស្សស្រី មិនអាចរំពឹងឪពុកជាមនុស្សចាស់ បានទេ។ ប្រហែល៣ម៉ោងក្រោយ គេក៏ទូរស័ព្ទមកថា គាត់ស្លាប់ និងបានធ្លាក់ក្នុងការចោទប្រកាន់ដាក់បន្ទុកពីសំណាក់កូនប្រពន្ធដើមនោះឯង។ ចំណុចនេះហើយ ដែលធ្វើឱ្យនាងរងទុក្ខវេទនា ដោយឪពុកស្លាប់ដោយអយុត្តិធម៌ ហើយបែរជាកូនមុនរបស់គាត់ ចោទនាងនិងម្តាយ សម្តាប់ប្តី សម្លាប់ឪពុកទៅវិញ ទាំងដែលពីមុន (ជាប្រពន្ធកូនក្រោយ) នាងនិងកូនប្រពន្ធមុននោះ ធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា។ ដូច្នេះអ្វីដែល នាងស្រែកថា អយុត្តិធម៌នៅត្រង់នេះឯង។
នាងកែវ ទិត្យលីដា បានរៀបរាប់បន្តថា ប្រឈមនឹងបណ្តឹងពីកូនប្រពន្ធមុនរបស់ឪពុក នាងនោះ រហូតមកដល់រាល់ថ្ងៃនេះ នាងត្រូវតុលាការកោះហៅទៅបំភ្លឺជាបន្តបន្ទាប់ ហើយនៅពេលដែលរងការចោទប្រកាន់នោះ គ្រួសារ នាងត្រូវយកលុយមួយចំនួន ដើម្បីទៅដោះស្រាយរឿងនេះ និងធ្វើបុណ្យសពឪពុកផង។ តាំងពីពេលនោះមក នាងត្រូវចំណាយលុយច្រើន រហូតអស់រលីងពីខ្លួន និងឈានដល់ការជំពាក់ធនាគារឯកជន ហើយរាល់ថ្ងៃនេះ នាងប្រឹងធ្វើការបានប្រាក់ខែមកសម្រាប់តែបង់ដោះបំណុលធនាគារ គ្មានសល់អ្វីទេ។ ប៉ុណ្ណឹងហើយ កូនប្រពន្ធមុនរបស់ឪពុកនៅចោទថា នាងសម្លាប់ឪពុក ដើម្បីយកលុយ តែតាមពិត ក្រោយឪពុកនាងស្លាប់ គ្មានបន្សល់ទ្រព្យសម្បត្តិអីទេ មានតែដីមួយកន្លែងដែលគាត់ទិញ ហើយបានស្លាប់នៅលើដីនោះ ដែលនាងយកទៅលក់ឱ្យចិន បានតែប្រាក់ល្មមយកទៅទិញដីនៅក្នុងភូមិ ធ្វើផ្ទះឱ្យម្តាយនាងនៅដល់សព្វថ្ងៃ។ បញ្ហាគ្រួសារកើតឡើងនេះ ក៏ធ្វើឱ្យបងស្រីនាងបែកបាក់គ្រួសារទៀតផង។ ចំពោះស្ថានភាពជីវិតនាងដែលនៅលីវ បើនាងអត់ឈឺ នាងចេះតែរកលុយបានទប់ សម្រាប់បង់ធនាគារ និងចិញ្ចឹមម្តាយ តែពេលដែលនាងឈឺក្នុងរយៈពេល២ខែនេះ នាងអត់ មានលុយបង់ធនាគារ ធ្វើឱ្យធនាគាររឹបអូសទ្រព្យសម្បត្តិ និងទាមទារឱ្យនាងលក់ផ្ទះ លក់ដី សងគេ ដើម្បីយកប្រាក់ដោះបំណុល រហូតធនាគារបានដាក់បណ្តឹងឱ្យនាងទៅដោះស្រាយរឿងបំណុលនេះជាមួយគេ ក្នុងខណៈដែលនាងកំពុងតែឈឺធ្ងន់។ ដូច្នេះនាងបានសុំពេលធនាគាររយៈពេល១សប្តាហ៍ បើនាងរាងបានធូរស្រាលពីជំងឺបន្តិចនាងនឹងចេញមុខដោះស្រាយរឿងនេះបន្តទៀត។ និយាយទៅរាល់ថ្ងៃនាងមានតែសំបកផ្ទះ តែបើនិយាយពីលុយ គឺពេលខ្លះ សូម្បី៥ពាន់រៀលក្នុងហោប៉ៅ ក៏គ្មានផង ហើយម្តាយនាងថ្ងៃណាក៏គាត់ទឹកភ្នែក និងអាណិតនាង ដែល ធ្លាក់ខ្លួនឈឺផង ត្រូវរកលុយមកដោះបំណុលធនាគារផង។
នាងកែវ ទិត្យលីដា រៀបរាប់បន្តទាំងអួលអាក់ថា ពេលនេះនាងមានជំងឺដុំគីសក្នុងដៃស្បូន ពេទ្យតម្រូវឱ្យវះកាត់ តែនាងគ្មានលទ្ធភាព ព្រោះគ្មានលុយ។
ជាចុងក្រោយ នាងកែវ ទិត្យលីដា សូមលើកដៃសំពះសុំសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដោះស្រាយឱ្យនាងរឿងក្នុងបំណុលដែលនាងបានជំពាក់គេទាំងប៉ុន្មាននោះផង គឺនាងស្នើសុំ កុំឱ្យរឹបអូសផ្ទះដែលនាងធ្វើឱ្យម្តាយនៅ ព្រោះនេះជាសម្បត្តិចុងក្រោយ បើសិនជានាងលក់ទៀត នាងមិនដឹងថា នាងនិងម្តាយទៅនៅឯណាទៀតទេ។ ម៉្យាងទៀតនាងចង់បានយុត្តិធម៌ សម្រាប់នាងគឺទី១ កុំឱ្យគេចោទឱ្យកូនដើមរបស់ឪពុកចោទប្រកាន់នាងទាំងគ្មានការពិត ដើម្បីនាងបានរួចបន្ទុក និងមានឱកាសរកប្រាក់មក ព្យាបាលជំងឺដោះបំណុលគេ និងចិញ្ចឹមម្តាយមេម៉ាយផង៕
កុលបុត្រ