ប្រជាពលរដ្ឋដែលរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្បែរព្រំដែនខ្មែរ-ថៃ បានខ្សឹបឱ្យឮតាម “នគរធំ” ថា សកម្មភាពជីកកកាយដីភ្នំលក់ ហាក់ចាប់ផ្តើមកក្រើកឡើងយ៉ាងគគ្រឹកគគ្រេង នៅមួយរយៈ ចុងក្រោយនេះ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ទីរជំនាញពាក់ព័ន្ធសោះឡើយ ដែលករណីនេះ ច្បាស់ជាមានការបើកដៃពីក្រុមមន្ត្រី ជាថ្នូរនឹងផលប្រយោជន៍ដាក់ចូលហោប៉ៅតែម្តង។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា គេឃើញឈ្មួញ១ក្រុម បានយកគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ទៅជីកកកាយដីភ្នំ ដឹកតាមរថយន្តជាច្រើនគ្រឿង ដើម្បីយកទៅលក់នៅតាមភូមិ ជាហេតុធ្វើឱ្យ ខូចទ្រង់ទ្រាយភ្នំដែលជាកេរតំណែលរបស់ដូនតា តាំងពីយូរលង់ណាស់មកហើយ ហើយប្រសិនបើសកម្មភាពជីកកកាយដីភ្នំលក់ នៅតែបន្តបែបនេះ មើល ទៅភ្នំជាច្រើននៅក្នុងភូមិខាងលើ ច្បាស់ជារលាយហិនហោចក្នុងពលដ៏ខ្លីនេះ ក្រោមស្នាដៃឈ្មួញទុច្ចរិត និងក្រុមមន្ត្រីខិលខូចមិនខាន។
ប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា ពួកគាត់ ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះដីភ្នំ ដែលមានព្រៃឈើបញ្ចោញសម្រស់ខៀវស្រងាត់ មើលទៅស្រស់បំព្រង គួរជាទីទាក់ទាញភ្នែកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅលើទឹកដីខេត្តប៉ៃលិននេះ លុះមកដល់ឃើញភ្នំ ត្រូវគេឈូសឆាយកាយខូចរូបរាងបែបនេះ ច្បាស់ជាមានការរិះគន់ដល់ពលរដ្ឋខ្មែរថា មិនចេះការពារសម្បត្តិធម្មជាតិជាក់ជាមិនខាន។ ជាមួយនេះ ប្រសិនបើគេក្រឡេកមើលទៅទិសខាងលិច មើលទៅភ្នំលើទឹកដីថៃ ហាក់នៅល្អស្អាតស្រស់បំព្រង ក្រាលគ្របដោយព្រៃឈើ ផ្ទុយពីភ្នំលើទឹកដីខ្មែរ ដែលក្រហេងក្រហូង បាត់រូបរាងប្រែក្លាយជាវាលរាប ព្រោះតែមន្ត្រីជំនាញ និងក្រុមឈ្មួញ ខិលខូច ស្រលាញ់លុយធំជាងសម្បត្តិធម្មជាតិ ដែលជារបស់មានតម្លៃបំផុតសម្រាប់ជីវិតរបស់មនុស្សសត្វគ្រប់ប្រភេទ។ ទៅថ្ងៃអនាគត បើអស់ព្រៃភ្នំនេះទៅ នឹងបង្កឱ្យមានគ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ជាក់ជាមិនខាន ព្រោះអស់ព្រៃឈើដែលតែងតែផ្តល់លំនឹងអាកាសធាតុ ធ្វើឱ្យអាកាសធាតុប្រែប្រួល អស់រដូវប្រាំងក្លាយទៅជាវស្សា រីឯរដូវវស្សាវិញ បែរទៅជាគ្មានភ្លៀងធ្លាក់ បណ្តាលឱ្យមនុស្សសត្វ និងដំណាំដាំដុះ រងគ្រោះដូចគ្នា។
ប្រជាពលរដ្ឋបានបន្តខ្សឹបឱ្យដឹងទៀតថា នៅពេលដែលមានការសួរនាំពីរឿងជីកីកកាយភ្នំយកដីលក់នេះ ក្រុមឈ្មួញ តែងមានលេសសំអាងថា ពួកគេជីកតែដីកម្មសិទ្ធិរបស់ខ្លួនទេ ពោលគឺមិនពាក់ព័ន្ធ ឬប៉ះពាល់ដល់ដីភ្នំអភិរក្ស នោះឡើយ ប៉ុន្តែធាតុពិតនៅសល់តែប៉ុន្មានចំអាម ទៀតប៉ុណ្ណោះដល់ព្រំដែនដីភ្នំអភិរក្សទៅហើយ។ ចំណែកអាជ្ញាធរ ក៏ដូចមន្ត្រីជំនាញ ច្រើនឆ្លើយយករួចខ្លួនថា ធ្វើម៉េចបើគេមានប្លង់កាន់កាប់ត្រឹមត្រូវ មិនអាចទៅហាមឃាត់គេបានឡើយ តែតាមធាតុពិតទាំងសងខាង សុទ្ធតែទទួលបានផលប្រយោជន៍សើមមាត់សើមកដូចគ្នា ទើប ដំណើរការងារកាប់កាយដីភ្នំ អាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋតូចតាច ជីកកាយដីភ្នំយកទៅចាក់ជង្ហុក តិចតួច ច្បាស់ជាមានមុខអាជ្ញាធរចេញមកសួរ រកប្ញសគល់ និងហាមឃាត់ភ្លាមៗមិនខាន។ យ៉ាងណា បញ្ហាកាយដីភ្នំលក់នេះ សូមថ្នាក់ដឹកនាំជួយពិនិត្យមើលឱ្យបានល្អិតល្អន់ផង ចៀសវាងភ្នំ រលាយក្លាយជាដីរាប ទើបភ្ញាក់ផ្អើលមកមើល រួចសម្តែងការសោកស្តាយ។
ទាក់ទងទៅនឹងការខ្សឹបខ្សៀវខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ព្រោះមិនទាន់អាចទាក់ទងសុំការបំភ្លឺពីខាងមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕
ខៀវ ទុំ