Saturday, November 30, 2024
Homeព័ត៌មានជាតិឡានបំផ្លាញផ្លូវ

ឡានបំផ្លាញផ្លូវ

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានខ្សឹបឱ្យឮតាម “នគរធំ” ថា កំណាត់ផ្លូវហាណូយ ស្ថិតត្រង់ចំណុចភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី កំពុងតែទទួលរងការបំផ្លាញ ក្រោមស្នាដៃរថយន្តដឹកបេតុងរបស់ក្រុមហ៊ុនលាយស៊ីម៉ងត៍ ចំនួន២ ហើយប្រសិនបើអាជ្ញាធរ មូលដ្ឋាន មិនយកចិត្តទុកដាក់ពិនិត្យ ឱ្យទាន់ពេលនោះទេ ផ្លូវហាណូយ ច្បាស់ជាត្រូវខូចខ្ទេចខ្ទីអស់មិនខាន។

ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវហាណូយ បានខ្សឹបឱ្យឮថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវហាណូយ ក៏ដូចជាអ្នកដំណើរឆ្លងកាត់ តែងរអ៊ូរទាំគ្រប់គ្នា ចំពោះស្ថានភាពផ្លូវ ដែលកំពុងរងការខូចខាត  មានជង្ហុកសំបុកមាន់ដោយអន្លើ ព្រមទាំងហុយដីទ្រលោម ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អ្នកដំណើរទៀតផង។ មូលហេតុដែលនាំឱ្យផ្លូវហាណូយនេះខូចខាត គឺដោយសារតែមានក្រុមហ៊ុនលាយស៊ីម៉ងត៍ ចំនួន២ គឺក្រុមហ៊ុន SRUN MONG និង YONG SHENG ដែលមានទីតាំងនៅជាប់នឹងផ្លូវហាណូយ តែមានរថយន្ត ធុនធំចេញចូលដឹកបេតុង យកទៅដាក់តាមការដ្ឋានផ្សេងៗក្នុងរាជធានីភ្នំពេញ បើកឆ្លងកាត់យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។ រថយន្តដឹកបេតុងធំៗទាំងនោះ មិនត្រឹមតែកំពុងបំផ្លាញផ្លូវហាណូយនោះទេ តែថែមទាំងកំពុងគំរាមកំហែងដល់អាយុជិវិតមនុស្ស ដែលធ្វើដំណើរលើកំណាត់ផ្លូវហាណូយទៀតផង។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា ពួកគាត់រស់នៅ តាមបណ្តោយផ្លូវហាណូយ ប្រឈមនឹងបញ្ហាបរិស្ថានមិនល្អ ដោយសារកម្ទេចដីខ្សាច់ ដែលបង្កឡើងពីរថយន្តលាយស៊ីម៉ងត៍ជាច្រើនគ្រឿង និងរថយន្តដឹកដីខ្សាច់របស់ក្រុមហ៊ុនទាំង២ខាងលើ បើកឆ្លងកាត់បង្កជាធូលីហុយទ្រលោម និងធ្វើឱ្យមានការខូចខាតផ្លូវ។ ជាងនោះទៅទៀត បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដល់អ្នកដំណើរ ព្រោះរថយន្តធំៗទាំងនោះ តែងបើកបរបញ្ច្រាសទិសដៅចរាចរណ៍រាល់ថ្ងៃ ហើយបើកលឿនៗ មិនគោរពច្បាប់ចរាចរណ៍សោះឡើយ។

ប្រជាពលរដ្ឋបានខ្សឹបទៀតថា កំណាត់ផ្លូវហាណូយ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នពោរពេញទៅដោយភក់ជ្រាំ ជង្ហុកធំៗ និងកម្ទេចដីខ្សាច់នៅកក ស្ទើរតែជិតមួយចំហៀងផ្លូវទាំងសងខាង ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវមួយខ្សែនេះ មានការរអ៊ូរទាំយ៉ាងខ្លាំង ដោយសារធូលីដែលហុយចេញពីកម្ទេចដីខ្សាច់នេះ។ តាមពិតផ្លូវហាណូយ សាលារាជធានីភ្នំពេញ បានស្ថាបនាចាក់បេតុង លម្អដោយសួនច្បារយ៉ាងស្រស់ស្អាត ដើម្បីឱ្យមើលទៅមានសោភណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង តែមិនគួរណាក្រុមហ៊ុនទាំងនេះ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បំផ្លាញសម្បត្តិសាធារណៈបែបនេះសោះ។ ប្រជាពលរដ្ឋ ស្នើសុំដោយទទូចដល់អាជ្ញាធរសង្កាត់ ខណ្ឌ និងរាជធានី ជួយពិនិត្យមើលផង ចៀសវាងទុកឱ្យក្រុមហ៊ុនទាំង២ខាងលើ បង្កផលប៉ះពាល់កាន់តែធ្ងន់បន្តទៀត។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា ពាក់ព័ន្ធករណីខាងលើនេះ កន្លងមកលោកប៉ិល កុសល អភិបាលខណ្ឌសែនសុខ ធ្លាប់បានបញ្ជាឱ្យកម្លាំង ចុះឃាត់រថយន្តទាំងនោះ និងឱ្យតំណាងក្រុមហ៊ុន ធ្វើកិច្ចសន្យា លាងសម្អាតផ្លូវចំណុចខាងលើផងដែរ ហើយប្រសិនបើខាងក្រុមហ៊ុនទាំងនេះ មិនព្រមលាងសម្អាតផ្លូវទេនោះ លោកនឹងមានវិធានការផ្សេងទៀត។ ប៉ុន្តែការព្រមានរបស់លោកអភិបាលខណ្ឌសែនសុខ ខាងលើនេះ ក្រុមហ៊ុន SRUN MONG  និង YONG SHENG ហាក់គ្មានខ្លាចញញើតអ្វីបន្តិចសោះ ពោលគឺនៅតែបន្តសកម្មភាពដដែល និងថែមទាំងគគ្រឹកគគ្រេងជាងមុនទ្វេដង ខណៈដែលមិនឃើញមានចំណាត់ការអ្វីពី លោកអភិបាលខណ្ឌសែនសុខសោះឡើយ រហូត ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត អស់ទំនុកចិត្ត លើអាជ្ញាធរមូលដ្ឋាន នាំគ្នាបោះឆ្នោតឱ្យបក្ស ប្រឆាំងឈ្នះកៅអីចៅសង្កាត់ទូទាំងខណ្ឌតែម្តង។

ចំណែកផ្លូវនៅភូមិចំរើនផលឡានដឹកដី បើកបំផ្លាញលូខ្ទេចខ្ទី តែអាជ្ញាធរសង្កាត់មិនបើកភ្នែកមើល ហើយផ្លូវលេខ១០៧ ភូមិចំរើនផល ក៏ខ្ទេចខ្ទីដែរ ដោយសារឡានដឹកដី ហើយអាជ្ញាធរចាំយកតែលុយ។

ទោះយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” នៅមិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាតំណាងក្រុមហ៊ុនលាយស៊ីម៉ងត៍ ទាំង២ខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES