Friday, November 29, 2024
Homeបរិយាយបញ្ញើក្អែក

បញ្ញើក្អែក

ករណីជនអន្តោប្រវេសន៍ខុសច្បាប់អាចចូលមកសំងំប្រកបអាជីវកម្មនៅស្រុកខ្មែរបាននោះ ពុំមែនជារឿងស្រួលនោះឡើយ ព្រោះពួកនេះនៅយូរៗទៅ ក៏ក្លាយជាមនុស្សស្របច្បាប់ និងក្លាយទៅជា “មនុស្សបញ្ញើក្អែក” នាំផលវិបាកដល់ខ្មែរ ម្ចាស់ស្រុក។ សព្វថ្ងៃយើងឃើញជនជាតិចិន ជនជាតិវៀតណាម អាចឆ្លងដែនចូលមកដល់កម្ពុជា ដោយសុវត្ថិភាព ទោះបីជានគរបាលអន្តោប្រវេសន៍ ព្យាយាមចាប់បញ្ជូនទៅស្រុកវិញយ៉ាងណា ក៏ចាប់មិនចេះអស់ រហូតដល់ពួកនេះហ៊ានបង្កហិង្សាមកលើជនជាតិខ្មែរ ម្ចាស់ស្រុក ដែលមិនខុសពី “បញ្ញើក្អែក” បើវាទំដើមឈើណា ធ្វើឱ្យដើមឈើនោះថយកម្លាំងដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“បញ្ញើក្អែក” គឺជាមែកផ្ញើសាំ ឬផ្ញើប្រាណ កើតចេញពីមែកឈើទាំងពួង មានស្លឹកស្រួយ វាដុះឡើងដោយសារសត្វស្លាប ហើរទៅជុះដាក់។ នៅតាមភូមិនីមួយៗ យើងឃើញបញ្ញើក្អែក ដុះនៅមែកស្វាយ មែកលៀប មែកសង្កែ មិនបានប្រយោជន៍អ្វីទេ ប៉ុន្តែ បើដុះលើមែកអម្ពិល ប្រជារាស្ត្រខ្មែរមានជំនឿថា ត្រជាក់ត្រជំ ក៏កាប់វាយកទៅទុកដាំទឹកផឹក ដាក់ក្នុងទៃគ្រូ បង្ការអំពើអំព័ន្ធ ឬចងកពាក់ឱ្យក្មេង បង្ការយំយប់ជាដើម។

បើប្រៀបធៀបនឹងមនុស្សវិញ ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ គឺមិនខុសពីបញ្ញើក្អែកដើមស្វាយ ដើមសង្កែ មិនបានប្រយោជន៍អ្វីទេ បើវាទំផ្ញើសាំយូរៗទៅ ធ្វើឱ្យមែកស្វាយ ឬមែកសង្កែនោះងាប់។ ប៉ុន្តែ វិនិយោគិន ឬម្ចាស់ក្រុមហ៊ុនធំៗ ដែលចូលមករកស៊ីស្របច្បាប់នៅកម្ពុជា ចាត់ទុកជា “បញ្ញើក្អែកដើមអម្ពិល” មានប្រយោជន៍ណាស់។

កាលពីពេលថ្មីៗនេះ សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់បានជនជាតិចិន ចំនួន៣៦នាក់ ពាក់ព័ន្ធអំពើហិង្សាជាមួយជនជាតិខ្មែរ ដោយសារពួកគេបានប្រើដាវសាមូរ៉ៃ និងដំបងដែក ដេញវាយជនជាតិខ្មែរ។ សមត្ថកិច្ចខ្មែរបានសហការជាមួយសមាគម ចិននៅកម្ពុជា ស្វែងរកឱ្យឃើញនូវមូលហេតុនៃទំនាស់នោះ ដើម្បីចៀសវាងការរើសអើងប្រកាន់ពូជសាសន៍ និងត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ក្រៅពីការចាប់ខ្លួនជនជាតិចិន ១ក្រុមធំនេះ ប៉ូលិសក៏ឈឺក្បាលវិលមុខមិនស្ទើរដែរ ព្រោះឧស្សាហ៍ចាប់បានជនជាតិចិន ក្រុមចាប់ជំរិតមនុស្សតាមអ៊ីនធើរណេត ឬជនជាតិចិន ស្រវឹងស្រាទៅអុកឡុកហាងម៉ាស្សា ឬបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ជួនកាលរហូតដល់បុកមនុស្សស្លាប់ក៏មាន។ ចំណែកជនជាតិវៀតណាម អន្តោប្រវេសន៍ ក៏មិនខុសពីជនជាតិចិន ជួនកាលពួកគេបង្កបញ្ហាជាមួយខ្មែរ ជួញគ្រឿងញៀន បើកបនស្រីរកស៊ីផ្លូវភេទ លក់កាហ្វេបង្កប់ល្បែងស៊ីសងជាដើម។

យើងមិនបាច់រៀបរាប់វែងឆ្ងាយទេ គ្រាន់តែបញ្ជាក់ថា ធម្មតា “បញ្ញើក្អែក” បើវាទំផ្ញើសាំនឹងដើមឈើណា ដើមឈើនោះ លូតលាស់មិនរួចឡើយ កាន់តែស្តួចទៅៗ រហូតដួលរលំ។ ខ្មែរយើងដែលធ្វើចំណាកស្រុកទៅរកស៊ីនៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង គឺជាប្រភេទ “បញ្ញើក្អែកដើមអម្ពិល” នាំផលប្រយោជន៍ដល់ស្រុកគេ ផ្ទុយទៅវិញ ជនជាតិចិន វៀតណាម ឆ្លងដែនខុសច្បាប់ មករកស៊ីនៅកម្ពុជា គឺជាប្រភេទ “បញ្ញើក្អែកដើមស្វាយ”។ ខ្មែរជាជនជាតិស្លូតត្រង់ ពេលទៅរកស៊ីបេះមៀន ឬធ្វើសំណង់នៅប្រទេសថៃ ទោះជាពួកគេឆ្លងដែនខុសច្បាប់ ក៏មិនដែលបង្កហិង្សាអ្វីទៅលើជនជាតិថៃនោះឡើយ រហូតដល់ថៅកែថៃ ស្រលាញ់ទុកចិត្ត បានទាំងជួយរត់ការឱ្យមានភាពស្របច្បាប់ទៀតផង។ ខ្មែរទៅធ្វើការស្រុកគេ ខ្លាចគេដូចកណ្តុរខ្លាចឆ្មា ប៉ុន្តែ ចិន យួន អត់ញញើតខ្មែរទេ បើធ្វើឱ្យគេខឹង អំពើហិង្សាក៏ផ្ទុះឡើងភ្លាម ធ្វើឱ្យយើងនឹកឃើញដល់ប្រវត្តិសាស្ត្រអតីតកាល មិនខុសពីបច្ចុប្បន្នកាល។

នារជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ដោយហេតុយោគយល់ដល់ម្ចាស់ក្សត្រីអង្គចូវ ជាអគ្គមហេសី ទើបព្រះមហាក្សត្រ យល់ព្រមឱ្យស្តេចយួនអណ្ណាម ខ្ចីដីខ្មែរ ខេត្តកំពង់ក្របី ព្រៃនគរ ឱ្យយួន៥ឆ្នាំ ដើម្បីហាត់ទាហាន ត្រៀមច្បាំងជាមួយចិន។ ជនជាតិយួនអណ្ណាម ក៏បញ្ជូនគ្នាមករស់នៅដូចឯកសារ “ប្រវត្តិសាស្ត្រខ្មែរ” របស់លោកសាស្ត្រាចារ្យត្រឹង ងា បានសរសេរថា “ស្ថានការណ៍ក្នុងប្រទេសសម្ព័ន្ធមិត្តជាមួយក្រុងវេ ការយោគយល់ដល់អគ្គមហេសី ទាំងនេះហើយជាកត្តាជំរុញឱ្យព្រះបាទជ័យជេដ្ឋាទី២ ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្តីស្នើសុំរបស់គេ។ ចាប់តាំងពីពេលនោះមក ដោយមានការលើកទឹកចិត្តពីព្រះចៅក្រុងវេផង ជនជាតិយួន បានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលមកនៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗតែទៅរស់នៅត្រង់កន្លែងណាដែលមានជីជាតិល្អ ដូចជានៅតាមច្រាំងទន្លេ និងស្ទឹងទាំងឡាយ ជាហេតុបណ្តាលឱ្យជនជាតិខ្មែរ ចេញទៅរស់នៅកន្លែងផ្សេង ព្រោះមិនអាចរស់នៅជាមួយពួកចំណូលថ្មី ដែលមានទំនៀមទម្លាប់ខុសពីគ្នាពេក”។ ដោយឡែក ឯកសារ “ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា” រៀបរៀងដោយបណ្ឌិតឡុង សៀម បានសរសេរថា “ការចូលមករស់នៅ និងការបង្កើតភូមិឋានវៀតណាម នៅតាមដីស្រែចម្ការ តាមមាត់ទន្លេមេគង្គ មិនបានធ្វើឱ្យប៉ះពាល់ដល់ដីស្រែចម្ការដែលកាន់កាប់ដោយកសិករខ្មែរ នៅទីនោះទេ ដោយហេតុថា ខ្មែរចូលចិត្តរស់នៅលើដីទួល ឯវៀតណាមចូលចិត្តរស់នៅតាមមាត់ព្រែក និងពាមទន្លេនានា”។

ការដកស្រង់ប្រវត្តិសាស្ត្រនេះ បង្ហាញថា បើមានជនអន្តោប្រវេសន៍វៀតណាម ឡើងទៅនៅក្បែរ ខ្មែរយើងតែងដកថយ ព្រោះនៅជិតគ្នាមិនបាន ជាហេតុនាំឱ្យពិបាកទារមកវិញនូវទឹកដីដែលវៀតណាមខ្ចី ៥ឆ្នាំនោះ គឺខ្ចីរហូតដល់សព្វថ្ងៃ មិនព្រមសងវិញ។ ចំណែកជនជាតិចិនអន្តោប្រវេសន៍ ក៏ផ្តល់ផលវិបាកដល់ខ្មែរដែរ ដូចបណ្តាំក្រមង៉ុយ ថា “ចិនមកពីស្រុកនាយ មានសម្ពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចម្ការ។ កវែកចង្ក្រានឆ្នាំង ផ្សំកម្លាំងនិងប្រាជ្ញា អំរែកជិះលើស្មា មាន ម្លូស្លាជាដើមទុន។ ទំនិញមានគ្រប់មុខ ផ្ទប់ផ្ទេរទុកដាក់ដោយគុន ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក”

ដូច្នេះយើងឃើញថា ជនជាតិចិន ជនជាតិវៀតណាម សម័យមុន ក៏មិនខុសពីសម័យនេះដែរ បាននាំផលវិបាកច្រើន ជាងផលចំណេញមកឱ្យខ្មែរ។ ភាគច្រើន ពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ មិនខុសពី “បញ្ញើក្អែកដើមស្វាយ” រីឯថៅកែ ក្រុមហ៊ុនធំៗ ជាប្រភេទ “បញ្ញើក្អែកដើមអម្ពិល” នាំផលចំណេញឱ្យខ្មែរ ប៉ុន្តែ មិនសូវសម្បូរទេ។ ករណីសមត្ថកិច្ចចាប់បានជនជាតិចិន វៀតណាម ឆ្លងដែនខុសច្បាប់ បញ្ជូនទៅស្រុកវិញស្ទើររាល់ថ្ងៃនោះ ជារឿងល្អបំផុត ដើម្បីបង្ការកុំឱ្យ “ដុះបញ្ញើក្អែកលើដើមស្វាយ ធ្វើឱ្យស្វាយនោះងាប់”។ ប៉ុន្តែ ករណីសមត្ថកិច្ចជួយការពារវិនិយោគិន អ្នកជំនាញការវិស្វករចិន ឬវៀតណាម ស្របច្បាប់នោះ គួរបន្តធ្វើឱ្យបានល្អជាងនេះទៀត។ និយាយរួម មនុស្សបញ្ញើក្អែក មាន២ប្រភេទ ដែលត្រូវរក្សាការពារ និងបណ្តេញចេញទៅវិញតាមច្បាប់អន្តរជាតិ។

សរុបទៅ “បញ្ញើក្អែក” មានន័យយ៉ាងនេះឯង ពោលគឺជនជាតិចិនដែលជាមនុស្សបញ្ញើក្អែក ដោយសំអាងថា ប្រទេស គេជាមហាអំណាចនៅអាស៊ី ក៏មើលឃើញជនជាតិខ្មែរតូចប៉ុនកូនដៃ ទើបគេមិនញញើត។ ចំណែកជនជាតិវៀតណាម ដោយសំអាងថា ប្រទេសគេ កងទ័ពគេធ្លាប់មានគុណលើខ្មែរ បានជួយខ្មែរឱ្យផុតពីគ្រោះប្រល័យពូជសាសន៍ក្នុងរបបប៉ុល ពត ទើបគេមើលស្រាលខ្មែរ។ មូលហេតុត្រង់ហ្នឹងហើយទើបបានជាពួកគេហ៊ានបង្កហិង្សាមកលើខ្មែរនោះ ផ្ទុយទៅវិញ ពលករ-ពលការិនីខ្មែរចេញទៅធ្វើបញ្ញើក្អែកនៅថៃ ម៉ាឡេស៊ី ឮតែគេធ្វើបាប ចាប់រំលោភ ទោះជាពលករស្របច្បាប់ក៏ដោយ ព្រោះតែជនជាតិខ្មែរស្លូតពេក។ បទបរិយាយនេះ ពុំមែនជាការរើសអើងពូជសាសន៍នោះទេ គ្រាន់តែចង់បង្ហាញថា “បញ្ញើក្អែកដើមស្វាយ និងបញ្ញើក្អែកដើមអម្ពិល” មិនដូចគ្នាទេ គួរដល់ការប្រុងប្រយ័ត្នទើបបាន…៕

ដោយ អាចារ្យថាំ

RELATED ARTICLES