ប្រជាពលរដ្ឋរស់នៅភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ឈ្មួញដុះស្លែម្នាក់ដែលល្បីល្បាញខាងបំផ្លាញមច្ឆជាតិ កំពុងបង្កព្យុះភ្លៀង តាមរយៈការប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ និងឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ដោយគ្មានខ្លាចញញើតច្បាប់ទម្លាប់អ្វីបន្តិចសោះ ដោយ សារតែទទួលបានភ្លើងខៀវពីមន្ត្រីជំនាញ។
ប្រជាពលរដ្ឋឃុំពាមបាង បានខ្សឹបឱ្យឮថា ឈ្មួញកំហូចដែលល្បីខ្លាំងខាងបំផ្លាញមច្ឆជាតិ នៅក្នុងខេត្តកំពង់ធំនេះ មានឈ្មោះជា សិកា ជាមេកញ្ច្រែងប្រមូលទិញត្រីពីក្រុមប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទ ខុសច្បាប់ នៅក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកអាជ្ញាធរដែនដី និងមន្ត្រីជំនាញ ទំនងជាកំពុងត្រូវដងត្រូវផ្លែ ជាមួយឈ្មួញដុះស្លែរូបនេះ ទើបបើកដៃឱ្យ ប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិ។
ប្រជាពលរដ្ឋឃុំពាមបាង បានខ្សឹបបន្តថា ឈ្មួញឈ្មោះជា សិកា មិនត្រឹមតែជាមេកញ្ច្រែងប្រមូលទិញផលនេសាទខុសច្បាប់នោះទេ តែក៏ជាអ្នកផ្តល់ឱកាសសម្រាប់ក្រុមប្រជានេសាទប្រព្រឹត្តបទល្មើសនេសាទ ដូចជា ការប្រើឧបករណ៍ឆក់និងឧបករណ៍នេសាទខុសច្បាប់ទៀតផង តាមរយៈក៏ផ្តល់ប្រាក់ឱ្យទិញឧបករណ៍នេសាទខុសច្បាប់ទាំងនោះប្រើ លុះក្រោយពេលនេសាទបាន ត្រូវលក់ផលនេសាទ ទាំងនោះមកឱ្យខ្លួនវិញ ដើម្បីកាត់កងគ្នា។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា ទីតាំងដែលពោរពេញទៅដោយបទល្មើសនេសាទ ដែលមានឈ្មួញឈ្មោះជា សិកា ជាអ្នកឈរពីក្រោយខ្នងនោះ រួមមានត្រង់នៅចំណុចអន្លង់ធំ ទឹកថ្លា កំពង់រទេះ រលាំទ្រុង ស្ថិតនៅក្នុងភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជាពិសេស នៅតាមមាត់ទន្លេ គេតែងឃើញក្រុម កូនចៅ ដៃជើងរបស់ឈ្មោះជា សិកា ធ្វើការនេសាទ ដោយប្រើអួនសាច់ក្រហមពេញមាត់ទន្លេ ដោយធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ គ្មានខ្លាចញញើតមន្ត្រីជំនាញនៅទីនោះសោះឡើយ។ ចំណែកមន្ត្រីជំនាញទៀតសោត មិនដឹងជាត្រូវថ្នាំសណ្តំឬយ៉ាងណា ទើបចេះតែដេកលក់ និងមើលមិនឃើញបទល្មើសនេសាទទាំងនោះសោះ តែបើប្រជានេសាទតូចតាចចេញនេសាទគ្រាន់តែចិញ្ចឹមឆ្នាំងវិញ មិនសូវរំលងភ្នែកមន្ត្រីជំនាញទាំងនេះប៉ុន្មានឡើយ ពោលគឺច្បាស់ជាត្រូវចាប់ខ្លួន បង្ហាញចំពោះមុខកាមេរ៉ា យកបុងមិនខានឡើយ។
ប្រជាពលរដ្ឋខាងលើ បានខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសខាងស្ថាប័នជំនាញ មេត្តាយកចិត្តទុកដាក់ចុះពិនិត្យករណី ខាងលើនេះឱ្យបានដិតដល់ផង ព្រោះប្រសិនបើនៅតែបណ្តោយបែបនេះទៀត ធនធានធម្មជាតិ មច្ឆជាតិ ច្បាស់ជាត្រូវរលាយហិនហោចអស់មិនខានឡើយ ក្រោមស្នាដៃឈ្មួញដុះស្លែខាងលើនេះ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកជា សិកា អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕
ខៀវទុំ