ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ដែលជាខួប២០ឆ្នាំ នៃព្រឹត្តិការណ៍ថ្ងៃ ៥-៦ កក្កដា ១៩៩៧ ដែលមានការផ្ទុះអាវុធ នៅកណ្តាលរាជធានីភ្នំពេញ រវាងកងទ័ពស្មោះត្រង់នឹងនាយករដ្ឋមន្ត្រីទី១ (សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ) និងនាយករដ្ឋមន្ត្រីទី២ (សម្តេច ហ៊ុន សែន) នោះ លោកបណ្ឌិតគិន ភា អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេររំលឹកឡើងវិញអំពីការចងចាំរបស់លោក ដែលបានជួបប្រទះឃើញហេតុការណ៍ផ្ទាល់។
លោកបណ្ឌិតគិន ភា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ថា “ថ្ងៃនេះ កាលពី២០ឆ្នាំ មុនស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំនៅឡើយ។ នៅព្រឹកថ្ងៃទី០៥ កក្កដា ១៩៩៧ ខ្ញុំបានធ្វើដំណើរពីផ្សារមាន់អាំង ឆ្ពោះទៅកាន់ម្តុំសំណង់១២ ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះវត្តមានកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់រាយបណ្តាក់គ្នាតាមដងផ្លូវដែលមានលក្ខណៈប្រុងជើងការត្រៀមប្រយុទ្ធជានិច្ច។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកអត្ថបទពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ ដើម្បីទុកជាការចងចាំ។ អត្ថបទនេះ ដកស្រង់ចេញពី និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ។
សភាពការណ៍ដ៏គួរឱ្យភ័យខ្លាចនៅទីក្រុងភ្នំពេញ បានឈានទៅដល់ភាពតានតឹងបំផុត នៅក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៩៧។ ដោយឡែក ភូមិសាស្ត្រមួយចំនួន នៅក្នុងខណ្ឌដង្កោ ដែលស្ថិតនៅក្នុងបន្ទាយសុវត្ថិភាពតាំងកសាង នៃកងរក្សាព្រះអង្គ ប្រជាជននៅទីនោះមានការភ័យរអា ព្រោះស្ទើរតែរៀងរាល់ថ្ងៃ កងវរសេនាតូចជាច្រើនក្រុមរបស់បន្ទាយតាំងកសាង បានប្រកាសអាសន្នចេញល្បាតក្នុងលក្ខណៈ ត្រៀមជាប់ជានិច្ចក្នុងរង្វង់ចម្ងាយពី ១គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះ បានចាប់ផ្តើមបង្ខំឱ្យគណៈកម្មការចម្រុះ ដោះស្រាយបាតុភាព មិនប្រក្រតីរបស់រាជរដ្ឋាភិបាល ចាត់វិធានការចុះត្រួតពិនិត្យ”។
លោកបណ្ឌិតគិន ភា បានសរសេរបន្តថា “គ្មាននរណាអាចស្មានដល់ថា មានការផ្ទុះអាវុធដ៏ធំនៅក្រុងភ្នំពេញដូច្នេះទេ។ បន្ទាប់ពីកម្លាំង ដែលមានភក្តីភាពនឹងគណបក្សប្រជាជនកម្ពុជា ដោះស្រាយកម្លាំងអនាធិបតេយ្យនៅព្រែក តាទែន ក្នុងស្រុកពញាឮ តាមបណ្តោយផ្លូវជាតិលេខ៥ និងដោះស្រាយកម្លាំងអនាធិបតេយ្យ នៅក្បែរវត្តព្នៀត ស្រុកអង្គស្នួល មកសម្តេច ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧ ដោយបានបញ្ជាក់ពីសកម្មភាពកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល នៅពេលនោះ គឺរៀបចំឡើង ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជន និងពង្រឹងការអនុវត្តច្បាប់ជាធរមានទាំងឡាយរបស់រដ្ឋ ពីព្រោះកន្លងមក មានកើតឡើងនូវអំពើល្មើសច្បាប់មួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាជនទាំងមូល។
ដោយអនុវត្តតាមស្មារតីនៃបទបញ្ជារបស់សហអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធកម្ពុជា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងសេចក្តីប្រកាសរបស់គណៈកម្មការចម្រុះនៃរាជរដ្ឋាភិបាល ដោះស្រាយបាតុភាពមិនប្រក្រតី ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ១៩៩៧ ព្រមទាំងសេចក្តីថ្លែងការណ៍របស់សម្តេចហ៊ុន សែន កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះបង្ក្រាបកម្លាំងដែលមានភក្តីភាពចំពោះហ៊្វុនស៊ិនប៉ិច នៅចំណុចមួយចំនួន ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ ជាពិសេស ម្តុំផ្ទះលោកចៅ សម្បត្តិ អូរបែកក្អម និងផ្ទះលោកញឹក ប៊ុនឆៃ ម្តុំសំណង់១២ ដែលស្ថិតនៅខាងត្បូងអតីតមន្ទីរពេទ្យលោកសង្ឃ។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលភារៈដឹកនាំកម្លាំង មួយផ្នែកដើម្បីបង្ក្រាបកម្លាំងដែលមានភក្តីភាព ចំពោះហ៊្វុនស៊ិនប៉ិចនោះ បានឱ្យដឹងថា ដំបូងឡើយកម្លាំងរាជរដ្ឋាភិបាល គ្មានគម្រោងផ្ទុះអាវុធ ឬចាប់ខ្លួនលោកញឹក ប៊ុនឆៃ លោកចៅ សម្បត្តិ ទេ គឺមានគម្រោងតែដកអាវុធនៅផ្ទះ លោកចៅ សម្បត្តិ ដែលធ្វើឡើងបន្ទាប់ពីបានដកអាវុធនៅបន្ទាយស្រែអម្ពិល (អង្គស្នួល) រួចមក។ បន្ទាប់ពីនោះនឹងធ្វើការដកហូតអាវុធ នៅផ្ទះលោកញឹក ប៊ុនឆៃ និងផ្ទះអស់លោកមួយចំនួនទៀតនៅក្នុងសំណង់១២ ដែលមានអាវុធ ខុសច្បាប់ជាច្រើននៅទីនោះ។ ក៏ប៉ុន្តែនៅពេល ដែលកម្លាំងរាជរដ្ឋាភិបាល ចូលទៅដកអាវុធនៅផ្ទះលោកចៅ សម្បត្តិ ក៏មានការផ្ទុះអាវុធ បាញ់សម្រុកមកលើកម្លាំងរាជរដ្ឋាភិបាលវិញ យ៉ាងខ្លាំងក្លា នៅវេលាម៉ោង៣រសៀល ក្នុងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧ ដែលជាពេលវេលាចាប់ផ្តើមផ្ទុះសង្គ្រាមនៅក្នុងរាជធានីភ្នំពេញ ប៉ែកខាងលិច ធ្វើឱ្យកក្រើករាជធានីភ្នំពេញទាំងមូល”។
លោកបណ្ឌិតគិន ភា បានសរសេររៀបរាប់ពីហេតុការណ៍នោះបន្តថា “លោកឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ឱ្យដឹងទៀតថា នៅវេលាម៉ោង៣រសៀលនាថ្ងៃនោះ (ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧) កម្លាំងរបស់លោក សហការជាមួយ កម្លាំងខណ្ឌឫស្សីកែវ មានភារកិច្ចចូលដកអាវុធ នៅផ្ទះលោកចៅ សម្បត្តិ តែត្រូវកម្លាំងរបស់លោកចៅ សម្បត្តិ គប់គ្រាប់បែក និងបាញ់កាំភ្លើង បេ-៤០ និងកាំភ្លើង DK ទៅលើកម្លាំងរបស់លោក មុនក្នុងពេលដែលលោកកំពុងទាក់ទង តាមវិទ្យុទាក់ទង និងតាមឧគ្ឃោសនសព្ទ។ នៅពេលដែលកម្លាំងរបស់លោកចៅ សម្បត្តិ ប្រហែល ១០០នាក់ បាញ់ទៅលើកម្លាំងរបស់លោកហើយកម្លាំងរបស់លោកក៏បាញ់តបតការពារខ្លួនវិញ បង្កើតបានជាការប្រយុទ្ធគ្នានៅពេលនោះទៅ។
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៧ ការប្រយុទ្ធគ្នានៅម្តុំផ្ទះចៅ សម្បត្តិ អូរបែកក្អម និងនៅផ្ទះលោកញឹក ប៊ុនឆៃ សំណង់១២ បានបន្តយ៉ាងខ្លាំងក្លា។ កងកម្លាំងអន្តរាគមន៍របស់រាជរដ្ឋាភិបាល ត្រូវបានបញ្ជូនមកពីភូមិភាគ៣ ភូមិភាគ២ ពីអង្គភាព ង៧០ ពីអង្គភាពឆត្រយោងពីយោធភូមិភាគពិសេស ដើម្បីជួយដល់កម្លាំងរាជរដ្ឋាភិបាល ដែលកំពុងទប់ទល់យ៉ាងត្រដាបត្រដួសជាមួយនឹងកម្លាំង ដែលមានភក្តីភាពចំពោះហ៊្វុនស៊ិនប៉ិច។ កម្លាំងទាំងនោះ មួយចំនួនដាក់នៅខាងត្បូង និងខាងលិចព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង និងវាយយកបន្ទាយតាំងកសាង នៅពេលដែលលោកញឹក ប៊ុនឆៃ បានបញ្ជាទ័ពឱ្យវាយចូលទីក្រុងភ្នំពេញ កម្លាំងមួយចំនួនទៀត យកទៅជួយទប់ម្តុំតោពីរ ត្រឡោកបែកទំនប់ទួលគោក ដែលជាមុខព្រួញវាយលុករបស់កម្លាំងដែលមានភក្តីភាពចំពោះ ហ៊្វុនស៊ិនប៉ិច។
នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែកក្កដា កម្លាំងរបស់លោកញឹក ប៊ុនឆៃ នៅព្រលានយន្តហោះ និងនៅបន្ទាយតាំងកសាង បានចាប់ដៃគ្នាលើមហាវិថីសហព័ន្ធរុស្ស៊ី ហើយវាយលុកតម្រង់មកផ្សារពោធិ៍ចិនតុង និងឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី និងតាមផ្លូវដែកដែលមានការគាំទ្រពីរថក្រោះ៦គ្រឿង និងមានកម្លាំងថ្មើរជើងប្រមាណ៣០០នាក់ ដើម្បីចាប់ដៃជាមួយកម្លាំងរបស់លោកចៅ សម្បត្តិ នៅអូរបែកក្អម និងកម្លាំងនៅសំណង់១២ ផ្ទះលោកញឹក ប៊ុនឆៃ និងវាយលុកចូលភ្នំពេញ។ ទិសដៅរបស់លោកញឹក ប៊ុនឆៃ គឺច្បាមកាន់អគ្គសេនាធិការក្រសួងការពារជាតិ កាន់កាប់ទីស្តីការគណៈរដ្ឋមន្ត្រី និងចំណុចសំខាន់ៗមួយចំនួនទៀតនៅក្រុងភ្នំពេញ។
ពេលដែលកម្លាំងលោកញឹក ប៊ុនឆៃ វាយលុកឆ្ពោះមករាជធានីភ្នំពេញ កម្លាំងរាជអាវុធហត្ថ ប៉ូលិស និងជីវពលរបស់ខណ្ឌដង្កោ ប្រមាណ ១០០នាក់ ដែលមានកាំភ្លើងដៃនោះ មិនបានតបតជាមួយកម្លាំងលោកញឹក ប៊ុនឆៃ ដែលមានរថក្រោះ និងអាវុធទំនើបៗនោះទេ។ កម្លាំងទាំងនោះបានលាក់អាវុធ ដូរខោអាវ ហើយបណ្តោយឱ្យកម្លាំងលោកញឹក ប៊ុនឆៃ និងនួន ប៉ែត (នួន ប៉ែត ជាមេខ្មែរក្រហមភ្នំវល្លិ ដែលបានសម្លាប់អ្នកទេសចរបរទេស៣នាក់ គឺ ៖ បារាំង អង់គ្លេស អូស្ត្រាលី) វាយលុកឆ្ពោះមកភ្នំពេញនោះ កម្លាំងរបស់រាជរដ្ឋាភិបាល បានចូលកាន់កាប់ព្រលានយន្តហោះពោធិ៍ចិនតុង និងបន្ទាយតាំងកសាង ហើយធ្វើការបោសសម្អាតពីក្រោយកម្លាំងរបស់លោកញឹក ប៊ុនឆៃ។
លោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងនៃអាវុធហត្ថផ្ទៃប្រទេស បានឱ្យដឹងថា ពេលដែលកម្លាំងរបស់លោកញឹក ប៊ុនឆៃ សម្រុកចូលពីពោធិ៍ចិនតុង ដល់ពេទ្យលោកសង្ឃ និង ត្រឡោកបែក គឺគ្មានកម្លាំងរបស់រាជរដ្ឋាភិបាលទប់ស្កាត់ទេ គឺមានតែទាហានយាមឃ្លាំង និងក្រុមហ៊ុនប៉ុណ្ណោះ ដែលបានរត់ចូលក្នុងក្រុងដែរ។ ចំណែកកម្លាំងរបស់លោកដែលដាក់ ហ៊ុមព័ទ្ធផ្ទះលោកចៅ សម្បត្តិ នោះ ក៏បានដកចេញយកមកដាក់នៅខ្សែត្រៀមត្រឡោកបែក ដើម្បីទប់ទល់កុំឱ្យកម្លាំងលោកញឹក ប៊ុនឆៃ វាយចូលក្រុងបាន។ កម្លាំងរបស់លោកសៅ សុខា គ្មានកាំភ្លើងទប់ទល់ជាមួយរថក្រោះទេ ដោយសារតែលោកនឹកស្មានមិនដល់ថា លោកញឹក ប៊ុនឆៃ អាចនាំទ័ពវាយចូលភ្នំពេញ ទើបមិនបានបំពាក់អាវុធប្រឆាំងរថក្រោះដូច្នេះ។
ពេលដែលកម្លាំងលោកញឹក ប៊ុនឆៃ នួន ប៉ែត ចៅ សម្បត្តិ ចាប់ដៃគ្នាវាយលុកចូលភ្នំពេញ ដោយមានការគាំទ្រដោយរថក្រោះ ៦គ្រឿងផងនោះ លោកសៅ សុខា បានចេញបញ្ជាកម្លាំងរបស់លោកឱ្យលើកកាំភ្លើង DK-75 ដាក់លើផ្លូវ ដើម្បីបាញ់រថក្រោះ តែត្រូវកងកម្លាំងរថក្រោះលោកញឹក ប៊ុនឆៃ មកដល់ ហើយបរកិនកាំភ្លើងនោះបាក់ខ្ទេចអស់។ លោកក៏បានបញ្ជាឱ្យលើកកាំភ្លើង DK-82 មួយដើមទៀត បាញ់ទៅលើរថក្រោះ ត្រូវបីគ្រាប់ តែមិនឆេះ ហើយបែរកាណុងបាញ់ក្បួនរថយន្តលោកញឹក ប៊ុនឆៃ ចំនួន៧គ្រឿង ដែលបរចូលតាមផ្លូវរថភ្លើងម្តងវិញ ធ្វើឱ្យបែកខ្ចាត់ខ្ចាយពីរថយន្តនោះ។
ការប្រយុទ្ធគ្នានៅសរមភូមិត្រឡោកបែក តោពីរ ជាប់នឹងសាកលវិទ្យាល័យភ្នំពេញ បានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ចាប់តាំងពីម៉ោងដប់ព្រឹក រហូតដល់ព្រលប់ ទើបស្ងប់វិញ។ ចាប់តាំងពីព្រលឹមទល់ព្រលប់ស្នូរកាំភ្លើងបានលាន់ឮឡើងកក្រើកទីក្រុងភ្នំពេញទាំងមូល។ នៅកន្លែងប្រយុទ្ធគ្នានៅម្តុំសំណង់១២ អូរបែកក្អម ទឹកថ្លា ភ្នំពេញថ្មី ត្រឡោកបែក គេឃើញភ្លើងឆេះមានផ្សែងខ្មួលខ្មាញ់អណ្តែតទៅលើអាកាស។ ប្រជាជនខ្លះដែលបានជាប់កុននៅក្នុងសមរភូមិ ត្រូវបានទទួលរងគ្រោះដោយគ្រាប់កាំភ្លើង ខ្លះស្លាប់ ខ្លះត្រូវរបួស។ ប្រជាជនរាប់ពាន់នាក់ទៀត បានភៀសខ្លួនចូលរាជធានីភ្នំពេញ រកកន្លែងសុវត្ថិភាពរៀងៗខ្លួនហើយប្រជាជនរាប់ពាន់នាក់ទៀត បានភៀសខ្លួនចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ 6A ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដើម្បីគេចឱ្យឆ្ងាយពីការប្រយុទ្ធគ្នា។ តែប្រជាជនភាគច្រើនបានសម្ងំលាក់ខ្លួនតាមផ្ទះរៀងៗខ្លួន និងតាមដានសភាពការណ៍ ដោយក្តីតក់ស្លុតរកស្មានមិនត្រូវ។ ការប្រយុទ្ធគ្នា ត្រូវបានបញ្ចប់នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយកម្លាំងរបស់រាជរដ្ឋាភិបាល ជាអ្នកទទួលជោគជ័យ”។
លោកគិន ភា បានសរសេរបន្តទៀតថា “ប្រជាជនមិនអាចយល់ថា ហេតុអ្វីបានជាមានការប្រយុទ្ធគ្នាឡើងនោះទេ។ ពួកគេភ័យខ្លាចថា សង្គ្រាមស៊ីវិលបានវិលមកវិញដូចខ្មោចពីអតីតកាល ដែលគេមិនចង់ឃើញ។ ប្រជាជន កម្ពុជា ដែលបើកវិទ្យុអាមេរិកស្តាប់ឮព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ចោទសម្តេចហ៊ុន សែន ថា បានធ្វើរដ្ឋប្រហារប្រឆាំងព្រះអង្គ។ រដ្ឋាភិបាល ច្រានចោលការចោទប្រកាន់នោះ។ រដ្ឋាភិបាលនិយាយថា បើសិនជាសម្តេចហ៊ុន សែន មានចេតនាធ្វើរដ្ឋប្រហារសម្តេចនឹងមិនទៅវិស្សមកាលនៅក្រៅប្រទេសទេ ហើយថា សម្តេចនឹងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីចាត់ចែងសកម្មភាព។ រដ្ឋាភិបាលនិយាយថា ផ្ទុយទៅវិញការប្រយុទ្ធគ្នាត្រូវបានរៀបចំ និងបើកឡើងដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលមានវត្តមាននៅទីក្រុងភ្នំពេញ មុនការប៉ះទង្គិចគ្នា នៅពេលដែលសម្តេចហ៊ុន សែន នៅក្រៅប្រទេស។ ដោយបានធ្វើដូច្នេះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គេចខ្លួនយកសុវត្ថិភាព ទៅក្រុងបាងកក តែប៉ុន្មានម៉ោង មុននឹងការប្រយុទ្ធបានផ្ទុះឡើង។ ការបកស្រាយព្រឹត្តិការណ៍របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ផ្ទុយស្រឡះ ព្រះអង្គមិនបានធ្វើអ្វីខុសច្បាប់ ឬបង្កហេតុទេ ហើយថា កម្លាំងរបស់សម្តេចហ៊ុន សែន បើកការប្រយុទ្ធមុន (Harish C. Mehta & Julie B.Mehta ៖ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា ទំព័រ១៥៩)។
សម្តេចហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយបានអះអាងថា ព្រឹត្តិការណ៍ដែលបានកើតឡើងមិនមែនជាជម្លោះរវាងគណបក្សមួយ និងគណបក្សមួយ មិនមែនជាសង្គ្រាមស៊ីវិល មិនមែនជារដ្ឋប្រហារដណ្តើមអំណាច ដូចព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានប្រកាសនៅបរទេសនោះទេ ព្រោះគ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួន គ្មានច្បាប់អាជ្ញាសឹក គ្មានកំណែនទូទៅ តែជាការបង្ក្រាបបទល្មើសច្បាប់ ដែលមានចរិតយោធា នយោបាយ និងសន្តិសុខជាតិ ដែលព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងបក្សពួកជ្រុលនិយមបានបង្កឡើង។ សម្តេចហ៊ុន សែន បានប្រកាសពីការបន្តនិរន្តរភាពរបស់រដ្ឋធម្មនុញ្ញនិរន្តរភាពនៃច្បាប់នានារបស់រាជរដ្ឋា ភិបាល និរន្តរភាពនៃរដ្ឋសភា និរន្តរភាពនៃស្ថាប័នគ្រប់ផ្នែក គ្រប់ថ្នាក់ និងនិរន្តរភាពនៃមន្ត្រីរាជការ។
នៅរាជធានីភ្នំពេញ សភាពការណ៍បានវិលទៅរកប្រក្រតីភាពវិញជាបណ្តើរៗ ប្រជាជន ដែលបានរត់ចេញពីផ្ទះសម្បែងបានវិលមកវិញជាបន្តបន្ទាប់។ បម្រាមគោចរដែលបានបិទនៅពេលយប់ថ្ងៃទី៥ ទី៦ ខែកក្កដា ពីម៉ោង៨យប់ ដល់ម៉ោង ៦ភ្លឺនោះបានបើកឡើងវិញ។ ក្រោយពីការផ្ទុះអាវុធបានបញ្ចប់ អំពើអនាធិបតេយ្យ មួយបានកើតឡើង គឺករណីចូលគាស់ផ្ទះយកទ្រព្យសម្បត្តិ ចូលយកម៉ូតូ ឡាន តាមឃ្លាំង នានា និងចូលយកសម្ភារបរិក្ខារតាមរោងចក្រកាត់ដេរមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ និងពីសំណាក់កម្លាំងប្រដាប់អាវុធខ្លះដែលខ្វះវិន័យ។ ប៉ុន្តែ ភ្លាមៗនោះ នាយអគ្គសេនាធិការ បានចេញបញ្ជាមួយភ្លាម ដើម្បីរាំងស្កាត់បាតុភាព នេះ ដោយប្រកាសកម្លាំងប្រដាប់អាវុធចេញពីរាជធានីភ្នំពេញ និងឱ្យគ្រប់មេបញ្ជាការពង្រឹងវិន័យកម្លាំងរបស់ខ្លួនឡើងវិញ។
ទន្ទឹមនឹងនោះដែរ ថ្វីបើការប្រយុទ្ធគ្នាបានបញ្ចប់នៅទីក្រុងភ្នំពេញមែន តែការប្រយុទ្ធគ្នា នៅបានបន្តនៅតាមព្រំដែន និងតាមផ្លូវទូត។ ដើម្បីរក្សាជំហរទប់ទល់នឹងសម្តេច ហ៊ុន សែន ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានបង្កើតកម្លាំងតស៊ូប្រដាប់អាវុធមួយ ដែលដឹកនាំដោយឧត្តមសេនីយ៍ដ៏មានភក្តីភាពរបស់ព្រះអង្គគឺលោកញឹក ប៊ុនឆៃ។ មូលដ្ឋាននៃចលនាតស៊ូនេះស្ថិតនៅអូរស្មាច់តាមព្រំដែនខ្មែរ-ថៃ នៅក្នុងតំបន់ភ្នំនៃប៉ែកពាយ័ព្យនៃប្រទេស កម្ពុជា។ អូរស្មាច់ ជាបន្តមកទៀត បានក្លាយជានិមិត្តរូបនៃចលនាតស៊ូប្រឆាំងហ៊ុន សែន។ មូលដ្ឋានផ្សេងទៀត នៃចលនាតស៊ូពួកខ្មែរក្រហម គឺបានបង្កើតឡើង នៅភាគខាងលិចនៃប្រទេសតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដូចជាសំឡូត ជាដើម (Ros Chantrabot, Cambodge, La Répetition de l’Histoire (De 1991 aux élections de juillet 1998), p. 205.) ។
នៅឯក្រៅប្រទេសវិញ ជាមួយនឹងអតីតអ្នកគាំទ្រព្រះអង្គ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានបង្កើតប្រព័ន្ធនយោបាយមួយមានឈ្មោះថា (សហព័ន្ធអ្នកប្រជាធិបតេយ្យកម្ពុជា) ដោយមានសមាសភាពចូលរួមគឺ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សជាតិខ្មែរ គណបក្សកម្ពុជាអព្យាក្រឹត និងសមាគមមួយចំនួនទៀត (Ros Chantrabot, Cambodge, La Répetition de l’Histoire (De 1991 aux élections de juillet 1998) , p. 205.)»។
លោកបណ្ឌិតគិន ភា បានសរសេររៀបរាប់បន្តទៀតថា (បើទោះបីជាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលភៀសព្រះកាយនៅក្រៅប្រទេស ហើយនៅតែធ្វើការដោយប្រដាប់អាវុធ និងផ្លូវទូត ប្រឆាំងនឹងសម្តេចហ៊ុន សែន ក៏ដោយ ក៏ស្ថានការណ៍នយោបាយបានវិលមកកាន់ប្រក្រតីភាពជាបណ្តើរៗ។ រាជរដ្ឋាភិបាលបានបន្តការងារប្រចាំថ្ងៃ ក្នុងរដ្ឋាភិបាលចម្រុះ ដែលមានគណបក្សមានអាសនៈនៅរដ្ឋសភាដដែល។ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន ដែលមានការចូលរួមយ៉ាងទូលំទូលាយពីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃគណបក្សប្រជាជនកម្ពុជា ហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា និងទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្ត្រីទី២ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីកាតព្វកិច្ចធ្វើស្ថិតិ។ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៧ គណៈរដ្ឋមន្ត្រី បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួនជាបន្តបន្ទាប់ទៀត ក្រោមអធិបតីភាពសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដើម្បីអនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៧ សមាជិកគណៈកម្មាធិការនាយកហ៊្វុនស៊ិនប៉ិច ដែលមានវត្តមាននៅកម្ពុជា បានធ្វើការប្រជុំគ្នា ដើម្បីធ្វើការបង្រួបបង្រួមគ្រប់ក្រុមទាំងអស់នៃហ៊្វុន ស៊ិនប៉ិច ជាពិសេសក្រុមលោកទន់ ចាយ ឱ្យ មានឯកភាពបក្សឡើងវិញ និងបន្តនិរន្តរភាពរបស់បក្ស ព្រមទាំងជ្រើសរើសលោកអ៊ឹង ហួត ដែលជាសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបេក្ខជននាយករដ្ឋមន្ត្រីទី១ ជំនួសព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ។ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៩៧ តំណាងរាស្ត្រ ហ៊្វុនស៊ិនប៉ិច ដែលរត់គេចទៅកាន់ទីក្រុងបាងកក ក្រោយហេតុការណ៍ថ្ងៃ៥-៦ ខែកក្កដា បានវិលមកកម្ពុជាវិញជាបណ្តើរៗ។
រដ្ឋសភា ដែលគាំងដំណើរអស់រយៈពេល៧ខែ មកហើយនោះ ក៏បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី១ របស់ខ្លួនឡើងវិញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៧ ហើយបន្តដំណើរការងារជាប្រក្រតី។
ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៧ សមាជិករដ្ឋសភា ចំនួន ៩៨រូប លើ ៩៩រូប ដែលបានចូលរួមប្រជុំ បានអនុម័តដោយលើកដៃគាំទ្រការលើកអភ័យឯកសិទ្ធិសភា ពីព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ។ រដ្ឋសភា បានសម្រេចកិច្ចការដ៏សំខាន់មួយទៀត ដើម្បីធានានិរន្តរភាពនៃរដ្ឋាភិបាលចម្រុះ ដែលកើតចេញពីការបោះឆ្នោតឆ្នាំ១៩៩៣ ដោយបានធ្វើការបោះឆ្នោតដោយសម្ងាត់ ជ្រើសរើសលោកអ៊ឹង ហួត ជានាយករដ្ឋមន្ត្រីទី១ ជំនួសព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដោយមានសំឡេងគាំទ្រចំនួន ៨៦សំឡេង ប្រឆាំងចំនួន ៤សំឡេង អនុបវាទចំនួន ៦សំឡេង និងឆ្នោត មិនបានការចំនួន ៣សំឡេង។ ការអំពាវនាវរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៧ និងការអំពាវនាវរបស់ប្រធានស្តីទីនៃ រដ្ឋសភា ក៏ដូចជាកិច្ចប្រឹងប្រែងរបស់សមាជិក ហ៊្វុនស៊ិនប៉ិច ក្នុងការពន្យល់នាយទាហាន ពល ទាហាន ដែលបានចាកចេញពីស្រុកនោះ ឱ្យវិល មកប្រកបជីវភាពនយោបាយ និងជួបជុំគ្រួសារ ដូចដើមវិញ)៕
ខៀវទុំ