ខណៈដែលលោកស្រីសាស្ត្រាចារ្យរ៉ូណា ស៊្មីត (Rhona Smith) អ្នករាយការណ៍អង្គការសហប្រជាជាតិ (អ.ស.ប) ផ្នែកសិទ្ធិមនុស្ស ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា មានសេចក្តីព្រួយបារម្ភពីការកើនឡើងនៃការឃុំខ្លួនបណ្តោះអាសន្ន នូវជនសង្ស័យ ធ្វើឱ្យពន្ធនាគារណែនចង្អៀតនោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបំភ្លឺថា មកពីសមត្ថកិច្ចកំពុងបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដោយចាប់បានជនសង្ស័យរាល់ថ្ងៃ ឯពន្ធនាគារ មិនទាន់មានអគារបន្ថែម។ ទោះយ៉ាងណា ការព្រួយបារម្ភពីការឃុំខ្លួននេះ បើប្រៀបធៀប “ប្រព័ន្ធយុត្តិធម៌បុរាណ និងសម័យ” ឃើញថា បច្ចុប្បន្នមានលក្ខណៈ “ធូរស្រាលជាង” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ដោយហេតុថា ករណីគ្រឿងញៀន ចោរកម្ម និងបទល្មើសផ្សេងៗទៀត កើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលអគារ ពន្ធនាគារកាន់តែចង្អៀតនោះ ធ្វើឱ្យបេសកជន អ.ស.ប ប្រចាំកម្ពុជា មានការព្រួយបារម្ភពាក់ព័ន្ធដល់ផ្នែកសិទ្ធិមនុស្ស។ បើលើកយករឿងព្រួយបារម្ភនេះមកវិភាគឱ្យល្អិតល្អន់ទៅប្រទេសណាក៏មានគុកសម្រាប់ឃុំឃាំងជនល្មើសដែរ ដូចគុកនៅប្រទេសហ៊្វីលីពីន ជាដើម អ្នកទោសត្រូវដេកគងជើងគ្នារដូករណែល ព្រោះតែគុកចង្អៀត។ ជួនកាលសំណុំរឿងច្រើនពេក ឬថាសំណុំរឿងបទល្មើសគរដូចដំបូក ធ្វើឱ្យមានការយឺតយ៉ាវក្នុងការបញ្ជូនជនសង្ស័យឡើងតុលាការ ប៉ុន្តែបើប្រៀបធៀប “ប្រព័ន្ធយុត្តិធម៌សព្វថ្ងៃ និងប្រព័ន្ធយុត្តិធម៌បុរាណ” យើងមើលឃើញថា បច្ចុប្បន្ន គ្រាន់បើជាងឆ្ងាយណាស់ ដែល “នគរធំ” សូមបង្ហាញដោយត្រួសៗពីប្រព័ន្ធច្បាប់បុរាណ តាំងពីសម័យអង្គរ រហូតដល់បច្ចុប្បន្ន។
កាលពី “សម័យអង្គរ” អំណាចគ្រប់បែបយ៉ាង នៅលើអង្គព្រះមហាក្សត្រ ប៉ុន្តែមានសេនាធិការប្រចាំក្រសួងនីមួយៗ គឺក្រសួងយុត្តិធម៌ មានមន្ត្រីជាន់ខ្ពស់ម្នាក់គ្រប់គ្រង មានគោរមងារជា “ប្រតេងខ្លោញសភាបតី”។ នាហ្មឺនធំនេះទទួលខុសត្រូវ លើប្រព័ន្ធតុលាការទូទាំងប្រទេស និងត្រូវនាំសេចក្តីឡើងក្រាបបង្គំទូលព្រះមហាក្សត្រ ដែលជា “ចៅក្រមកំពូល” ពោលគឺ បើមានរឿងក្តីក្តាំណា កូនក្តីរងអយុត្តិធម៌ កើតទុក្ខមិនសុខចិត្ត ព្រះមហាក្សត្រនឹងត្រាស់បង្គាប់យករឿងក្តីនោះមកថ្វាយព្រះអង្គវិនិច្ឆ័យ ជាចុងក្រោយ។ ក្នុងករណីរកការពិតមិនឃើញ ត្រូវឡើងដល់ “តុលាការអាទិទេព” ពោលគឺត្រូវបញ្ចូលពិរុទ្ធជនទៅក្នុង “គុកសួគ៌”។ នារជ្ជកាលព្រះបាទជយវរ្ម័នទី៧ បានយកប្រាសាទ១២ ឬប្រាសាទសួព្រ័ត្រ ធ្វើជាគុកសួគ៌ ដោយរៀបគ្រឿងសក្ការបូជា ថ្វាយព្រះអាទិទេព រួចបញ្ចូលជនជាប់ចោទទៅក្នុងប្រាសាទ ដោយឃុំខ្លួន១យប់។ លុះព្រឹកឡើង បើឃើញជនជាប់ចោទណា ចេញកមរមាស់ ឬឃ្លង់ស្រែងប្រតាកពេញខ្លួន ក៏សន្មតថា ជាឧក្រិដ្ឋជន ប៉ុន្តែ បើគ្មានផលរមាស់អ្វីនោះ ចាត់ទុកជាមនុស្សសុចរិត រងការចោទ ប្រកាន់ទាំងបំពាន តម្រូវឱ្យដោះលែងវិញ។ អ្នកទោសជាប់ពន្ធនាគារ ត្រូវរងទារុណកម្មធ្ងន់ណាស់ ជាពិសេស ត្រូវឆ្មាំគុកកាត់ ម្រាមជើងទុកជាចំណាំ លុះរួចខ្លួនមានសេរីភាពវិញ ក៏នៅតែគ្មានសិទ្ធិចូលរាជធានីអង្គរ ព្រោះច្បាប់ជំនាន់នោះ ចែងថា “សត្វឆ្កែ និងមនុស្សកំបុតម្រាមជើង (អតីតអ្នកទោស) ហាមចូលក្រុង” នេះបើយោងតាម ឯកសារជីវតាក្វាន់ អ្នកការទូតចិន។
ចូលមកដល់សម័យលង្វែកឧដុង្គ ប្រព័ន្ធយុត្តិធម៌នៅក្រោមការគ្រប់គ្រងរបស់នាហ្មឺនក្នុងក្រុមចតុស្តម្ភ មានគោរមងារជា “ឧកញ៉ាយមរាជ”។ នាហ្មឺនរូបនេះ ត្រូវនាំសេចក្តីឡើងរាយការណ៍ជូន “សម្តេចចៅហ៊្វាទឡ្ហៈ” (នាយករដ្ឋមន្ត្រី) ដោយមានបង្កើតសាលាក្តីតាមលំដាប់លំដោយ។ ច្បាប់តុលាការសម័យលង្វែក មានបន្សល់ទុកតាមរយៈការស្រាវជ្រាវរបស់លោក អាដេម៉ារ ឡឺគ្លែរ (Adhémard Leclere) អ្នកប្រាជ្ញាបារាំង ចែកជាក្រមផ្សេងៗដូចជា ក្រមក្បត់សឹក, ក្រមចោរកម្ម, ក្រមទទួលបណ្តឹង កាត់បណ្តឹង, ក្រមទសភរិយា, ក្រមបំណុល, ក្រមពហុលទេព, ក្រមអាជ្ញហ្លួង, ក្រមព្រះធម្មសាស្ត្រា, ក្រមព្រះ រាជក្រឹត្យសង្ឃការី, ក្រមមរតក និងក្រមវិវាទជាដើម។ ការផ្តន្ទាទោសឧក្រិដ្ឋជនសម័យនោះ សុទ្ធតែមានទោសប្រហារជីវិត ដោយកាត់ក្បាលដោតជាបម្រាម និងធ្វើទារុណកម្មអ្នកទោសធ្ងន់ធ្ងរណាស់ មុននឹងបណ្តើរយកទៅកាប់ចោល។
លុះឆ្លងមកដល់សម័យអាណាព្យាបាលបារាំង ប្រព័ន្ធយុត្តិធម៌កាន់តែធ្ងន់ជាងមុនទៅទៀត ដោយមានបង្កើតសាលាក្តី តាំងពី សាលាលហុ សាលាដំបូង សាលាវិច្ឆ័យ សាលាលុឃុន សាលាបញ្ជាន់សិង្ហ និងសាលាឧក្រិដ្ឋ។ ក្នុងករណីខ្លះ អ្នកទោសមានសិទ្ធិ “វាយស្គររងដីកា” តវ៉ាឡើងដល់ព្រះមហាក្សត្រ បើសិនជាចៅក្រម ជំនុំខ្វះធម៌អព្យាក្រឹត ឬលម្អៀងទៅតាមលាភសក្ការៈ។ ព្រះបាទនរោត្តម (ហ្លួងសុវណ្ណកោដ្ឋ្ឋ) បានតែងតាំងព្រះអង្គម្ចាស់ ហស្សកណ្ឌ ព្រះរាជបុត្រច្បង ជាចាងហ្វាងសាលាបញ្ជាន់សិង្ហ ព្រោះតែចាងហ្វាង មុននោះអគតិ។ ទោះយ៉ាងណា ការធ្វើទារុណកម្មអ្នកទោស មានភាពសាហាវឃោរឃៅខ្លាំងណាស់ ដូចជាជនល្មើសរឹងទទឹងមិន ព្រមសារភាព ក៏ត្រូវឆ្មាំគុកចាប់មកចង “ទះកំផ្លៀង” ឱ្យរាងចាល។ របៀបទះកំផ្លៀងនោះ គេប្រើឈើមូលធំជាងគ្រាប់អង្គញ់បន្តិច ដោយមានដងសម្រាប់កាន់ដូចរ៉ាក្កែតវាយសី ដែលឧបករណ៍នេះ ហៅថា “ប៉ែន”។ បើជនសង្ស័យណាមាត់រឹង គេយកប៉ែន ទៅទះកំផ្លៀងរហូតដល់បាក់ធ្មេញក៏មានដែរ បន្ទាប់មកក៏យកទៅដាក់ “ជង្គង់ត្រដក់”។ ជង្គង់ត្រដក់ គឺជាខ្នោះជើងមួយប្រភេទ ដោយដាក់កងដែក នៅកជើងទាំងសងខាង រួចយកដែក ប៉ុនមេដៃ ប្រវែងជិត១ម៉ែត្រ មកភ្ជាប់កែងជើងទាំងពីរ ពេលដើរចេញទៅណាម្តងៗ អ្នកទោសនោះត្រូវដើរកន្ធែកជើងទីងទាងៗ ធ្ងន់នឹងដែកផង ត្រូវគេប្រើឱ្យកិនស្រូវបុកអង្ករផង រត់ទៅណាក៏មិនរួច វេទនាជាពន់ពេក។ លុះដល់តុលាការកាត់ទោស ត្រូវប្រហារជីវិត ក៏យកទៅចងមុខនឹងក្រណាត់ខ្មៅ ឱ្យលុតជង្គង់ប្រណម្យក្បែររណ្តៅ ទើបពេជ្ឈឃាត “រាំក្បាច់ស្រងែពេន” កាប់ ក្បាលអ្នកទោសនោះយកទៅដោតនៅផ្លូវត្រឡែងកែង ឯដងខ្លួនកប់ចោល។
ចូលមកដល់សម័យប៉ុល ពត ប្រធានភូមិ ប្រធានកង គណៈឃុំ គណៈស្រុក បានក្លាយជាចៅក្រមមានសិទ្ធិកាត់ទោស “ខ្មាំងប្រឆាំងបដិវត្តន៍” ដោយយកទៅសម្លាប់វាល់វាល ដែលយើងមិនបាច់សរសេរវែងឆ្ងាយ ព្រោះប្រជាពលរដ្ឋខ្មែរ ដែលមានវ័យចាស់ សុទ្ធតែបានជ្រាបជាទូទៅ។
ដូច្នេះយើងឃើញថា បើយក “ប្រព័ន្ធតុលាការបុរាណ និងសម័យ” មកប្រៀបធៀបគ្នាឃើញថា “ប្រព័ន្ធយុត្តិធម៌សម័យនេះ គ្រាន់បើជាង”។ គ្រាន់បើត្រង់គ្មានការធ្វើទារុណកម្មអ្នកទោស បើកសិទ្ធិឱ្យកូនក្តីនិយាយតាមចិត្ត សូម្បីតែលោកគឹម សុខ ទ្រគោះបោះបោកឱ្យតុលាការ ឬហ៊ានប្រមាថនាយករដ្ឋមន្ត្រី ក៏ឆ្មាំគុកមិនហ៊ានធ្វើអ្វីដែរ។ បើដូចពីបុរាណ ទណ្ឌិតណាដែលរឹងទទឹង ឬហ៊ានប្រមាថថ្នាក់ដឹកនាំបែបនេះ ច្បាស់ជារងទារុណកម្មវាយនឹងប៉ែន ទះកំផ្លៀងបាក់ធ្មេញ ឬយកទៅ “វាយបកក្រមរ” មិនខាន។ របៀបវាយបកក្រមរនោះ មុនដំបូង គេយកអ្នកទោសចងឱ្យដេកផ្កាប់មុខ វាយ១០០រំពាត់ផ្តៅ រហូតដល់សន្លប់ ក៏យកទៅឃុំទុកវិញ។ លុះបាន៣ថ្ងៃ នៅពេលស្នាមរំពាត់ក្លាយជាដំបៅចេញក្រមរពេញខ្លួន ក៏យកទៅវាយមួយសាទៀត ឱ្យរបកក្រមរនោះ ក៏ជាប់ឈ្មោះទារុណកម្មនេះថា “វាយបកក្រមរ”។ សម័យនេះ អ្នកជាប់ទោសមានសិទ្ធិចាយវាយលុយកាក់ទិញចំណីអាហារដែលគេលក់ក្នុងពន្ធនាគារ បានតាមចិត្ត ឱ្យតែមានលុយដែលសាច់ញាតិ ឬក្រុមគ្រួសារយកទៅឱ្យ។ ឆ្មាំពន្ធនាគារគ្រប់រូប គោរពច្បាប់សិទ្ធិមនុស្ស មិនហ៊ានធ្វើទារុណកម្មអ្នកទោសជាដាច់ខាត ប៉ុន្តែ ធម្មតាប្រព័ន្ធ យុត្តិធម៌ តែងតែបម្រើរបបសង្គម។ បានន័យថា តុលាការសម័យបារាំងកាត់ទោសតាមច្បាប់បារាំង ជួនកាលលម្អៀងទៅក្នុង “អគតិ៤” រហូតដល់លោកតាមហាកវីង៉ុយ ក្រើនរំព្ញកចៅក្រមជំនាន់នោះថា “ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្តី កុំ ថ្កើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្តី យកឧបេក្ខា”។ ចំណែកតុលាការបច្ចុប្បន្ន ក៏ត្រូវតែធ្វើអ្វីៗបម្រើរបបសង្គមដែរ ដើម្បីរក្សាស្ថិរភាពសង្គម លុបបំបាត់ភាពអនាធិបតេយ្យ ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
សរុបទៅ “ប្រព័ន្ធយុត្តិធម៌បុរាណ និងសម័យ” មានន័យយ៉ាងនេះឯង។ ករណីលោកស្រីរ៉ូណា ស៊្មីត សម្តែងក្តីបារម្ភពីការកើន ឡើងចំនួនអ្នកទោស និងការឃុំខ្លួនបណ្តោះអាសន្នហួសអាជ្ញាយុកាលត្រូវឡើងតុលាការ បណ្តាលឱ្យគុកចង្អៀតណែននោះ គឺមកពី កាលៈទេសៈ។ តើរកគុកឯណាដាក់ បានបើបទល្មើសគ្រឿងញៀនចាប់មិនចេះឈ្នះ ឯចោរលួច ចោរប្លន់ ការប្រើអំពើហិង្សា នៅតែកើនមិនឈប់ឈរ។ ដូច្នេះការឃុំខ្លួនបណ្តោះអាសន្ននេះ បើប្រៀបធៀបនឹងប្រព័ន្ធយុត្តិធម៌បុរាណ ឃើញថា បច្ចុប្បន្នគ្រាន់បើជាង ត្រង់គ្មានការធ្វើទារុណកម្មអ្នកទោស និងគ្មានទោសប្រហារជីវិតនេះឯង ចាត់ទុកថា បានផ្តល់ “សិទ្ធិមនុស្ស” មួយកម្រិតធំហើយ៕
ដោយ អាចារ្យថាំ