Wednesday, November 27, 2024
Homeព្រឹត្តិការណ៍សង្គមនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បន្តជួបពិភាក្សាបញ្ហាព្រំដែន

នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បន្តជួបពិភាក្សាបញ្ហាព្រំដែន

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ុន សែន និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅវិមានសន្តិភាពប្រទេសកម្ពុជា បានបន្តជួបពិភាក្សាបញ្ហាទំនាស់ព្រំដែនរវាងប្រទេសទាំង២ បន្ទាប់ពីមុននេះ សម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន បាន ទៅជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ នៅប្រទេសឡាវ ហើយឡាវក៏ព្រមដកទ័ពចេញទឹកដីកម្ពុជា នៅតំបន់ អូរអាឡៃ ខេត្តស្ទឹងត្រែង នាពេលនោះ ។

ជំនួបរវាងនាយករដ្ឋមន្ត្រី នៃប្រទេស ទាំង២ ខាងលើនេះ បានប្រើពេលជាច្រើនម៉ោង ដើម្បីពិភាក្សាលើកឡើងពីបញ្ហាព្រំដែននៃ ប្រទេសទាំង២ ដែលមិនទាន់បានដោះស្រាយ ចប់នៅឡើយ បើទោះបីឡាវព្រមដកទ័ពចេញ ពីទឹកដីកម្ពុជា នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងក៏ដោយ ក៏បញ្ហាព្រំដែននេះជាបញ្ហាចាំបាច់ដែលប្រទេស ទាំង២ ត្រូវតែដោះស្រាយឱ្យបានរួចរាល់ ដើម្បី ចៀសវាងកុំឱ្យមានការភ័ន្តច្រឡំទៅលើអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក និងដើម្បី បញ្ចៀសនូវការផ្ទុះអាវុធដាក់គ្នា ជំនួសមកវិញ នូវសន្តិភាព ដែលជាបំណងប្រាថ្នារបស់ប្រមុខ រដ្ឋាភិបាលប្រទេសទាំង២ ។

ជាលទ្ធផល នៃជំនួបនោះ កម្ពុជា-ឡាវ បានព្រមព្រៀងគ្នាដោះស្រាយបញ្ហាព្រុំដែនជា កញ្ចប់ ដើម្បីឈានទៅរកការបញ្ចប់ទាំងស្រុង នូវបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក្នុងពេល ដ៏ឆាប់ខាងមុខនេះ។ ពោលគឺបានឯកភាពគ្នា លើចំណុចសំខាន់ៗចំនួន៤ រួមមានដូចជា ៖

១.កម្ពុជា-ឡាវ រួមគ្នាដោះស្រាយបញ្ហា ព្រុំដែនដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ដែល ធានាបាននូវព្រំ ដែនសន្តិភាព មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការល្អរវាងប្រជាជាតិ នៃប្រទេសទាំងពីរ។

២.កម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសបារាំង ដើម្បីស្នើ សុំឱ្យផ្ទេរផែនទី ពីខ្នាត (១/១០០ ០០០) ទៅ ជាផែនទីខ្នាត (១/៥០ ០០០) និងស្នើសុំឱ្យ បារាំងផ្តល់នូវឯកសារពាក់ព័ន្ឋនានា រួមជាមួយ អ្នកឯកទេសផ្នែកផែនទីមកជួយដោះស្រាយ បញ្ហាព្រំដែនផងដែរ។ ព្រោះកាលពីអតីតកាល  គឺកម្ពុជា ឡាវ និងវៀតណាម ធ្លាប់ស្ថិតនៅ ក្រោមអាណានិគមបារាំង។

៣.មិត្តឡាវ បានយល់ព្រមតាមសំណើរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហា៤ចំណុច ដែលនៅសេសសល់ តាមរយៈលិខិតដែលសម្តេច តេជោ ហ៊ុន សែន បានផ្ញើជូនទៅ លោកថង លន់ ស៊ីលីត កាលពីពេលថ្មីៗ កន្លងមកនេះ។ កម្ពុជា-ឡាវ បានឯកភាពគ្នាឱ្យគណៈកម្មាធិការព្រំដែនចុះទៅដោះស្រាយ ដោយផ្ទាល់នៅនឹងកន្លែងនៅតំបន់អូរតាង៉ាវ។

៤.កម្ពុជា-ឡាវ ខិតខំដោះស្រាយបញ្ហា ព្រំដែននេះឱ្យបានចប់ជាស្ថាពរ ដើម្បីទុកជា កេរមរតកសម្រាប់ មនុស្សជំនាន់ក្រោយ នៃ ប្រទេសទាំងពីរ។

ថ្លែងនៅពេលធ្វើសន្និសីទសារព័ត៌មាន ជាមួយលោកថោងលន់ ស៊ីសូលីត នាយករដ្ឋ មន្ត្រីឡាវ ក្រោយបញ្ចប់ជំនួបនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការ ស្នើឱ្យបារាំង ផ្ទេរផែនទីពីខ្នាត ១/១០០ ០០០ មកផែនទីខ្នាត ១/៥០ ០០០ គឺដើម្បីយកមក ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ។ ពោលគឺ មូលដ្ឋានដែលបារាំង ផ្តល់ឱ្យ គឺផែនទីខ្នាត ១លើ ១០០ ០០០។ ប៉ុន្តែការធ្វើខ្សែព្រំដែន មិនអាច ប្រើនូវខ្នាត ១លើ១០០ ០០០ បានទេ ត្រូវប្រើ ខ្នាត ១លើ៥០ ០០០។ ដូច្នេះ វិធីដែលល្អជាង គេ គឺសូមអ្នកបច្ចេកទេសរបស់បារាំង មកជួយ ផ្ទេរផែនទី ពីខ្នាត ១លើ១០០ ០០០ មកខ្នាត ១លើ៥០ ០០០ ដែលជាផែនទីដើមរបស់បារាំង។ ព្រោះបារាំង ដែលធ្លាប់ដាក់អាណានិគមលើ កម្ពុជា-ឡាវ បានបន្សល់ទុកមរតកនេះ ដូច្នេះ ត្រូវតែចូលរួមដោះស្រាយ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា ការអញ្ជើញមករបស់ឯកឧត្តម ថងលុន ថ្ងៃនេះ អាចចាត់ទុកថា ជាដំណាក់កាល ដ៏សំខាន់ ដែលប្រទេសទាំង២ នឹងឈានទៅ បញ្ចប់នូវការដោះស្រាយបញ្ហាព្រំដែន។ កាលពី ថ្ងៃទី១២ ខែសីហា យើងបានជួបគ្នានៅឯទីក្រុង វៀងចន្ទន៍ ហើយថ្ងៃនេះ ថ្ងៃ០១ ខែកញ្ញា យើង ជួបគ្នានៅទីក្រុងភ្នំពេញ។ មានន័យថា នាយក រដ្ឋមន្ត្រីប្រទេសទាំង២ មានទំនាក់ទំនងជិតស្និទ្ធណាស់ ទើបអាចដោះស្រាយបានបញ្ហា បែបនេះ។ បើគ្មានទំនាក់ទំនងផ្ទាល់ខ្លួនរវាងខ្ញុំ  និងឯកឧត្តមថងលុន និងរវាងគ្រួសារយើងទាំង ២នោះទេ ប្រហែលជារឿងនេះពិបាកនឹងដោះស្រាយ។ ខ្ញុំនិងឯកឧត្តមថងលុន បានស្គាល់គ្នា ៣០ឆ្នាំមកហើយ ដូច្នេះបង្កលក្ខណៈឱ្យជឿទុក ចិត្តគ្នា និងអាចនិយាយគ្នាស្ទើរគ្រប់បញ្ហា។ បន្ទាប់ពីការពិភាក្សា ដោយឡែកទាំង២នាក់ យើងបានព្រមព្រៀងគ្នា ៤ចំណុច ដែលជា បញ្ហាសំខាន់សម្រាប់ការដោះស្រាយនៅពេល ខាងមុខនេះ។ ទី១ នៅប៉ុន្មានថ្ងៃខាងមុខទៀត រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំង២ នឹងប្រជុំ នៅទីក្រុងភ្នំពេញនេះ ដើម្បីស្វះស្វែងរកដោះ ស្រាយរកការស្រុះស្រួល និងរកការយោគយល់ គ្នា។ ទី២ ភាគីមិត្តឡាវ ក៏បានយល់ព្រមតាម សំណើរបស់កម្ពុជា ពិនិត្យដោះស្រាយចំណុច៤ ចំណុចដែលនៅសេសសល់ តាមរយៈលិខិតខ្ញុំ ផ្ញើជូនចំពោះឯកឧត្តមថងលុន។ នៅក្នុងទីតាំង ដែលត្រូវដោះស្រាយនោះ មានទីតាំងបង្គោល លេខ៣៣ ០៣៣ អាហ្នឹងចំណុចទី១។ លេខ ០៧៧ ឡាវ តំបន់អូរស្វាយ ហ្នឹងមាននៅក្នុង លិខិតខ្ញុំ។ តំបន់ទី៤ មាននៅបង្គោល០៣២ ហ្នឹងដែលយើងបានព្រមៗគ្នា ហើយចំណុចនេះ ត្រូវដោះស្រាយមុខចំណុចអូរតាង៉ាវ មានការ លំបាក។ ដូច្នេះត្រូវដោះស្រាយប្រញាប់ប្រញាល់ ចុះដោះស្រាយ ៤កន្លែងនេះមុន ។ ចំណុចទី៣ ភាគីទាំង៣ យើងឯកភាពគ្នាសំខាន់បញ្ហាព្រំដែនចុះទៅដោះស្រាយនៅនឹងកន្លែង នៅតំបន់ អូរតាង៉ាវ ដែលដោះស្រាយបញ្ហាដែលនៅ សេសសល់។ តាមការឯកភាពគ្នា គឺយើងត្រូវ ពិនិត្យថា ដីណាជារបស់កម្ពុជា ដីណាជារបស់ ឡាវ គឺត្រូវកំណត់ឱ្យបានច្បាស់ ហើយរកឃើញ មួយកន្លែងស្រុះស្រួលមួយកន្លែង បោះបង្គោល មួយកន្លែងតែម្តង។ យោងទៅតាមចំណុចនេះ  យើងនៅសល់តែ២០បង្គោលតែប៉ុណ្ណោះ ដែល មិនទាន់បានបោះនៅក្នងតំបន់អូរតាង៉ាវនេះ។ ដូច្នេះសូមឱ្យភាគីទាំង២ចុះទៅដល់កន្លែង ហើយ ដេកនៅហ្នឹងតែម្តងទៅឯកភាពគ្នាដល់ត្រង់ណា បោះបង្គោលកន្លែងហ្នឹងតែម្តង។ ចំណុចទី៤ ភាគីទាំង ២ នាយករដ្ឋមន្ត្រីទាំង២ ឯកឧត្តម ថងលុន និងខ្ញុំ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីបារាំង ពី ខ្នាត១លើ១០០ ០០០។ មកខ្នាត ១លើ៥០ ០០០ និងសុំឱ្យបារាំងជួយផ្តល់ឯកសារផ្សេងទៀត  ដែលទាក់ទងដល់ព្រំដែនកម្ពុជា-ឡាវ។ ប្រទេស យើងទាំង២ ឬអាចថាប្រទេសយើងទាំង៣ គឺ ជាអតីតអាណានិគមបារាំង ហើយមុនបារាំង ចាកចេញបារាំងបានផ្ទេរមរតកនេះមកឱ្យយើង។ ដូច្នេះបារាំងត្រូវមានការទទួលខុសត្រូវជួយ យើងលើបញ្ហានេះ។ មូលដ្ឋានដែលបារាំងផ្តល់ ឱ្យគឺផែនទីខ្នាត១លើ១០០ ០០០ ប៉ុន្តែការធ្វើ ខ្សែព្រំដែន វាមិនអាចប្រើប្រាស់នូវខ្នាត១លើ ១០០ ០០០ បានទេ ត្រូវប្រើខ្នាត១លើ ៥០ ០០០។ ដូច្នេះ វិធីដែល្អជាងគេ គឺសុំអ្នកបច្ចេក  ទេសរបស់បារាំង មកជួយផ្ទេរផែនទីពីខ្នាត ១ លើ១០០ ០០០ មកខ្នាតយផែនទី ៥០ ០០០ ដែលជាផែនទីដើមរបស់បារាំង។ ក្រៅពីនោះ យើងនឹងស្នើសុំបណ្តាឯកសារទាំងឡាយដែល បារាំង មានទាក់ទងជាមួយនឹងព្រំដែនកម្ពុជា ឡាវ។ អ៊ីចឹងសង្ឃឹមថា នៅពេលដែលប្រជុំ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសទាំង២នឹងពិនិត្យពិភាក្សា លើលិខិតនេះផងដែរ។ នេះជាមតិខ្ញុំដោយឡែក  ទេ ខ្ញុំគិតថា ទុកឱ្យរដ្ឋមន្ត្រីនៃប្រទេស ទាំង២ ព្រាងលិខិតនេះ សម្រាប់ការចុះហត្ថលេខារបស់ ខ្ញុំ និងឯកឧត្តមថងលុន ជូនទៅប្រធានាធិបតី បារាំង តែម្តង។ លទ្ធផលដែលយើងសម្រេច បានថ្ងៃនេះ ខ្ញុំអាចនិយាយដោយមោទនភាព រវាងកម្ពុជា ឡាវ នឹងត្រូវបានពូន ជ្រុំបន្ថែម ទៀតតាមរយៈដំណោះស្រាយលើបញ្ហាដែល នៅសេសសល់។ ហើយការដោះស្រាយលើក នេះមិនមែនជាការដោះស្រាយមួយចំណុចពីរ ចំណុចទេ គឺមានទិដ្ឋភាពជាការដោះស្រាយជា កញ្ចប់បញ្ហាតែម្តង។ ជាថ្មីម្តងទៀត ខ្ញុំអរគុណ ឯកឧត្តមថងលុន ស៊ីសូលីត ដែលបានហោះ មកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា   ហើយប្រកបដោងផ្លែផ្កានេះ នាយករដ្ឋមន្ត្រី ឡាវ លោក ថោងលន់ ស៊ីសូលីន ក៏បានថ្លែង ក្នុងសន្និសីទសារព័ត៌មាននោះដែរថា ការដោះស្រាយបញ្ហាព្រំដែននេះ គឺឈរលើមូលដ្ឋាន មិត្តភាពនិងស្មើភាព ដោយគ្មានភាគីណាខាត ឬភាគីណាចំណេញនោះទេ។

លោកថោងលន់ ស៊ីសូលីន បានមាន ប្រសាសន៍តាមរយៈការបកប្រែថា “ខ្ញុំបាទសូម អរគុណ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ សូមយល់ស្របគ្រប់យ៉ាង នូវអ្វីដែលសម្តេច បានលើកឡើងអម្បាញ់មិញនេះ។ ខ្ញុំបាទសូម អរគុណសម្តេចជាថ្មីម្តងទៀតដែលបានអនុញាត ឱ្យខ្ញុំចូលជួប ហើយបានពិភាក្សាជាមួយសម្តេច ហើយសម្តេចក៏បានទទួលខ្ញុំយ៉ាងរាក់ទាក់ ព្រមទាំងផ្តល់កិត្តិយសឱ្យខ្ញុំបាទបានជជែកបញ្ហានានា ជាមួយសម្តេច។ ហើយម៉្យាងទៀត ខ្ញុំបាទក៏ សូមបញ្ជាក់ថា ខ្ញុំបាទបានយល់ព្រមនូវចំណុច ទាំង៤ ដែលសម្តេចបានលើកឡើង។ ខ្ញុំបាទ សូមយល់ស្រប់ចំពោះយន្តការនៃការដោះស្រាយ បញ្ហាដែលសម្តេចបានលើកឡើងអម្បាញ់មិញ នេះ ហើយម៉្យាងវិញទៀត ខ្ញុំបាទក៏បានយល់ ឃើញថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់សម្តេច ហើយនិងខ្ញុំ ក៏ដូចជាលក្ខណៈគ្រួសារ បានបង្ក លក្ខណៈងាយស្រួលសម្រាប់ការដោះស្រាយ បញ្ហា។ បញ្ហាបន្តបន្ទាប់មកទៀតនេះ គឺយើង ត្រូវរង់ចាំមើលឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស បានជួបប្រជុំគ្នា។ ហើយយើងនឹងចាប់ដោះស្រាយបញ្ហា៤ចំណុច  គឺចំណុចបង្គោលព្រំដែន ០/៣៣ ០/១៧ ហើយនិងត្រង់ចំណុចស្វាយវើនហាំ ហើយនិងចំណុចបង្គោលលេខ៣២ ដែលសម្តេចបានលើកអម្បាញ់មិញនេះ ពួកយើងនឹងដោះស្រាយមុន។ ហើយបន្ទាប់មក ទៀត ពួកយើងក៏នឹងចុះទៅត្រួតពិនិត្យតំបន់ នោះពិតប្រាកដ គឺតំបន់អូរតាង៉ាវ ហើយបន្ទាប់ មកទៀត ក៏នឹងចាប់ផ្តើម បង្គោលព្រំដែននឹង ត្រូវតែមាន បើទោះជាយឺតក៏ដោយលឿនក៏ ដោយ។ ហើយខ្ញុំបាទក៏បានយល់ស្រប ដែល សម្តេចបានលើកឡើងថា ពួកយើងទាំង២នាក់ នឹងសរសេរលិខិតទៅជូនប្រធានាធិបតីបារាំង  ក្នុងការផ្ទេរផែនទីខ្នាត១លើ១សែន ទៅ១លើ ៥ពាន់ ហើយនិងឯកសារផ្សេងទៀត ដើម្បីធ្វើ ជាមូលដ្ឋាននៃការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងឡាវ។ ហើយខ្ញុំបាទ ជឿជាក់ថា ការដោះស្រាយបញ្ហាព្រំដែនរវាង ប្រទេសទាំង២នេះគឺនៅលើមូលដ្ឋានជាមិត្តភាព ស្មើភាព ដោយមិនឱ្យអ្នកណាម្នាក់ខាត ហើយ អ្នកណាម្នាក់ចំណេញនោះទេ។ ម៉្យាងទៀត នាយករដ្ឋមន្ត្រីទាំង២ ក៏បានជជែកគ្នា និងបាន ឯកគ្នាថា ពួកយើងនឹងព្យាយាមរក្សាឱ្យមាន សន្តិសុខ និងសន្តិភាពនៅតាមតំបន់ព្រំដែន ដែលមិនទាន់បានដោះស្រាយហើយ ព្រោះ បញ្ហានេះវាសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឱ្យតំបន់ នោះមានសន្តិភាព។ ហើយខ្ញុំបានជឿជាក់ថា់ ពួកយើងទាំង២នាក់នឹងអាចដោះស្រាយបញ្ហា ព្រំដែននេះ ដែលនៅសេសសល់ ប្រមាណ១៣-១៤%នេះ ដោយឱ្យសម្រេច ដើម្បទុកធ្វើជា មរតកបន្តឱ្យកូនចៅជំនាន់ក្រោយ ដែលធ្វើវា ឱ្យស៊ីជម្រៅ និងមានប្រសិទ្ធភាពទៀតសម្រាប់ កិច្ចសហប្រតិបត្តិការ”។

តាមរយៈជំនួបថ្នាក់ជាតិជាផ្លូវការនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ថងលូន ស៊ីសូលីត សុទ្ធតែបានបង្ហាញ នូវសេចក្តីសោមនស្សរីករាយបំផុត ដែលប្រទេស ជាបងប្អូនទាំងពីរ បានខិតខំដោះស្រាយបញ្ហា ព្រំដែនរួមគ្នា ទន្ទឹមនឹងការខិតខំជំរុញ ទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យបានកើនឡើង  ថែមទៀត។ ទន្ទឹមនឹងនោះដែរ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអរគុណលោកនាយករដ្ឋ មន្ត្រីឡាវ ដែលបានអញ្ជើញធ្វើដំណើរតាម យន្តហោះពិសេសមកកាន់កម្ពុជានៅព្រឹកនោះ ដើម្បីពិភាក្សាដោះស្រាយបញ្ហាព្រំដែន ដែល នៅសល់ប្រមាណជា១៤%ទៀត ឱ្យបានចប់ជា ស្ថាពរនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

កុលបុត្រ

RELATED ARTICLES