Tuesday, September 17, 2024
Homeតារាខ្មែរកក្រើកទៀតហើយ!ព្រឹត្តិការណ៍ការប្រគំតន្ត្រី ដើម្បីគន្ធបុប្ផា សុទ្ធតែតារាល្បីៗ

កក្រើកទៀតហើយ!ព្រឹត្តិការណ៍ការប្រគំតន្ត្រី ដើម្បីគន្ធបុប្ផា សុទ្ធតែតារាល្បីៗ

ជាថ្មីម្ដងទៀតសាកលវិទ្យាល័យន័រតុន បានរួមសហការជាមួយ “គ្រួសារតារាកម្ពុជា” រៀបចំព្រឹត្តិការណ៍ “កម្រាលព្រំសប្បុរសធម៌ធំមួយ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា” ក្នុងគោលបំណងរៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលក្នុងឱកាសនោះមហាជនគ្រប់ទិសទីនឹងអាចចូលរួមកំសាន្តសប្បាយដោយសេរី ជាមួយទស្សនីយភាពរួមមានការច្រៀងរាំ ដើរម៉ូដ និងកំប្លែងពីក្រុមសិល្បករ-សិល្បការនីល្បីៗនៅក្នុងប្រទេសកម្ពុជាដែលសុទ្ធសឹងតែបានស្ម័គ្ររួមគ្នាជួយក្នុងព្រឹត្តិការណ៍នោះ ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។

ការប្រគំតន្ត្រីនេះបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ស្នាដៃនិស្សិតគ្រប់ផ្នែកគ្រប់ជំនាញរបស់និស្សិតន័រតុន ដោយក្នុងរយៈពេល៣ថ្ងៃនោះក៏មានការផ្ដល់ជូននូវការសម្អាតមាត់ធ្មេញពីសំណាក់សាស្ត្រាចារ្យ និងនិស្សិតផ្នែកទន្តសាស្រ្ត នៅបន្ទប់ទន្តសាស្រ្តនៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានបំពាក់ដោយឧបករណ៍ថ្មីទំនើបឥតគិតថ្លៃជូនដល់អ្នកចូលរួមទស្សនាផងដែរ។ ក្នុងនោះក៏មានដាក់បង្ហាញនូវស្នាដៃរបស់និស្សិតស្ដីពីគម្រោងផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល កុំព្យូទ័រ អេឡិចត្រូនិច និងផ្នែកវិទ្យាសាស្ត្រសង្គមដើម្បីលើកម្ពស់ស្នាដៃរបស់និស្សិតប្រចាំឆ្នាំ។ អ្វីដែលកាន់តែពិសេសទៅទៀត គឺអ្នកចូលរួមទស្សនាទាំងអស់នឹងទទួលបានការចែកជូននូវសៀវភៅស្ដីពីប្រវត្តិប្រាសាទសំបូរព្រៃគុហ៍ ដែលត្រូវបានរៀបចំរហូតដល់រាប់រយក្បាល ដើម្បីអបអរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកនៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌ពិភពលោកកាលពីពេលថ្មីៗ។ ព្រឹត្តិការណ៍នេះនឹងបើកអោយទស្សនាដោយសេរី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌របស់គ្រួសារតារាកម្ពុជាត្រូវបញ្ចប់នៅយប់ថ្ងៃទី២៩ កញ្ញា ក្នុងឆ្នាំដដែល។

លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យន័រតុន បានអះអាងថានេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានសម្រេចរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងស្វែងរកកម្លាំងពីតារាល្បីៗអោយចូលរួមធ្វើយុទ្ធនាការច្រៀងរាំ និងឈរកាន់ហិបរៃអង្គាសដោយផ្ទាល់ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបណ្ឌិតសង្ឃឹមថាព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនេះ នឹងទាក់ទាញប្អូនៗជាសិស្ស និស្សិត អាណាព្យាបាល អតីតនិស្សិត និងសាធារណៈជនបានច្រើនកុះករ ដើម្បីរួមគ្នាចែករំលែកក្ដីស្រលាញ់ដល់កុមារៗដែលត្រូវការភាពរឹងមាំរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវការជំនួយពីសប្បុរសជនជារៀងរាល់ថ្ងៃ។ លោកអះអាងថាវត្តមានចូលរួមរបស់បងប្អូនមហាជននៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនេះ គឺជាការគាំទ្រដល់មូលនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង ដោយសារតែផលចំណេញពីការលក់ដូររបស់និស្សិតនៅក្នុងព្រឹត្តិការណ៍ និងការបរិច្ចាគរបស់បងប្អូនដែលចូលរួមទស្សនាទាំងអស់ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា១០០ភាគរយ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនោះនឹងមានការចូលរួមដោយតារាល្បីៗជាច្រើនដូចជា អ្នកនាងពេជ្រ សោភា លោកឆន សុវណ្ណរាជ លោកនីកូ លោកនៅ ស៊ីនឿន នាយចឺន លោកស្តេប កញ្ញាផន​ ស្រីខួច កញ្ញាយូរី អ្នកនាងលី ម៉ារីណា កញ្ញាទឹម រដ្ឋា កញ្ញាពេជ្រ អាវីហ្សា កញ្ញាដួង ម៉ានិច លោកអ៊ុន សិទ្ធា លោករតនៈ វិសិដ្ឋ ប៉ុបពី នឹងតារាល្បីៗជាច្រើនរូបទៀត៕

RELATED ARTICLES