ចាត់ទុកថាជាភ័ព្វសំណាងមួយសម្រាប់កុមារាធឿន បូរី ដែលក្រោយពេលបញ្ចេញនូវសំនៀងមួយបទ មានចំណងជើងថា ”ស្ទឹងសែនប៉ារីស” ដែលក្នុងសម្លៀកបំពាក់ចាស់ៗ ជាក្មេងនៅស្រុកស្រែឃ្វាលគោប្របីនោះ ទីបំផុតត្រូវបានអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះ លោកចា រិទ្ធី ហៅមកច្រៀងនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី ”តន្ដ្រី ICHITAN” កាលពីថ្ងៃទី១៦ ខែកញ្ញា ហើយទីបំផុតក្មេងប្រុសដែលមានទឹកដមសំឡេងក្រអួនក្រអៅរូបនេះ ត្រូវបានលោកចា រិទ្ធី យកធ្វើកូនចិញ្ចឹមរបស់លោក ដោយនឹងទទួលការទំនុកបម្រុងគ្រប់បែបយ៉ាង ចាប់ពីពេលនេះតទៅ។
ប្រភពបានឲ្យដឹងថា បូរី ត្រូវបានលោកចា រិទ្ធី ទំនុកបម្រុងតាំងពីមុនឡើងឆាកមកម្ល៉េះ ដោយលោកផ្ញើលុយឲ្យទិញសម្លៀកបំពាក់ ហើយការឡើងឆាក លោកបានផ្ដល់ថវិកាឲ្យបូរី ស្មើនឹងតារាចម្រៀងល្បីឈ្មោះម្នាក់ដែរ។ អ្វីដែលលោកចា រិទ្ធី បានជួយធឿន បូរី ដែលគ្រប់គ្នាមិននឹកស្មានដល់នោះ គឺអ្នកដឹកនាំកម្មវិធីសិល្បៈដ៏ជោគជាំរូបនេះថែមទាំងនាំបូរី ទៅជួបឯកឧត្តមលី ឆេង ដែលជាអគ្គនាយកក្រុមហ៊ុនប៊ែលធីគ្រុប និងជានាយកសាកលវិទ្យាល័យប៊ែលធី អន្ដរជាតិ ដើម្បីស្នើសុំអាហារូបករណ៍ដល់ធឿន បូរី ថែមទៀតផង។ ជាលទ្ធផលឯកឧត្តមលី ឆេង បានយល់ព្រមផ្ដល់អាហារូបករណ៍ ១០០% ដល់ធឿន បូរី ដែលរៀនដោយមិនអស់លុយឡើយ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យនោះ ដែលអាហារូបករណ៍កញ្ចប់ធំនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃមិនក្រោម២ម៉ឺនដុល្លារឡើយ។
លោកប៊ុត ថាត ជាឪពុកមារបស់ធឿន បូរី បាននិយាយទាំងអារម្មណ៍រំភើបត្រេកអររកអ្វីប្រៀបផ្ទឹមមិនបានឡើយថា នេះគឺជាភ័ព្វសំណាងមួយដែលក្រុមគ្រួសារធឿន បូរី ទទួលបាន ដោយសារតែលោកចា រិទ្ធី ជាអ្នកជ្រោមជ្រែងគ្រប់បែបយ៉ាងទាំងអស់ ដែលអាចនឹងកែប្រែខ្សែជីវិតកុមារាបូរី ឲ្យមានអនាគតល្អនាពេលខាងមុខជាមិនខានឡើយ។
លោកថាត ថ្លែងថា ”ខ្ញុំក៏ដូចជាធឿន បូរី និងក្រុមគ្រួសារគាត់ សូមអរគុណជាអនេកដល់លោកចា រិទ្ធី ដែលគាត់ជាអ្នកជួយគ្រប់យ៉ាងដល់បូរី ដើម្បីឲ្យក្មេងម្នាក់ដែលមានជីវភាពលំបាកខ្លាំងនេះ ឲ្យមានពន្លឺជីវិតជាថ្មី គឺនៅពេលបានជួបលោកចា រិទ្ធី នេះតែម្ដង ដែលគាត់បានផ្ដល់ឱកាសឲ្យឡើងឆាកតន្ដ្រីអាស៊ីអាគ្នេយ៍ ហើយនាំបូរី ទៅជួបឯកឧត្តមលី ឆេង ដែលជាសាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែល ធី អន្ដរជាតិ រហូតទទួលបានអាហារូបករណ៍ ១០០% នាពេលនេះ។ ក្នុងនាមជាឪពុកមាររបស់បូរី ខ្ញុំមានតែអប់រំគេឲ្យខំរៀន ដើម្បីកុំឲ្យលោកចា រិទ្ធី និងឯកឧត្តមលី ឆេង មានការខកចិត្ត ហើយចំពោះអាជីពចម្រៀងវិញ បងចា រិទ្ធី ក៏គាត់ជួយឲ្យរៀនបច្ចេកទេសច្រៀងឲ្យបានល្អថែមទៀតដែរហើយខ្ញុំជឿថា បូរី នឹងអាចក្លាយទៅជាតារាចម្រៀងអាជីពម្នាក់បាន ព្រោះគេនៅក្មេងសំឡេងអាចវិវឌ្ឍថែមទៀត “។
ធឿន បូរី ត្រូវបានគេប្រដូចថា មានទឹកដមសំឡេងស្រដៀងលោកកែវ សារ៉ាត់ ប៉ុន្ដែកុមារាដែលធ្លាប់ប្រលងចម្រៀងកុមារកម្មវិធីកូដុមូ កាលពីឆ្នាំ២០១៦ តែមិនបានជាប់រូបនេះ ក៏អាចច្រៀងបទសម័យបានគ្រប់ប្រភេទដែរ។
ធឿន បូរី អាយុ១១ឆ្នាំ ដែលមានបងប្អូន២នាក់ (ប្រុសទាំង២) បូរី ជាកូនច្បងនោះ រៀននៅសាលាបឋមសិក្សាអំពិល ថ្នាក់ទី៤ ដែលមានឪពុកម្ដាយជាកសិករនៅភូមិអំពិលធំ ឃុំភូមិធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នឹងផ្លាស់មករៀននៅថ្នាក់ទី៣ នៅសាលាប៊ែលធី ក្នុងពេលឆាប់ៗនេះ។
មានព័ត៌មានថា លោកចា រិទ្ធី មិនត្រឹមតែជួយធឿន បូរី ឲ្យបានអាហាររូបករណ៍នៅសាលាប៊ែលធី នោះទេ តែអ្នកគ្រប់គ្រងកម្មវិធីសិល្បៈប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ រូបនេះ ថែមទាំងយកបូរី ជាកូនចិញ្ចឹម ដោយទំនុកបម្រុងគ្រប់បែបយ៉ាងទាំងអស់ ចាប់ពីពេលនេះតទៅ។
លោកចា រិទ្ធី ប្រាប់ថា ”ជាការពិត ខ្ញុំនឹងទទួលបូរី ធ្វើជាកូនចិញ្ចឹមរបស់ខ្ញុំចាប់ពីពេលនេះតទៅ គឺខ្ញុំជាអ្នករាប់រងលើគេសព្វគ្រប់បែបយ៉ាង ទាំងការស្នាក់នៅផងដែរ។ ខ្ញុំពេញចិត្តបូរី គេជាក្មេងល្អ មិនវ៉ៃឬកអីទេ។ ខ្ញុំជឿថា បូរី ១០០% គេនឹងអាចក្លាយទៅជាតារាចម្រៀងអាជីពបាននាពេលអនាគត ព្រោះគ្នានៅក្មេងសំឡេងប៉ុណ្ណឹងទៅហើយ ដូចនេះនៅពេលមានវ័យកាន់តែធំជាងនេះទៀត នឹងមានការវិវឌ្ឍថែមទៀតជាមិនខាន។ មិនត្រឹមតែបូរី ទេ ដែលខ្ញុំជួយនៅពេលនេះ គឺឪពុកម្ដាយគេនិងឪពុកមាផងដែរ ប្រសិនបើចង់មកធ្វើការនៅកន្លែងខ្ញុំ គឺខ្ញុំមានសណ្ឋាគារដែរ អីចឹងនឹងទទួលពួកគេឲ្យធ្វើការជានិច្ច។ ប៉ុនែ្ដពេលនេះ ទោះជាខ្ញុំធានាទំនុកបម្រុងបូរី មែន តែបើមានអ្នកណាចង់យកគាត់ទៅចង់ជួយគាត់ទៀត គឺខ្ញុំមិនជំទាស់ទេ ព្រោះអីនេះមិនមែនជាលើកទី១ទេ គឺកន្លងមកខ្ញុំធ្លាប់បានជួយគេច្រើនគ្នាមកហើយដែរ ទៅតាមលទ្ធភាពយើងធ្វើបាន”។
តាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រោយពីធឿន បូរី ឡើងច្រៀងនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ និង CTN កាលពីពេលថ្មីៗនេះ ធ្វើឲ្យផលិតកម្មថោន មានការពេញចិត្តសមត្ថភាពកុមារារូបនេះជាខ្លាំង ហើយថែមទាំងបានទទួលយកបូរី ធ្វើជាតារាចម្រៀងជាផ្លូវការរបស់ផលិតកម្មថោន ទៀតផង ដែលត្រៀមចេញបទចម្រៀងនាពេលឆាប់ៗនេះហើយ។
លោកប៊ុន ថាត បញ្ជាក់ថា ”ចំពោះដំណឹងនេះជាការពិតគឺខ្ញុំបាននាំធឿន បូរី ទៅជាជួបក្រុមការងារផលិតកម្មថោន ២លើករួចមកហើយ តែយើងមិនទាន់បានចុះកុងត្រាជាមួយគ្នាទេ។ ខាងថោន ថាទទួលបូរី ធ្វើជាអ្នកចម្រៀងរបស់ថោន មែន ហើយរឿងហ្នឹងបងចា រិទ្ធី គាត់មិនជំទាស់ទេ។ ខ្ញុំនិងក្រុមគ្រួសារពិតជាមានមោទនភាពខ្លាំងណាស់ ដែលបូរី មានសំណាងបានចូលថោន ព្រោះមានក្មេងៗរាប់លាននាក់ទៀតដែរ ដែលគ្មានឱកាសបែបនេះឡើយ ព្រោះថា បូរី គ្រាន់តែអាចច្រៀងបាន ដោយមហាជនទទួលស្គាល់មិនបានពានអីទេ តែផលិតកម្មថោន គាត់ពេញចិត្ត។ បើតាមខ្ញុំដឹង អ្នកនិពន្ធល្បីឈ្មោះរបស់ថោន គឺលោកយឹម តាស្រង់ ពេលនេះបាននិពន្ធបទចម្រៀងសម្រាប់ឲ្យបូរី ថតដាក់ CD រួចទៅហើយនាពេលនេះ”៕