Sunday, September 22, 2024
Homeតារាខ្មែរមាន សូនីតា ប្រុសអ្នកមាន២នាក់ ខកចិត្ត

មាន សូនីតា ប្រុសអ្នកមាន២នាក់ ខកចិត្ត

ក្រៅពីទាញបានភាពលេចធ្លោនៅក្នុងពិភពសិល្បៈ រាជិនីក្រមា កញ្ញាមាន សូនីតា ត្រូវបានគេចាត់ទុកថា ជាតារាដែលមានមន្តស្នេហ៍ទាក់ទាញមួយរូប ដែលល្បីមានបុរសចម្រុះឋានៈជាច្រើនតាមថ្ពក់ស្នេហ៍ ខណៈដែលពេលចុងក្រោយនេះ មានទាំងថៅកែកាហ្វេ និងថៅកែពេជ្រ ម្នាក់ផង នៅម្តុំផ្សារធំថ្មី បានតាមស្នេហ៍នាងយ៉ាងស្អិត។

យ៉ាងណា តាមប្រភពដែលទម្លាយចេញនៅដើមខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា មានអ្នកជំនួញសម្បូរទ្រព្យម្នាក់ទៀត ក៏បានតាមស្នេហ៍នាងដែរ ប៉ុន្តែបានខកចិត្តស្តាយស្នេហ៍នាងជាខ្លាំង នៅពេលប្រើឥទ្ធិពលទឹកប្រាក់ទាក់ចិត្តស្នេហ៍មិនបានសម្រេច។

ប្រភពជាអ្នកសិល្បៈនោះបន្ថែមថា ទាំងថៅកែពេជ្រ និងបុរសជាអ្នកជំនួញ មានវ័យ៤០ប្លាយរូបនោះ សុទ្ធតែស្រលាញ់សូនីតា បើទោះបីដឹងថា នាងមានបុរសៗសម្បូរទ្រព្យជាច្រើនតាមស្នេហ៍ក្តី គឺនៅតែចង់ប្រើឥទ្ធិពលទឹកប្រាក់តាមថ្ពក់ស្នេហ៍នាងដែរ។

ប្រភពខាងលើបានបន្តថា បុរសអ្នកមានទាំង២រូបនោះ ហ៊ានជួយផ្គត់ផ្គង់ជ្រោមជ្រែងសូនីតា គ្រប់បែបយ៉ាង ប្រសិនបើនាងព្រមប្រគល់ស្នេហ៍ បើទោះបីនាងចង់បានលុយ ឡាន វីឡា ក្តី ក៏មិនខ្លាចចំណាយដែរ។ ប៉ុន្តែអ្វីដែលគួរសោកស្តាយនោះ សូនីតា មិនអើពើចង់បាននុយធំរបស់បុរសអ្នកមានទាំងនោះទេ ដែលធ្វើឱ្យបុរសទាំង២រូបនោះ ខកចិត្តជាខ្លាំង។

អ្នកសិល្បៈនិយាយថា មិនខ្វះទេបុរសសម្បូរទ្រព្យដែលចង់ជួយជ្រោមជ្រែងសូនីតា ឱ្យហ៊ឺហា តែនាងមិនទទួល។ ពោលគឺបើនាងសម្លឹងឃើញទ្រព្យជាធំ ម៉្លេះក្លាយជាជំទាវយូរហើយ តែនាងមិនយករូបសម្រស់ទៅប្តូរនឹងលាភសក្ការៈទាំងនោះទេ។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាមាន សូនីតា បានទេ។ យ៉ាងណា កន្លងមក សូនីតា ធ្លាប់អះអាងថា នាងមិនយករូបសម្រស់ទៅប្តូរនឹងភាពហ៊ឺហាជាដាច់ខាត ពោលគឺ នាងចង់បានស្នេហាមួយយ៉ាងពិតប្រាកដ ដែលមិនពាក់ព័ន្ធនឹងចំណងស្នេហ៍ប្តីគេ។

យ៉ាងណាក៏ដោយ នាពេលចុងក្រោយនេះ សូនីតា បានសាយភាយដំណឹងពាក់ព័ន្ធនឹងថៅកែកាហ្វេ ដែលមានប្រពន្ធកូនរួចទៅហើយ ហើយក្រោយពេលលេចជ្រាបដំណឹងនេះ សូនីតា កាន់តែហ៊ឺហាផ្លាស់ប្តូររថយន្តទំនើបជាបន្តបន្ទាប់ ដែលអ្នកខ្លះថា នាងទទួលបានការជ្រោមជ្រែងពីថៅកែកាហ្វេទៀតផង។ ទន្ទឹមនឹងនោះ មានការចាប់អារម្មណ៍ថា សូនីតា មិនសូវខ្វល់ពីអាជីពសិល្បៈដូចមុនទៀតទេ គឺនាងឧស្សាហ៍ចេញទៅលំហែកាយនៅឯបរទេសខាងប៉ែកអឺរ៉ុប ជាញឹកញាប់ ខណៈដែលក្រុមផលិតករមួយចំនួនបង្ហើបប្រាប់ថា ពិបាកទាក់ទងថតភាពយន្ត និងឱ្យនាងថតឈុតខារ៉ាអូខេ គឺក្រៅពីទារតម្លៃខ្លួនខ្ពស់ហើយនោះ នាងគ្មានពេលសម្រាប់ថតភាពយន្តដូចមុនទៀតទេ។

កន្លងមក រាល់ពេលអ្នកសារព័ត៌មានចោទសួរក្នុងរឿងស្នេហា សូនីតា តែងតែអះអាងថា បេះដូងនៅទំនេរ ដោយមិនទាន់មានដៃគូស្នេហា ពោលគឺ ពេលណានាងជួបស្នេហាពិតប្រាកដ នាងនឹងទម្លាយជាសាធារណៈ។ យ៉ាងណា អ្នកនៅក្នុងចង្កោមសិល្បៈ និយាយថា សូនីតា ព្យាយាមលាក់ស្នេហ៍ថៅកែកាហ្វេ។ ពាក់ព័ន្ធនឹងដំណឹងនេះ យើងនឹងរង់ចាំការបកស្រាយពីកញ្ញាមាន សូនីតា ជានិច្ច។

មានការលើកឡើងថា សូនីតា ពិតជាមានមន្តស្នេហ៍ទាក់ទាញមិនធម្មតាមែន ដែលធ្វើឱ្យបុរសៗអ្នកមានជាច្រើនឈ្លក់វង្វេងនឹងសម្រស់នាង ចង់នែបនិត្យ ដែលពេលនេះកំពុងធ្វើឱ្យបុរសៗអ្នកមាន២នាក់ ខកចិត្តជាខ្លាំង ខណៈដែលមជ្ឈដ្ឋានជាច្រើនចង់ឱ្យនាងបង្ហាញមុខម្ចាស់ស្នេហ៍ក្នុងពេលឆាប់ៗផងដែរ៕

RELATED ARTICLES