Sunday, September 22, 2024
Homeតារាខ្មែរនៅមិនទាន់អស់ចិត្ត!!! ម៉ៃ សុគន្ធ ប្រកាសធានាចេញលុយ៧០០ដុល្លារ ឱ្យពេជ្រ ថៃ ពិនិត្យ DNA

នៅមិនទាន់អស់ចិត្ត!!! ម៉ៃ សុគន្ធ ប្រកាសធានាចេញលុយ៧០០ដុល្លារ ឱ្យពេជ្រ ថៃ ពិនិត្យ DNA

ភ្នំពេញ ៖ ករណីការសង្ស័យពីអាយុពិតរបស់កុមារ ពេជ្រ ថៃ ជ័យលាភីកម្មវិធីប្រលងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស នៅតែធ្វើឱ្យតារាចម្រៀងម៉ៃ សុគន្ធ មិនទាន់អស់ចិត្តនៅឡើយ រហូតដល់ប្រកាសធានាចេញលុយ៧០០ដុល្លារ ឱ្យពេជ្រ ថៃ ពិនិត្យ DNA ដើម្បីបញ្ជាក់ពីអាយុពិត។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាចម្រៀងម៉ៃ សុគន្ធ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកពាក់ព័ន្ធនឹងបញ្ហាអាយុរបស់កុមារពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ថា “ចេញមកបណ្តើរៗហើយ ឮថាម្តាយមីងដែលនាំថៃ មកប្រលង ឈ្លោះគ្នាជាមួយម្តាយឪពុកពេជ្រ ថៃ។ ខ្ញុំមិនចង់ឈ្នះចាញ់អីទេ តែចង់បានភាពយុត្តិធម៌មួយដល់ប្អូនៗដែលមានសំឡេងល្អពិត បើមាសពិតមែន បង្ហាញសំបុត្រកំណើតច្បាប់ដើមមក ដែលមានរូបព្រះ ចៅក្រុងកម្ពុជា ពណ៌ធម្មជាតិ (បៃតង) និងត្រាក្រហម បើមិនដូច្នោះទេ មានតែឆែក DNA ទៅ បើខ្វះលុយ ចាំខ្ញុំជាអ្នកចេញ៧០០ដុល្លារហ្នឹង (ចង់បានភាពសុក្រឹត អាណិតណាស់អ៊ុក សុវណ្ណារី និងលីគ័ង្គ)…”។

តារាចម្រៀងម៉ៃ សុគន្ធ បានសរសេរបន្តថា “វាមិនសមសូម្បីតែបន្តិច ឪពុកអាយុ៤៤ឆ្នាំ ហាហា ម្តាយ៣៧ឆ្នាំ (បើតាមធ្លាប់ឮ ខ្លះស្ត្រីនិងបុរសអាយុប៉ុណ្ណឹង កម្រណាស់ឱកាសមានកូន) វាមិនសមសូម្បីបន្តិច ឪពុកអាយុឡើងច្រើន ទើបយកកូនអាយុ១២ឆ្នាំ ១៩៦០-២០០៤ = ៤៤ឆ្នាំ ទើបយកកូន? (ហើយអាយុ៤៤ ធ្វើការនៅថៃ ដូចមិនសម តាមដឹងមនុស្សអាយុច្រើននៅថៃ ដូចជាគេមិនសូវត្រូវការទេ បើទៅធ្វើការនៅថៃ អាយុក្រោម៣០ឆ្នាំ ឬលើសតិចតួច ដូចជាត្រូវខ្លះ) ពិចារណាចុះបងប្អូន (បង្ហាញសំបុត្រកំណើតដើមមក បើមាសសុទ្ធមែន…) អូភ្លេច សូមបង្ហាញ Vote ជាសាធារណៈផង ដូចនៅប្រទេសជិតខាងយើង…”។

ដោយសារតែមើលឃើញថាតារាចម្រៀង ម៉ៃ សុគន្ធ ហាក់នៅមិនអស់ចិត្តពីរឿងអាយុពិតប្រាកដរបស់កុមារពេជ្រ ថៃ ស្រាប់តែលោកមុត ថារី អ្នកដឹកនាំរឿងជើងច្បាស់ល្បីឈ្មោះ បានសរសេររិះគន់តាមគណនីហ្វេសប៊ុករបស់លោកថា “ម្សៀម្នាក់ដែលដេកកើតទុក្ខមិនសុខ ស្មុគស្មាញ ដែលអាចនឹងអាយុខ្លី ព្រោះខ្លាចកូនក្មេងឈ្មោះពេជ្រ ថៃ ដែលគ្នាអាចនឹងមានជីវភាពធូរធារដោយសារបានទទួលជ័យលាភីនោះឬយ៉ាងណា? ចង់សួរលោកតែប៉ុន្មានម៉ាត់ទេថា ទាល់តែពេជ្រ ថៃ ត្រឡប់ទៅជីវភាពដើមវិញឬអី ទើបលោកអស់ចិត្ត? ឈប់បាន ឈប់ទៅ ទុកឱ្យគ្នាបានសុខផង…”។

ជាការឆ្លើយតប លោកម៉ៃ សុគន្ធ បានសរសេរថា “មិនមែនចង់ឱ្យគាត់ត្រឡប់ទៅកាន់សភាពក្រដូចដើមទេ តែអ្វីដែលទាមទារ គឺការពិតអ្នកដែលគួរអាណិត គឺក្មេងៗដែលសំឡេងល្អពិត (គាត់ក៏មិនអាចវិលទៅក្រវិញបានដែរ លោកម្ចាស់ដឹកនាំអើយ)…”។

គួររំលឹកថា កន្លងមក លោកអ៊ា វណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” របស់ក្រុមហ៊ុនហង្សមាស បានថ្លែងបញ្ជាក់ប្រាប់ “នគរធំ” ថា រឿងការទាមទារ ឬចង់ពិនិត្យ DNA របស់ពេជ្រ ថៃ អីនោះ គឺជាការយល់ឃើញរបស់លោកម៉ៃ សុគន្ធ ប៉ុន្តែក្រុមហ៊ុនហង្សមាស គ្មានគម្រោងបែបនេះទេ។

លោកអ៊ា វណ្ណា បានបញ្ជាក់ថា តាំងពីទទួលពាក្យចូលរួមួប្រកួតប្រជែងតាំងពីដំបូង ក្រុមការងាររបស់ហង្សមាស បានធ្វើការពិនិត្យទៅលើឯកសារពាក់ព័ន្ធ ព្រមទាំងសំបុត្រកំណើតរបស់ពេជ្រ ថៃ ច្បាស់លាស់អស់ហើយ ពោលគឺ ពេជ្រ ថៃ មានអាយុ១២ឆ្នាំ ហេតុនេះទើបក្រុមហ៊ុនទទួលពាក្យឱ្យពេជ្រ ថៃ ចូលរួមប្រកួតប្រជែងសមត្ថភាព។ ប៉ុន្តែក្នុងករណីដែល ពេជ្រ ថៃ មានអាយុលើសពី១២ឆ្នាំ ឬកែទម្លាក់អាយុយ៉ាងណានោះ គឺជាការទទួលខុសត្រូវរបស់សាមីខ្លួន ពេជ្រ ថៃ ដោយខ្លួនឯង ហើយក៏មិនមានផលប៉ះពាល់អ្វីដល់ក្រុមហ៊ុនហង្សមាស ដែរ ដោយសារក្រុមហ៊ុនមានឯកសារបញ្ជាក់គ្រប់គ្រាន់អស់ទៅហើយ។

គួរបញ្ជាក់ថា មុននេះ មានប្រភពព័ត៌មានមួយទម្លាយថា ពេជ្រ ថៃ មិនមែនទើបនឹងអាយុ១២ឆ្នាំទេ គឺយ៉ាងហោចណាស់ក៏មានអាយុ១៥ឆ្នាំ ឬ១៦ឆ្នាំដែរ តែបានទម្លាក់អាយុ ដើម្បីបានចូលប្រឡងក្នុងកម្មវិធី “The voice kids cambodia”។

ជុំវិញបញ្ហាអាយុពិតប្រាកដរបស់ពេជ្រ ថៃ នេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ពីសាមីខ្លួន កុមារពេជ្រ ថៃ បាននៅឡើយថា តែបើតាមសំបុត្របញ្ជាក់កំណើតរបស់ពេជ្រ ថៃ បញ្ជាក់ថា ពេជ្រ ថៃ កើតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៤ នៅភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

ឪពុករបស់ពេជ្រ ថៃ មានឈ្មោះពេជ្រ សារ៉ាត់ អាយុ៥៧ឆ្នាំ និងម្តាយឈ្មោះសាំ គង់ អាយុ៥០ឆ្នាំ។

គួររំលឹកថា កុមារ ពេជ្រ ថៃ មានអាយុ១២ឆ្នាំ មានស្រុកកំណើតនៅឃុំជ្រៃ ស្រុកមោង ប្ញស្សី ខេត្តបាត់ដំបង ដោយរូបគេបានរស់នៅជាមួយជីដូនឈ្មោះហូ ហុម អាយុ៧៧ឆ្នាំ តាំងពីម្តាយគេសម្រាលបាន១០ថ្ងៃម៉្លេះ ព្រោះឪពុកម្តាយរបស់គេបានចេញទៅធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ។ លោកយាយហូ ហុម ធ្លាប់បានប្រាប់អ្នកយកព័ត៌មាន “នគរធំ” ថា ពេជ្រ ថៃ  មានទេពកោសល្យសិល្បៈចម្រៀង តាំងពីតូចម៉្លេះ និងពេលម្តាយទៅធ្វើការនៅប្រទេសថៃបាត់ ពេជ្រ ថៃ បៅដោះគាត់ ហើយចៅម្នាក់នេះបានហៅគាត់ថា “ម៉ែចាស់”។

ពេជ្រ ថៃ ដែលមានទឹកដមសំឡេងច្រៀងធម្មតាដូចក្មេងទូទៅនោះ បានសម្តែងភាពក្លាហាន និងក្រមិចក្រមើមទាក់ទាញទស្សនិកជន និងគ្រូបង្វឹកទាំង៣ នៃកម្មវិធី “The Voice Kids Cambodia” នៅពេលច្រៀងបទ “បាត់ដំបងបណ្តូលចិត្ត” ក្នុងវគ្គ “Blind Audition” ហើយពេជ្រ ថៃ បានជ្រើសយកលោកព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក (Coach) និងបានជាប់នៅវគ្គបន្តបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៤ ខែតុលា កុមារពេជ្រ ថៃ បានក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១នេះតែម្តង៕

RELATED ARTICLES