Sunday, September 22, 2024
Homeតារាខ្មែរម៉ៅ ហាជី ប្រកែកមានប្រពន្ធកូន មានតែសង្សារ

ម៉ៅ ហាជី ប្រកែកមានប្រពន្ធកូន មានតែសង្សារ

អតីតបេក្ខភាព Cambodian idol រដូវកាលទី១ ម៉ៅ ហាជី​ ដែលពេលនេះបានក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន នោះ នៅតែរងការចោទប្រកាន់ថា បុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ បានល្បីឈ្មោះបោះបង់ប្រពន្ធនិងកូនទាំង២របស់ខ្លួន ដោយលែងរវីរវល់សោះតែម្ដង ព្រោះខ្លាចប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ខ្លួនដែលជាតារាល្បី។

ប្រភពបានឲ្យដឹងថា ម៉ៅ ហាជី ដែលធ្លាប់តែបណ្ដើរប្រពន្ធទៅជួបជុំញាំអីជាមួយមិត្តភក្ដិនោះ គឺតាំងពីល្បីឈ្មោះពេលចូលប្រលង Cambodian Idol រហូតមកដល់ពេលនេះ គេមិនដែលនិយាយរឿងប្រពន្ធកូនដូចមុនទៀតឡើយ ហើយនៅពេលដែលអ្នកស្និទ្ធស្នាលហាជី បានសួរនាំរឿងនេះ តារាចម្រៀងដែលមកពីខេត្តបាត់ដំបង រូបនេះ បែរជាថា មិនដែលមានប្រពន្ធកូនផងទៅវិញ…។

ក្នុងជំនួបផ្ទាល់ជាមួយម៉ៅ ហាជី តារាចម្រៀងថោន ដែលកំពុងតែស្រកគីឡូយ៉ាងគំហុករូបនេះ និយាយលាយសំណើចថា រូបគេមិនដែលរៀបការម្ដងណាឡើយ អីចឹងតើមានប្រពន្ធកូនអីមកពីណាទៅ?

ហាជី ថ្លែងបែបប្រុងប្រយ័ត្នថា ”អូបង! ខ្ញុំមិនដែលមានប្រពន្ធកូនអីផងហ្នឹង! ធ្លាប់តែមានសង្សារ មានមែន តែឥឡូវបែកបាក់គ្នាអស់ហើយបង! រាល់ថ្ងៃខ្ញុំដេកនៅផ្ទះតែម្នាក់ឯងគត់ កម្សត់ដល់ហើយខ្ញុំ… (សើច)។ ខ្ញុំអត់ដែលរៀបការអីទេ អីចឹងមានប្រពន្ធមកពីណាបង ពេលហ្នឹងអត់ទាន់មានសង្សារអីថ្មីផង នៅម្នាក់ឯងមែនបង…”។

ទោះជាម៉ៅ ហាជី អះអាងបែបនេះក្ដី តែមិត្តភក្ដិដែលស្និទ្ធស្នាលជាមួយហាជី នៅតែអះអាងថា តារាចម្រៀងរូបនេះធ្លាប់មានកូន២នាក់ទៅហើយ តែចំណងស្នេហ៍នោះបានរលត់ត្រឹមពេលដែលហាជី មានឈ្មោះល្បីក្នុងអាជីពចម្រៀងនេះ។ ដោយឡែក ហាជី ប្រាប់ថា រាល់រាត្រីគេងនៅម្នាក់ឯងគ្មានភួយសាច់នោះ ហាក់ដូចជាមិនសូវទំនងដែរ ព្រោះថានៅពេលដែលតារាថោន រូបនេះ ឡើងច្រៀង គឺមានស្រីស្អាតម្នាក់ពាក់ម៉ាសក៍ជិត បានតាមមើលគ្រប់សកម្មភាពរបស់ហាជី ហើយពួកគេក៏បានរួមដំណើរជាមួយគ្នានៅរថយន្ដតែមួយផងដែរ ហេតុនេះហើយបានជាអ្នករួមអាជីពបង្ហើបថា នារីនោះប្រហែលជាមនុស្សពិសេសរបស់ហាជី ច្រើនជាងមិត្តភក្ដិធម្មតា។

ម៉ៅ​ ហាជី​ ដែលបរាជ័យក្នុងការលើកពាន Cambodian Idol ដោយសារពានបានធ្លាក់ក្នុងកណ្ដាប់ដៃនី រតនា នោះបានចូលផលិតកម្មថោន ទាំងចម្រូងចម្រាសជាមួយហង្សមាស ហើយមហាជនមើលឃើញថា ពេលនេះ ហាជី ហាក់ដូចជាមិនទាន់បញ្ចេញសមត្ថភាពអស់ឡើយ ព្រោះនៅមិនទាន់មានបទល្បីផ្ទុះខ្លាំង បើទោះជារូបគេត្រូវបានគេគិតថា មានសមត្ថភាពខ្ពស់ជាងគេក្នុងចំណោមតារាចម្រៀងប្រុសៗទាំងអស់របស់ថោន ក៏ដោយ។

ប្រភពបានឲ្យដឹងថា ហាជី ហាក់មានការខកចិត្ត ព្រោះថាបទចម្រៀងរបស់គេមិនដិតដល់លើទីផ្សារទេ ហើយការដែលមានការលើកឡើងថា មានតែគេម្នាក់ស័ក្តិសមក្នុងការច្រៀងដៃគូជាមួយមាស សុខសោភា នោះ ពេលនេះក្រុមហ៊ុនក៏មិនទាន់មានការជំរុញដែរ ហេតុនេះហើយបានជាធ្វើឲ្យកេរ្ដិ៍ឈ្មោះគេនៅទ្រឹង មានភាពយឺតយ៉ាវជាងនី រតនា ដែលគេមើលឃើញថា មានសមត្ថភាពក្រោមខ្លួននៅហង្សមាស នោះ។

ម៉ៅ ហាជី រៀបរាប់ថា ”បទចម្រៀងខ្ញុំនៅថោន ដូចជាមិនបញ្ហាអីទេ គឺមានជាហូរហែដែរ ហើយការងារសិល្បៈរបស់ខ្ញុំ គឺនៅតែរវល់ជាប់រហូតហ្នឹង។ និយាយទៅ តាំងពីចុងខែតុលា ខ្ញុំចុះច្រៀងកម្មវិធីគេរហូត តាមខេត្តក៏មាន នៅក្រុងក៏មាន ហើយខ្ញុំមិនប្រកាន់ខ្លួនថាទាល់តែកម្មវិធីធំៗបានច្រៀងនោះទេកម្មវិធីអីក៏ខ្ញុំទទួលដែរ អីចឹងសូម្បីតែមង្គលការខ្ញុំទទួលបានច្រើនដែរឆ្នាំនេះ។ ក្រុមហ៊ុនផ្សេងៗក៏មានការទាក់ទងមកខ្ញុំច្រើនដែរ ឥឡូវអីចឹងទីផ្សារខ្ញុំដូចជាមិនអីទេ។ ថ្មីៗនេះដែរ ខ្ញុំបានបង្កើតក្រុមរាំផ្ទាល់ខ្លួនដែរ គឺមានសមាជិក៤នាក់ សុទ្ធតែប្រុស ហើយពួកយើងទើបតែហាត់បានខ្លះៗជាមួយគ្នា មិនទាន់អាចយកមកឡើងឆាកបានទេ។ ប៉ុន្ដែប្រហែលជាកន្លះខែខាងមុខនេះទៀត ខ្ញុំនឹងចាប់ផ្ដើមយកក្រុមរាំឡើងឆាក ហើយអីចឹងខ្ញុំតម្រូវឲ្យមានបទញាក់ច្រើនជាងមុនដែរ ហើយខ្ញុំយល់ថា ពេលនេះតម្រូវការទីផ្សារ គឺត្រូវតែមានក្រុមរាំ ទើបដើរតាមគេទាន់”។

ម៉ៅ ហាជី ដែលរងការចោទថា លាក់រឿងបែកបាក់ប្រពន្ធកូននោះ ពេលនេះបានផ្លាស់ប្ដូរការជិះរថយន្ដទំនើបៗជាបន្ដបន្ទាប់ និងចុងក្រោយជិះ Toyata Tundra តម្លៃជាង៤ម៉ឺនដុល្លារ ហើយរូបគេក៏ទិញបានផ្ទះ១ល្វែង តម្លៃជាង៥ម៉ឺនដុល្លារផងដែរ ទើបមានអ្នកខ្លះនិយាយថា ហាជី មានគូស្នេហ៍ថ្មីជួយឧបត្ថម្ភ តែតារាថោន រូបនេះ ថា ប្រាក់ទាំងនោះគឺបានមកពីការច្រៀងតាម Concert គ្មានអ្នកណាជួយជ្រោមជ្រែងឡើយ៕

RELATED ARTICLES