ភ្នំពេញ ៖ តារាចម្រៀងសំឡេងស្រទន់ ប្រចាំផលិតកម្មថោន កញ្ញាមាស សុខសោភា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបង្ហាញខ្លួនក្នុងស្ថានភាពសិចស៊ីគួរឱ្យភ្ញាក់ផ្អើលនៅក្នុង ថ្ងៃខួបកំណើតកូនស្រីអ្នកនាងច័ន្ទ សុផានី ដែលត្រូវបានតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកហ្សូណូ ជាឪពុកក្មេងស្រីតូច បាននាំកូនស្រីទៅកម្សាន្តនៅឯមាត់សមុទ្រខេត្តព្រះសីហនុ ក្នុងថ្ងៃខួបកំណើត។
ថ្មីៗនេះ តារាចម្រៀងមាស សុខសោភា និងលោកហ្សូណូ បានធ្វើឱ្យមហាជនជាច្រើន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាទាំង ២ដួងនេះ បានបង្ហោះនូវវីដេអូឃ្លីបមួយបង្ហាញ ពីសកម្មភាព Surprise ខួបកំណើតឱ្យក្មេងស្រី ឈ្មោះរ៉ូមី ដែលគេស្គាល់ថា ជាកូនស្រីបង្កើតរបស់លោកហ្សូណូ និងអ្នកនាងច័ន្ទ សុផានី។
តាមរយៈវីដេអូឃ្លីបរយៈពេល១នាទីនិង ២៨វិនាទី គេឃើញលោកហ្សូណូ និងមាស សុខ សោភា បានកាន់នំខួបកំណើតធំមួយចូលទៅពញ្ញាក់អារម្មណ៍កុមារីរ៉ូមី ដល់ក្នុងបន្ទប់រៀន ខណៈកូនស្រីលោកហ្សូណូ រូបនេះកំពុងអង្គុយលេងជាមួយមិត្តភក្តិក្នុងម៉ោងសម្រាក។
បន្ទាប់មកតារាចម្រៀងមាស សុខសោភា បានបង្ហោះរូបភាពសិចស៊ីដ៏កម្រ២សន្លឹក ស្ថិតក្នុង សម្លៀកបំពាក់ប៊ីគីនី ឈរប្របនឹងឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ជាមួយក្មេងស្រីរ៉ូមី ព្រមទាំង សរសេរសារយ៉ាងខ្លីនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា “ថ្ងៃនេះនៅឆ្នេរសមុទ្រ រីករាយ ថ្ងៃខួបកំណើតក្មួយស្រី”។
ក្រោយពីបង្ហោះរូបភាពសិចស៊ីដែលកម្របានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកមក បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនបានចែករំលែកតៗគ្នា ហើយក្នុងនោះមានអ្នកខ្លះបានពោលសរសើរថា រូបរាងតារាចម្រៀងមាស សុខសោភា ពិតជាស្រឡូន សិចស៊ី មិនធម្មតាឡើយ។
គួរបញ្ជាក់ថា កុមារីរ៉ូមី គឺជាកូនស្រីបង្កើតរបស់តារាចម្រៀងហ្សូណូ និងអ្នកនាងច័ន្ទ សុផានី ហើយលោកហ្សូណូ ក៏ជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់ជាមួយតារាចម្រៀងមាស សុខសោភា តាំងពីយូរណាស់មកហើយ។ ហេតុនេះទើបបានជាតារាចម្រៀងទាំង២រូបនេះ បានរៀបចំពិធីខួប កំណើតឱ្យកុមារីរ៉ូមី ព្រមទាំងនាំនាងដើរកម្សាន្តយ៉ាងកក់ក្តៅ មិនខុសពីឪពុកម្តាយនោះឡើយ៕