តារាសម្ដែងស្រអែមស្រស់ដែលជាតួឯកស្រី ក្នុងរឿង ”ហ្លួងព្រះស្ដេចកន” កញ្ញាឆុំ វត្តី បានលេចមុខជាថ្មីក្នុងកម្មវិធីសែនក្រុងពលីរឿង ”ភូមិគ្រឹះ១០០ល្បិច” របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយមានអ្នកសារព័ត៌មានជាច្រើនបានចូលរួមផងដែរ។
រឿង ”ភូមិគ្រឹះ១០០ល្បិច” តួឯកស្រីឆុំ វត្តី ត្រូវចាប់ដៃគូជាមួយតួឯកប្រុសរូបសង្ហា លោកសាយ សៀរ៉ា ហើយក៏មានតារាជាច្រើនទៀតបានចូលរួម មានដូចជា ឌី លីណា, លីម មួយហ្គិច, ភឺ ឌីម៉ៃ, អ៊ីន រីដា, ដាវ ដារីកា, ឡាយ ថាវី, ពៅ ថាវី, ហួត សុលាភ, ញឹម សុខា, សេង ម៉ានិត, ប៉ែន ពិសី , ប៉ែន ចាន់ពត, ផាណា ម៉ុច, កែវ សុវណ្ណី។ ដោយឡែកតារាប្រុស មានដូចជា លោកឡិម សិចប៉ុង, ទេព រិទ្ធីនី, ដារ៉ា សម្ភស្ស, ឃិន ប៊ុនណា, សូ សាវី, តេង វាសនា, គិត មនោរម្យ។
ឆុំ វត្តី ដែលឆក់បានតំណែងជាតួឯកស្រីនោះ និយាយទាំងសប្បាយរីករាយថា ”នេះជាលើកទី៣ហើយសម្រាប់ខ្ញុំ ក្នុងការសម្ដែងរឿងភាគរបស់ប៉ុស្ដិ៍លេខ៥ មានដូចជារឿង ”វីរៈសេនីយកំពូលស្នេហ៍”, ”ឈាមស្នេហ៍ក្បត់បេះដូង” និងរឿង ”ភូមិគ្រឹះ១០០ល្បិច” នេះ។ ចំពោះការសម្ដែងរឿងនេះ គឺខ្ញុំសម្ដែងជាកូនស្រីទោលរបស់លោកឧកញ៉ាពាណិជ្ជធន និងលោកជំទាវបទុម។ ខ្ញុំជាក្មេងស្រីដែលឧស្សាហ៍រួសរាយ ក្លាហានដូចជាមនុស្សប្រុស ចិត្តគំនិតរឹងមាំប្រាជ្ញាឆ្លាតវៃ ហើយជាមនុស្សមិនចេះខ្លាចអ្នកណា។ នេះជាលើកទី១សម្រាប់ខ្ញុំ ក្នុងការចាប់ដៃជាមួយលោកសៀរ៉ា ហើយសង្ឃឹមថា ពួកយើងនឹងធ្វើការជាមួយគ្នាឲ្យបានល្អជាមិនខាន”។
ដោយឡែក លោកសាយ សៀរ៉ា បានឲ្យដឹងដែរថា ”ក្នុងរឿងនេះខ្ញុំសម្ដែងជាមន្ដ្រីយោធា រូបរាងខ្ពស់ស្រឡះ មាឌធំ សាច់ដុំធំ ថ្លៃថ្នូរ ជាមនុស្សឆ្លៀវឆ្លាត ម៉ឺងម៉ាត់ ចិត្តត្រជាក់ ពូកែនិយាយ ពូកែចរចាស្នេហា និងជាមនុស្សរ៉ូម៉ែនទិក។ ការសម្ដែងឲ្យប៉ុស្ដិ៍លេខ៥នេះ គឺជាលើកទី៣ដែរសម្រាប់ខ្ញុំហើយ ជាមួយឆុំ វត្តី គឺជាលើកទី១ តែមិនអីទេពួកយើងនឹងសហការគ្នាឲ្យបានល្អ សម្ដែងឲ្យអស់ពីសមត្ថភាពជាមិនខាន”។
គួរបញ្ជាក់ថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ មានគោលការណ៍ផលិតរឿងភាគខ្មែរឲ្យបាន២៤រឿង យ៉ាងហោចណាស់ឲ្យបាន១៥រឿងដែរ ក្នុង១ឆ្នាំ ដើម្បីឲ្យភាពយន្ដខ្មែរមានការរីកចម្រើនជាងនេះ ក្រោយពេលដែលរដ្ឋាភិបាលតម្រូវឲ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ដាក់បញ្ចាំងរឿងខ្មែរនៅម៉ោងមាសវិញនោះ។
លោកស៊ិន សុផាត ប្រធានគណៈកម្មាការត្រួតពិនិត្យកម្មវិធីប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”រឿង ”ភូមិគ្រឹះ១០០ល្បិច” នេះ យើងចេញថតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ទៅហើយ ដែលមានរយៈពេល៣ទៅ៣ខែកន្លះ ហើយរឿងនេះមិនបុរាណពេក ហើយក៏មិនសម័យពេកដែរ គឺមានជាសម័យល្វែកផងដែរ។ រឿងនេះគឺយើងបានយករឿងភាគរបស់ថៃ មកកែច្នៃទៅជាលក្ខណៈវប្បធម៌ខ្មែរ ហើយមានជាង៣០ភាគ ហើយយើងចំណាយថវិការច្រើនជាងរឿងមុនៗ។ នេះគឺជារឿងភាគខ្មែរទី១០ហើយ ដែលប៉ុស្ដិ៍លេខ៥ បានផលិតមានដូចជារឿង ”ភ្លើងស្នេហ៍ភ្លើងឬស្យា”, “នាងនាថបាត់ដំបង”, ”កូនក្រមុំលោកមេឃុំ”, ”ហង្សបាក់ស្លាប”, ”ចម្ការម្លប់ស្នេហ៍”, ”ទណ្ឌកម្មស្នេហ៍”…។ រឿងនេះគឺបានឆ្លុះបញ្ចាំងពីការរស់នៅរបស់គ្រួសារអភិជនមួយ មានល្បិចឈ្នានីសគ្នាក្នុងរឿងស្នេហា ហើយមានបញ្ចូលទៅក្នុងមន្ដអាគម អបិយជំនឿ…”។
លោក Nuttavudh Photisaro ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ដែលជាតំណាងឲ្យលោកសុផាឆៃវីរៈ ភុឆុង អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានមានប្រសាសន៍ថា ”នេះជាថ្ងៃលើកដំបូងដែលខ្ញុំបានចូលរួមពិធីក្រុងពលីរបស់ប៉ុស្ដិ៍លេខ៥ ខ្ញុំបាននិយាយពិភាក្សាជាមួយលោកអ្នកដឹកនាំរឿង ហើយយើងសង្ឃឹមថា រឿងយើងប្រាកដជាល្បី ទោះជាតារាមួយចំនួនមិនធ្លាប់សម្ដែងឲ្យប៉ុស្ដិ៍លេខ៥ ក្ដី តែយើងរួមសហការគ្នាខិតខំទាំងអស់គ្នា គឺយើងនឹងបានជោគជ័យទាំងអស់គ្នា អ្នកដឹកនាំរឿងយើងគាត់ពូកែៗ ហើយមានការសហការគ្នាល្អជាមួយតារាៗនោះ គឺនឹងធ្វើឲ្យរឿងយើងបានជោគជ័យ អីចឹងសូមឲ្យក្រុមការងារ និងតារាថតរឿងនេះទាំងអស់គ្នា ធ្វើការដោយសប្បាយចិត្តជាមួយគ្នា យើងនឹងបានលទ្ធផលល្អជាមិនខាន”៕