សំណាងណាស់!!! និស្សិតលួចម៉ូតូនិងទូរស័ព្ទនិស្សិត រកឃើញតាមប្រព័ន្ធ ICloud

ភ្នំពេញ ៖ ​ជនសង្ស័យម្នាក់បានលួចកាបូបស្ពាយ និងម៉ូតូមួយគ្រឿង របស់បុរសម្នាក់ដែលកំពុងចូលទៅហាត់ប្រាណបានសម្រេច កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងហាត់ប្រាណយីហោ គីញគុង តាមបណ្តោយផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យបានជិះរត់គេចខ្លួនបាត់​ ក៏ត្រូវបានជនរងគ្រោះឆែកប្រព័ន្ធ ICloud នៅជាប់និងទូរស័ព្ទដែលនៅក្នុងកាបូប ហើយដេញតាមរហូតទើបអាចចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅត្រង់ចំណុចខាងមុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

 

ជនរងគ្រោះមានឈ្មោះ ម៉ា វីន ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាម្ចាស់ម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1DM-1627។ ចំណែកជនសង្ស័យមានឈ្មោះ មិត្ត សុវណ្ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

 

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចូលទៅជិះម៉ូតូចូលទៅហាត់ប្រាណនៅក្នុងកន្លែងកើតហេតុខាងលើ​ បានផ្ញើម៉ូតូ ហើយក៏ចូលទៅហាត់ប្រាណ ដោយទុកកាបូបស្ពាយចោល ស្រាប់តែមួយសន្ទុះក្រោយមក ក៏មិនឃើញកាបូបរបស់ខ្លួនដែលមានកាបូបលុយ ទូរស័ព្ទ iPhone6 Plus មួយគ្រឿង និងរបស់របរផ្សេងៗ ហើយជនរងគ្រោះក៏បានទៅសូមកាមេរ៉ាសុវត្ថិភាពរបស់ក្លឹបហាត់ប្រាណមើល។ បន្ទាប់មកពេលដែលជនរងគ្រោះងាកមើលម៉ូតូ ស្រាប់តែមិនឃើញម៉ូតូ ក៏ឆោឡោបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។ តែសំណាងល្អដែលទូរស័ព្ទនៅក្នុងកាបូបស្ពាយរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យលួចយកទៅនោះ មានភ្ជាប់ប្រព័ន្ធ Icloud ហើយភា្លមៗនោះ ជនរងគ្រោះក៏បានឆែកមើល និងដើររកជនសង្ស័យតាមប្រព័ន្ធ ICloud ជាមួយនិងសមត្ថកិច្ច រហូតដល់ត្រង់ចំណុចខាងលើ ប្រព័ន្ធ Icloud ក៏បានចង្អុលបង្ហាញថា ទូរស័ព្ទរបស់ជនរងគ្រោះនៅក្នុងកែបម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DG-6050 ដែលឈប់ចតនៅខាងមុខហាងសាច់អាំងខាងលើ ហើយខណៈពេលនោះ ជនសង្ស័យក៏បានដើរចេញមកយកម៉ូតូ រួចក៏ត្រូវបានជនរងគ្រោះ រួមទាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើ
សកម្មភាពលួចកាបូបស្ពាយ និងម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយនៅមុនពេលកើតហេតុ គេបានជិះម៉ូតូធូដេ ខាងលើ ទៅចូលបន្លំធ្វើជាទៅហាត់ប្រាណ ហើយខណៈឃើញជនរងគ្រោះកំពុងហាត់ប្រាណ រូបគេក៏ឆ្លៀតឱកាសលួចយកកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច បន្ទាប់មករូបគេបានយកម៉ូតូធូដេ ខាងលើ ទៅផ្ញើនៅមន្ទីរពេទ្យកុមារជាតិ ហើយបានត្រឡប់មកធ្វើសកម្មភាពបន្លំលួចយកម៉ូតូរបស់ជនរងគ្រោះដែលផ្ញើនៅកន្លែងហាត់ ទៅផ្ញើទុកនៅផ្សារទំនើបរតនាផ្លាហ្សា។ រួចមករូបគេបានត្រឡប់ទៅម៉ូតូធូដេខាងលើវិញ ហើយបានទៅដឹកមិត្តភក្តីម្នាក់ទៀតទៅអង្គុយហូបសាច់អាំងនៅកន្លែងកើតហេតុខាងលើ លុះដល់ចេញមកវិញ ក៏ត្រូវបានជនរងគ្រោះ និងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកល្អក់ទី១ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាត់ការតាម
នីតិវិធី​ ដោយឡែកម៉ូតូរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យលួចយកទៅផ្ញើរនៅផ្សារទំនើបរតនាផ្លាហ្សា ត្រូវបានសមត្ថកិច្ចទៅធ្វើការយកត្រឡប់មកវិញ ដើម្បីប្រគល់ទៅឲ្យជនរងគ្រោះ៕