Sunday, December 22, 2024
Homeបរិយាយអ្នក​នយោ​បាយ​ណា​ក៏​ស្នេ​ហា​ជាតិ

អ្នក​នយោ​បាយ​ណា​ក៏​ស្នេ​ហា​ជាតិ

អ្នកនិពន្ធបារាំងម្នាក់ ឈ្មោះលោកគួរីយេរ (Courier)បានសរសេរអត្ថបទទាក់ទងនឹងនយោបាយថា “On ne peut avoir raison contre son pays” ដែលប្រែសម្រួលថា “គេមិនអាចនឹងសំអាងលើវិចារណញ្ញាណអ្វីដើម្បីធ្វើការប្រឆាំង នឹងប្រទេសជាតិមាតុភូមិរបស់ខ្លួនបានឡើយ”។ សំណេរនេះ មានន័យថា “អ្នកនយោបាយណាក៏ស្នេហាជាតិដូចគ្នា” ទោះ ជាជាតិសាសន៍ណាក៏ដោយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ជាទូទៅ អ្នកនយោបាយ មានបុគ្គលិកលក្ខណៈខុសពីមនុស្សសាមញ្ញ ដោយសារគាត់មានប្រាជ្ញា កលល្បិចក្រឡេច- ក្រឡុចមើលមិនឆ្លុះ ពោលគឺមិនដែលមានអ្នកនយោបាយណាដើរត្រង់ភ្លឹងនោះទេ ចាំបាច់ត្រូវតែចេះបត់បែនទៅតាមកាលៈទេសៈ។ ចំពោះអ្នកនយោបាយកាន់អំណាច ក៏ដូចជាអ្នកនយោបាយប្រឆាំង ឬមេឧទ្ទាម មេបដិ វត្តន៍ បង្កលក្ខណៈប្រឆាំង រដ្ឋអំណាច សុទ្ធតែអួតអាងដូចគ្នាថា ពួកគាត់ជាអ្នកស្នេហាជាតិបរិសុទ្ធ មិនដែលមានអ្នកណាលើកស្លាកបង្ហាញសាធារណជន ថា ខ្លួនជា “ជនក្បត់ជាតិ” នោះឡើយ។ រីឯ ពាក្យថា “ក្បត់ជាតិ” គឺភាគីម្ខាងជាអ្នកដាក់ឱ្យទេ ដើម្បីចោទប្រកាន់ទម្លាក់ កំហុសអ្នកនយោបាយម្ខាងទៀតឱ្យធ្លាក់ប្រជាប្រិយភាព។ ឧទាហរណ៍ ឃុនហ្លួងព្រះស្តេចកន បានលើកតម្កើងព្រះអង្គថា ជាអ្នកស្នេហាជាតិបរិសុទ្ធ ប៉ុន្តែព្រះចន្ទរាជា បាន ចោទ ស្តេចកន ថាជាជនក្បត់ជាតិ ជ្រែករាជ្យ នាំជាតិមាតុភូមិឱ្យផ្ទុះសង្គ្រាម។ រដ្ឋាភិបាលក្រោមអំណាចបារាំង បានចោទប្រកាន់អាចារ្យស្វា ពោធិ៍កំបោរ ស្នងសូរ មនោកែវ ថាជាជនក្បត់ជាតិ ប៉ុន្តែ រដ្ឋាភិបាលលន់ នល់ បានលើកតម្កើងបុព្វបុរសទាំងនេះថា ជាវីរជនស្នេហាជាតិមាតុភូមិ។ ពួកដឹកនាំរដ្ឋប្រហារ បានជំរុញឱ្យតុលាការសឹកកាត់ទោសសម្តេចឪ ព្រះបរមរតនកោដ្ឋ ដោយចោទប្រកាន់ព្រះអង្គ ពីបទក្បត់ជាតិ លក់ទឹកដីឱ្យវៀតកុង វៀតណាម ខាងជើង ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរស្ទើរពេញមួយនគរ លើកតម្កើងព្រះអង្គថា ជា “ព្រះមហាវីរក្សត្រ” ជាស្តេចស្នេហាជាតិ មាតុភូមិ៘

ដូច្នេះយើងឃើញថា គ្មានអ្នកនយោបាយណា “សំអាងលើវិចារណញ្ញាណអ្វីដើម្បីប្រឆាំងនឹងជាតិមាតុភូមិរបស់ខ្លួននោះ ឡើយ” ទោះជាកំពុងកាន់អំណាច ក៏ស្នេហាជាតិ កំពុងតស៊ូបដិវត្តន៍ ក៏ស្នេហាជាតិ។ ជំនាន់ប៉ុល ពត អង្គការបានបំពាក់ មនោគមន៍វិជ្ជាថា “លើកទំនប់ ជីកប្រឡាយ គឺស្នេហាជាតិ” លុះមកដល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏មានពាក្យ ស្លោកថា “លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ”។ ដល់យូរៗទៅ ក៏មានការផ្សព្វផ្សាយស្រាបៀរថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ” លុះ អ្នកផឹកស្រវឹង ក៏បន្ថែមរបោយថា “ស្រវឹងស្រាបៀរខ្ញុំ ស្នេហាជាតិខ្ញុំ”

ពាក្យ “ស្នេហាជាតិ និងក្បត់ជាតិ” ដើរទន្ទឹមគ្នារហូត ក្នុងករណីស្រុកទេសមានសង្គ្រាម ឬមានជម្លោះនយោបាយ គឺ បើភាគីម្ខាងតាំងខ្លួនថា ជាអ្នកស្នេហាជាតិ ក៏ចោទភាគីម្ខាងទៀតថា ជាជនក្បត់ជាតិ។ អ្នកនយោបាយជាប់ឈ្មោះជាជន ក្បត់ជាតិ ចៀសមិនផុតពីការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារ ឧទាហរណ៍ ព្រាប អ៊ិន, ចៅ បូរី, សៅ ង៉ុយ, មធុរ៉ា ដែលចូលរួមក្នុងចលនា “ខ្មែរសេរី” ត្រូវទទួលទោសប្រហារជីវិត ក្រោមអំណាចសាលក្រមតុលាការចោទប្រកាន់ពីបទក្បត់ ជាតិ ដែលតុលាការនោះនៅក្រោមសម្ពាធរដ្ឋាភិបាលសម័យសង្គមរាស្ត្រនិយម។ លុះដល់លោកសឺង ង៉ុកថាញ់ បានកាន់ តំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ក៏លើកសរសើរព្រាប អ៊ិន ចៅ បូរី… ជាអតីតសហការីគាត់ថា ជា “វីរបុរសស្នេហាជាតិ”

បើវិភាគឱ្យល្អិតល្អន់ទៅ “គ្មានអ្នកនយោបាយណាទូលផែនដីស្រុកខ្មែរ ទៅលក់ឱ្យគេនោះទេ” ទោះជាគាត់ប្រឆាំង ក៏តែងឃោសនាថា ជាអ្នកស្នេហាជាតិ។ អ្នករត់ចូលព្រៃ ក៏មានលេសចោទប្រកាន់រដ្ឋាភិបាលថាក្បត់ជាតិដែរ។ ជាក់ស្តែង មេដឹកនាំខ្មែរក្រហម បានចោទរបបលន់ នល់ ថាក្បត់ជាតិ គឺលាបពណ៌គ្នាដើម្បីអូសទាញការគាំទ្រពីប្រជាពលរដ្ឋ។ ជួន- កាលក៏មានជនជាតិខ្មែរខ្លះ មិនអាចប្រកែកបាននូវពាក្យថា ក្បត់ជាតិ ព្រោះតែខ្លួនរណបបរទេស មិនព្រមរើបម្រះ។ ឧទាហរណ៍ “ចៅពញាអុង” ដែលជាបុត្រព្រះស្រីសុរិយោទ័យ ដែលភៀសទៅគង់នៅស្រុកសៀម ត្រូវបានស្តេចសៀម តែងតាំងជាចៅហ្វាយខេត្តសុវណ្ណខាក់លោក និងជាព្រះរាជបុត្រធម៌។ ស្តេចសៀម បានប្រើ ពញាអុង ឱ្យលើកទ័ពមកវាយខ្មែរ ហើយទីបំផុត ក៏ត្រូវសរធ្លាក់ពីលើខ្នងដំរី ត្រូវបានព្រះចន្ទរាជា លើកព្រះសពធ្វើបុណ្យថ្វាយព្រះភ្លើង តាមប្រពៃណីក្សត្រ។ មានន័យថា ចៅពញាអុង ក្បត់ជាតិដោយមិនដឹងខ្លួន ព្រោះព្រះអង្គធំដឹងក្តីនៅស្រុកសៀម សុខចិត្តធ្វើអ្វីៗតាមបញ្ជាគេ ដើម្បីបុណ្យស័ក្តិ និងទ្រព្យសម្បត្តិ។ រីឯ “ពិភេកហោរា” ដែលរត់ទៅចុះចូលជាមួយ “ព្រះរាម” នោះ បើយោងតាមច្បាប់ គេថា គាត់ក្បត់ ជាតិដែរ ប៉ុន្តែ ដោយសារ “ក្រុងរាពណ៍” ដោះស្បែកជើងវាយក្បាលប្អូន ដែលទាយត្រង់ៗពីមុខចំណោមមន្ត្រី ទើបពិភេកហោរា រត់ចោលបង ហើយទីបំផុត ពិភេកហោរា បានបង្ហាញពីលក្ខណៈស្នេហាជាតិសុទ្ធសាធ។

សព្វថ្ងៃ ពាក្យ “ស្នេហាជាតិ និងក្បត់ជាតិ” ត្រូវបានអ្នកនយោបាយយកមកប្រើទៀតហើយ ខណៈដែលបក្សកាន់អំណាច និងបក្សប្រឆាំង កំពុងត្រៀមយកឈ្នះគ្នាលើសង្វៀនប្រជាធិបតេយ្យ នាឆ្នាំ២០១៧-២០១៨ ខាងមុខ។ សពលោកបណ្ឌិត កែម ឡី ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចអ្នកមាននិន្នាការប្រឆាំង លើកតម្កើងជា “វីរបុរសស្នេហាជាតិ”។ ផ្ទុយ ទៅវិញ លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវជាប់ចោទពីបទក្បត់ជាតិ ពាក់ព័ន្ធការក្លែងឯកសារ សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែ អ្នកគាំទ្រគាត់ផ្តល់តម្លៃថា គាត់ជាអ្នកស្នេហាជាតិ ព្រោះហ៊ានសើរើរឿងព្រំប្រទល់។ ថ្មីៗនេះទៀត លោកកឹម សុខា ប្រធានស្តីទីបក្សប្រឆាំង បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា “ខ្ញុំសង្កេតឃើញថា ទោះបីក្នុងកាលៈទេសៈខ្លះក្នុងក្រុម ឬបក្សខ្លះ មិនអាចបញ្ចោញនូវស្មារតីស្នេហាជាតិក៏ដោយ ក៏ប៉ុន្តែ ខ្ញុំកឹម សុខា នៅតែមាន ជំនឿថា ខ្មែរមានឈាមអ្នកស្នេហាជាតិមិនសាបរលាបឡើយ”។ សំណេរនេះមានន័យថា អ្នកដែលប្រឆាំងរដ្ឋាភិបាល ហ៊ាន រិះគន់សង្គម គឺជាអ្នកស្នេហាជាតិនេះឯង ប៉ុន្តែ បើការរិះគន់នោះជ្រុលជ្រួសដូចលោកហុង សុខហួរ ដែលបង្ហោះផែនទីខុសពី អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ នឹងត្រូវជាប់ចោទពីបទក្បត់ជាតិ។

ដូច្នេះ យើងមិនឆ្ងល់ទេថា បើមានអ្នកស្នេហាជាតិច្រើន អ្នកក្បត់ជាតិក៏ច្រើនដែរ ព្រោះនាមស័ព្ទទាំងពីរនេះជាគូគ្នា ដូចអាក្រក់និងល្អ សនិងខ្មៅ ជាដើម។ មនុស្សបើកាលណាស្អប់គ្នា ក៏ចោទប្រកាន់គ្នាតាមកំហឹង និងគំនុំ ប៉ុន្តែ បើពាក់ព័ន្ធ នឹងនយោបាយ គេច្រើនយកពាក្យក្បត់ជាតិ ឬលក់ជាតិ មកប្រើ។ កាលពីសម័យបោះឆ្នោត ក្នុងទសវត្សឆ្នាំ១៩៥០ មាន គណបក្សនយោបាយមួយ ឈ្មោះ “គណបក្សតម្កើងប្រជាជាតិ” មានរូបហនុមានហោះទ្រផែនដី ជានិមិត្តសញ្ញា។ លុះចេញ ឃោសនារកសំឡេងឆ្នោត ក៏ត្រូវបក្សឯទៀតវាយប្រហារដោយពាក្យសម្តីថា “មេបក្សតម្កើងប្រជាជាតិ ជាជនក្បត់ជាតិ ទូលផែនដីទៅលក់ឱ្យយួន” ការដៀមដាមគ្នាយកតាមរូបសញ្ញានោះ យកជាការមិនបានទេ ដោយហេតុថា ចំណុចឈ្នះក្នុង យុទ្ធសាស្ត្រនយោបាយ គេយកពាក្យ “ស្នេហាជាតិ និងក្បត់ជាតិ” មកប្រើ។ ទោះយ៉ាងណាក៏អ្នកនយោបាយគ្រប់រូប គ្មាន លេសអ្វីទម្លាក់កំហុសចំពោះជាតិមាតុភូមិរបស់ខ្លួនបានឡើយ ជាពិសេស ចាំបាច់ត្រូវតែគោរពបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ទើបប្រជារាស្ត្រផ្តល់តម្លៃខ្ពស់។

សរុបទៅ សំណេរអ្នកនិពន្ធបារាំង ថា “គេមិនអាចនឹងសំអាងលើវិចារណញ្ញាណអ្វីដើម្បីធ្វើការប្រឆាំងនឹងប្រទេសជាតិ មាតុភូមិរបស់ខ្លួនបានឡើយ” គឺមានន័យយ៉ាងនេះឯង។ ទោះជាអាណិកជននៅក្រៅប្រទេស ក៏ស្នេហាជាតិដែរ ហើយសូម្បី ជនជាតិខ្មែរអ៊ិស្លាម ដែលបាត់បង់ប្រទេសកំណើតរបស់ខ្លួន ក៏បងប្អូនទាំងនោះមិនដែលភ្លេចប្រវត្តិសាស្ត្រទឹកដីចម្ប៉ា ដែល បង្ហាញពីលក្ខណៈស្នេហាជាតិនេះឯង។ ហេតុនេះ ខណៈដែលរដូវឃោសនាបោះឆ្នោតជិតចូលមកដល់ គួរតែអ្នកនយោបាយគ្រប់ និន្នាការ ឈប់លាបពណ៌គ្នាពីរឿង “ក្បត់ជាតិ” ព្រោះបុគ្គលណាក៏ស្នេហាជាតិដែរ។ រឿងក្បត់ជាតិដូចចៅពញាអុង ក៏ផ្តើម ចេញពីទស្សនៈរបស់អ្នកសិក្សាប្រវត្តិសាស្ត្រដែរ ដូច្នេះ បើមានជនក្បត់ជាតិស្រករក្រោយនេះកើតឡើង គួរទុកឱ្យប្រជាពលរដ្ឋ វិនិច្ឆ័យវិញ តាមរយៈការគូសសន្លឹកឆ្នោត ប្រកបដោយវិចារណញ្ញាណ និងតម្លាភាព៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES