ចាប់បានហើយ ចោរប្លន់សកម្មនៅភ្នំពេញ សម្ងំលាក់ខ្លួននៅបាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់ដ៏សកម្មម្នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងកក្រើកនៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតាមដីកាតុលាការ បន្ទាប់ពីជនសង្ស័យខាងលើបានព្យាយាមគេចមកសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យជាចោរប្លន់ដ៏សកម្មនេះ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះសុខ សុវណ្ណ ហៅបារាំង អាយុ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ តែសព្វថ្ងៃកំពុងសម្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរប្លន់យ៉ាងសកម្មខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចូលរួមសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនល្មើសម្នាក់ឈ្មោ់សុះខ សុវណ្ណ ហៅបារាំង តាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣០៨ ត.ព្រ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ របស់ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញ ពីបទ (លួចមានស្ថានទម្ងន់ទោស “ប្លន់”) នៅភូមិសាស្ត្រសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ ហើយរត់គេចខ្លួនមកសម្ងំស្នាក់នៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រោយចាប់ខ្លួន សមត្ថកិច្ចនគរបាលឆែកឆេររកឃើញសម្ភារៈពាក់ព័ន្ឋមួយចំនួន។  បច្ចុប្បន្នជនល្មើស ត្រូវបានប្រគល់ជូននាយកដ្ឋានជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕