ភ្នំពេញ ៖ ក្មេងទំនើង២ក្រុមអង្គុយលេងនៅម្ខាងផ្លូវម្នាក់ រួចក៏បោះសម្តីឌឺដងដាក់គ្នារហូតក្លាយ ជំលោះផ្ទុះជាអំពើហិង្សា ទាញដុំថ្ម គប់គ្នាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះ អន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន៦នាក់ នាំយកទៅសាកសួរកាលពី វេលាម៉ោង៩យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខភោជនីយដ្ឋាន ធីមកាហ្វេ តាមផ្លូវ១០១៩ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ភាគីក្មេងទំនើងទី១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៤នាក់ រួមមាន ទី១-ឈ្មោះវុធ តុងហាវ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះវ៉ាន់ សុខឡេង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះចិន ភារម្យ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះគឹម ធារ៉ា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង៤នាក់ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកភាគីក្មេងទំនើងទី២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន២នាក់ រួមមាន ទី១-ឈ្មោះឈួន ឧត្តម អាយុ១៧ឆ្នាំ មុខរបរលាងរថយន្ត និងទី២-ឈ្មោះ សុខ រិទ្ធ អាយុ១៨ឆ្នាំ មុខរបរលាងរថយន្ត។ ទាំង២នាក់ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញក្មេងទំនើង២ក្រុមខាងលើក្នុងនោះមានស្រីមាន ប្រុស បានអង្គុយលេងទល់មុខគ្នានៅម្ខាងផ្លូវម្នាក់ លុះមួយសន្ទុះក្រោយមក ស្រាប់តែក្មេងទំនើងទាំង២ក្រុមខាងលើ បែរជាបោះពាក្យសម្តីផ្លែផ្កា ដាក់គ្នារហូតឈានដល់ជំលោះ ផ្ទុះហិង្សាទាញដុំថ្មគប់ទៅវិញទៅមក ប៉ុន្តែមិនមានអ្នករងរបួសឡើយ គ្រាន់តែដុំថ្មខាងលើខ្ទាតទៅប៉ះកញ្ចក់ហាង ធីមកាហ្វេ បណ្តាលឱ្យមានស្នាមប្រះ២ទៅ៣ផ្ទាំងប៉ុណ្ណោះ។
ក្រោយកើតហេតុការ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងឃាត់បានភាគីសងខាងសរុបចំនួន៦នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្នុងករណីទំនាស់គ្នាខាងលើនេះ ក្រោយពីយកមកប៉ុស្តិ៍ធ្វើការសាកសួរ ភាគីសងខាងព្រមទទួល កំហុសខ្លួនដោយមិនមានអ្នកប្តឹងគ្នាឡើយ ហើយសមត្ថកិច្ចបានឱ្យអាណាព្យាបាលមកធ្វើកិច្ចស្ចន្យាធានាឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕