Sunday, January 26, 2025
Homeព័ត៌មានជាតិអ្នកកាសែតដឹកស្រីស្នេហ៍ទៅរួមរ័ក ស្រីចាក់១៧កាំបិតស្លាប់

អ្នកកាសែតដឹកស្រីស្នេហ៍ទៅរួមរ័ក ស្រីចាក់១៧កាំបិតស្លាប់

ខេត្តកណ្តាល ៖ បុរសជាអ្នកសារព័ត៌មានម្នាក់ បានដឹកស្រីស្នេហ៍ឡើងផ្ទះសំណាក់មួយកន្លែង ដើម្បីរួមរ័កមេត្រី ស្រាប់តែមិនដឹងជាមានរឿងអ្វីក៏ត្រូវស្រីស្នេហ៍ដៃឆៅចាក់ប្រហារប្រុសស្នេហ៍របស់ខ្លួនចំនួន១៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅលើពូក រួចក៏ចុះមកយកម៉ូតូរបស់ប្រុសស្នេហ៍ជិះគេចខ្លួនបាត់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ សំណាងណាស់ បន្ទប់លេខ១១ មានទីតាំងស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល។

បុរសរងគ្រោះ ដែលត្រូវស្រីស្នេហ៍ដាក់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងកោសជប់ម៉ាស្សា១កន្លែង និងក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានលំនៅក្នុងភូមិស្រែអម្ពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីបុរសឈ្មោះចែម ប៊ុនធី អាយុ ៣៤ឆ្នាំ ជាមេការផ្ទះសំណាក់យីហោ សំណាង ណាស់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនចាំស្លាកលេខ មានដឹកនារីម្នាក់ជាស្រីស្នេហ៍ ចូលមកជួលបន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់ សំណាង ណាស់។ ពេលមកដល់បុគ្គលិកិផ្ទះសំណាក់ បានឱ្យសោបន្ទប់លេខ១១ ទៅជនរងគ្រោះ ហើយជនរងគ្រោះក៏ដឹកដៃស្រីស្នេហ៍ឡើងទៅសម្ងំដេកក្នុងបន្ទប់លេខ១១ នោះបាត់ទៅ និងមិនឃើញអ្នកទាំង២ចេញមកវិញឡើយ ហើយក៏មិនមានសំឡេងឈ្លោះប្រកែកគ្នាអ្វីគួរឱ្យសង្ស័យដែរ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងប្រមាណ១និង៤៣នាទីរសៀលថ្ងៃដដែល ក៏ឃើញនារីសង្ស័យជាស្រីស្នេហ៍បានចេញមកក្រៅបន្ទប់ រួចទៅអង្គុយលើម៉ូតូរបស់ជនរងគ្រោះ និងបាននិយាយទូរស័ព្ទថា “ម៉េចអត់ស្គាល់កន្លែង នឹងទេឬ ចឹងចាំខ្ញុំចេញទៅយក…” ប៉ុន្តែមិនដឹងថា នារីរូបនោះនិយាយទូរស័ព្ទមែន ឬគ្រាន់តែធ្វើជានិយាយទូរស័ព្ទដើម្បីជាលេសចាកចេញទៅវិញ ចៀសវាងកុំឱ្យគេសង្ស័យនោះទេ។ បន្ទាប់មក នារីសង្ស័យក៏បានជិះម៉ូតូជនរងគ្រោះចេញទៅបាត់ស្រមោលរហូតតែម្តង មិនឃើញត្រឡប់មកវិញសោះ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះមកដល់វេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃដដែល ដោយមិនឃើញនារីរូបនោះត្រឡប់មកវិញ ចំណែកជនរងគ្រោះក៏មិនឃើញចេញពីបន្ទប់ទៀត ទើបធ្វើឱ្យកើតមានការសង្ស័យ ហើយភ្លាមនោះស្ត្រីឈ្មោះចាន់ សុខនីម អាយុ៣២ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ បានដើរទៅមើលក្នុងបន្ទប់លេខ១១នោះ និងឃើញថាទ្វារអត់ចាក់សោទេ លុះពេលរុញទ្វារ ចូលទៅមើលខាងក្នុង ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមលើគ្រែពូកបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើល ឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះមានស្នាមចាក់ប្រហារចំនួន១៧កាំបិត ចំត្រូវពោះ ចង្អុលដៃស្តាំ ខ្នងដៃខាងឆ្វេង បាតដៃខាងឆ្វេង និងភ្លៅខាងស្តាំ។ ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញភួយពណ៌ផ្កាឈូក១ កន្សែងពណ៌ក្រហមប្រឡាក់ដោយឈាម១ខ្នើយ គ្របសង្កត់លើមុខជនរងគ្រោះ១កម្រាលពូក ពណ៌ផ្កាឈូកប្រឡាក់ដោយឈាម១ ខោលីអូរពណ៌ក្រហមនៅលើពូកផ្នែកចុងជើង១ វ៉ែនតាខ្មៅ១ ខោជើងវែងពណ៌ត្រេអី១ អាវយឺតដៃវែងពណ៍ស លាយខ្មៅនិងខៀវ១ អាវយឺតវាលឃ្លៀក ពណ៌ខ្មៅ១ ស្រោមជើងមនុស្សស្រីពណ៌ខ្មៅ១គូ ស្រោមអនាម័យមិនទាន់ប្រើ២ ច្រាស់ដុសធ្មេញមិនទាន់ប្រើ២ សាប៊ូ២ដុំ ទឹកសុទ្ធ១ដប ជើងមាន់ឆ្អិន១កញ្ចប់ វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា១គ្រឿង មួកការពារសុវត្ថិភាព១ ខ្សែក១ខ្សែ កាំបិតចុងស្រួច ប្រឡាក់ឈាម១ និងសម្ភារៈមួយចំនួនទៀត។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីនេះគឺជាអំពើឃាតកម្ម ដែលជនដៃដល់មិនមានអ្នកណាឆ្ងាយក្រៅពីនារីជាស្រីស្នេហ៍ដែលត្រូវជនរងគ្រោះនាំឡើងផ្ទះសំណាក់នោះទេ។ តែយ៉ាងណា សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា ករណីនេះជាអំពើប្លន់សម្លាប់ ឬក៏ជារឿងគំនុំនោះទេ ប៉ុន្តែអ្វីដែលកត់សម្គាល់ គឺម៉ូតូរបស់ជនរងគ្រោះ ត្រូវបាននារីសង្ស័យជាឃាតករជិះយកទៅបាត់ ទៅហើយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនដៃដល់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES