ភ្នំពេញ ៖ បុរស៣នាក់ បានបបួលគ្នាចូលច្រៀងខារ៉ាអូខេ សែនរីករាយ ប៉ះចំកន្លែងកាប់ គ្រាន់តែផឹកស្រាបៀរដបចំនួន១កេះ គិតលុយអស់ចំនួន១៩៣ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២២ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងល្វា ចំណុចនៅក្នងភោជនីយដ្ឋាន និងខារ៉ាអូខេ សែនរីករាយ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមការបញ្ជាក់ពីបុរសជាភ្ញៀវម្នាក់ក្នុងចំណោម៣នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់ បានបបួលគ្នាចូលច្រៀងខារ៉ាអូខេ សែនរីករាយថ្មី តាំងពីម៉ោង១០យប់ ។ ពេលចូលទៅដល់ក្នុងហាងបានកុម៉ង់ស្រាបៀរដបចំនួន១កេះតម្លៃ ៣៥ដុល្លារ មិនបានកុម៉ង់ម្ហូបទេ ព្រោះមានម្ហូប Free បន្ទាប់មក បុរសម្នាក់ក្នុងចំណោម៣នាក់ បានប្រាប់ទៅមេការខារ៉ាអូខេនោះថា ត្រូវការនារីអង្គុយកំដរម្នាក់មួយ ។ លុះពេលនារីកំដមកដល់បានសុំហៅម្ហូបមួយចាន ហើយបានបន្តិចស្រាប់តែមានបុគ្គលិកលើកម្ហូបមក១ចានហើយ១ចានទៀត ធ្វើពួកគេមានការសង័្សយ បានសួរនាំទៅមិត្តភក្តិចូលរួមជាមួយគ្នា តើម្ហូបនេះអ្នកណាកុម្មង់ មិត្តភក្តិ២នាក់ទៀតឆ្លើយថា មិនបានកុម្មង់នោះទេ ។ ពេលនោះ ពួកគាត់ក៍មិនបានសួរវែងឆ្ងាយដែលគិតតែពីនាំគ្នាផឹកស៊ីសប្បាយជាធម្មតារហូតមកដល់ម៉ោងកើតហេតុខាងលើ បានហៅបុគ្គលិកម្នាក់មកគិតលុយ ស្រាប់តែគិតអស់ប្រាក់ចំនួន១៩៣ដុល្លារ ធ្វើឲ្យពួកគាត់ងឿងឆ្ងល់ ក៏បានសួរនាំទៅបុគ្គលិកហាងនោះថា ម៉េចក៏អស់ថ្លៃច្រើនម្ល៉េះ សូមគិតម្តងទៀតទៅ ទើបបុគ្គលិកអ្នកគិតលុយប្រាប់ថា ក្នុងនោះបានកុម៉ង់ម្ហូបអស់១៧ចាន ក្នុងមួយចានមានតម្លៃចាប់ពី៥ដុល្លារដល់១០ដុល្លារ សរុបទាំងអស់១៩៣ដុល្លារ ក៏ធ្វើឲ្យមានការផ្អើលឆោឡោពេញខារ៉ាអូខេ និងមានស្រ្តីម្នាក់មិនថា ជាបុគ្គលិកឬក៏ថៅកែស្រីទេ បានយកទូរស័ព្ទមកថតឡាយដោយនិយាយថាមានភ្ញៀវចូលផឹកស៊ីច្រៀងខារ៉ាអូខេអត់ឲ្យលុយ ។
ក្រោយពេលកើតហេតុផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុបាននិយាយថា ជារឿងដដែលដែលកើតមានស្ទើររាល់យប់ធ្វើឲ្យសមត្ថកិច្ចរកពេលដេកពួនមិនបានទេ ។ បន្ទាប់ពីកើតហេតុថៅកែហាងបានចេញមុខសម្របសម្រួលជាមួយភ្ញៀវ ចំណែកភ្ញៀវទាំង៣នាក់មិនចង់់មានរឿងវែងឆ្ងាយសុខចិត្តសងសំណង១៩៣ដុល្លារបញ្ចប់រឿង ៕