Monday, January 27, 2025
Homeព័ត៌មានជាតិបុរសពិការដើរហាត់ប្រាណសុខៗ ជនបែកថ្នាំចាក់១កាំបិត រួចទាញដែកវ៉ៃបែកក្បាល

បុរសពិការដើរហាត់ប្រាណសុខៗ ជនបែកថ្នាំចាក់១កាំបិត រួចទាញដែកវ៉ៃបែកក្បាល

ភ្នំពេញ ៖ បុរសជាជនពិការដៃខាងស្តាំម្នាក់ កំពុងតែដើរហាត់ប្រាណនៅលើសួរច្បារសុខៗ ក៏ស្រាប់តែមានបុរសបែកថ្នាំម្នាក់ ទាញកូនកាំបិតចុងស្រួចចាក់ប្រហារ១កាំបិត រួចយកដែកសរសៃវាយបន្ថែមទៀត បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងលិចសួនច្បារនាគបាញ់ទឹក តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនដៃដល់ដែលចាក់ប្រហារ និងវាយបុរសពិការឱ្យរងរបួសធ្ងន់ មានឈ្មោះសិទ្ធ បញ្ញា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៦ដេអឺ១ហ្សិត ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះម៉ រិទ្ធី អាយុ៥៥ឆ្នាំ ជាជនពិការដៃខាងស្តាំត្រឹមក្លៀក មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៧១បេ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជាជនពិការដៃ កំពុងតែដើរហាត់ប្រាណនៅលើសួនច្បារសុខៗ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទំនងជាមនុស្សបែកថ្នាំ បានដកកូនកាំបិតចុងស្រួច ចាក់ប្រហារទៅលើជនរងគ្រោះទាំងកំរោល បន្ទាប់ក៏យកដែកសរសៃប្រវែងជាងកន្លះម៉ែត្រ វាយទៅលើជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម និងត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកសុខលាភមេត្រី ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះ បានចូលមកជួយអន្តរាគមន៍ ចាប់វាយខ្នោះជនដៃដល់ នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដៃដល់ បានឆ្លើយសារភាពថា មូលហេតុដែលរូបគេវាយ និងចាក់ប្រហារទៅលើជនរងគ្រោះ គឺមកពីមានខ្មោច ឬកំរោលចូលខ្លួនរបស់គេ។

ចំណែកសមត្ថកិច្ចវិញបានប្រាប់ឱ្យដឹងថា ជនសង្ស័យគឺជាមនុស្សញៀនថ្នាំ ដោយប្រើប្រាស់ថ្នាំញៀនរហូតបែកថ្នាំឡើងរវើរវាយវង្វេងស្មារតី ទើបបែកគំនិតធ្វើសកម្មចាក់ទៅលើជនរងគ្រោះភ្លាមៗបែបនេះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES