ខេត្តកណ្តាល ៖ ស្ត្រីជាឃាតករដៃឆៅ ដែលធ្វើសកម្មភាពចាក់សម្លាប់ប្រុសស្នេហ៍របស់ខ្លួនចំនួន១៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥និង២៣នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន វាលស្រែ១០០ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ក្រោយចាប់ឃាត់ខ្លួនបាន ស្ត្រីសង្ស័យជាឃាតករដៃឆៅ បានឆ្លើយសារភាពថា មូលហេតុដែលនាងចាក់សម្លាប់ប្រុសស្នេហ៍ គឺដើម្បីប្លន់ទ្រព្យសម្បត្តិ ព្រោះនាងត្រូវការលុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តី ដែលកំពុងជាប់ពន្ធនាគារព្រៃស។
ស្ត្រីសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះផេង ណាន ហៅណា អាយុ៣៣ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានប្តីឈ្មោះសាត ប៊ុនចាន់ អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកដី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ពីបទល្មើសគ្រឿងញៀន។ ចំណែកបុរសរងគ្រោះ ដែលត្រូវស្រីស្នេហ៍ចាក់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងកោសជប់ម៉ាស្សា១កន្លែងផង ជាមន្ត្រីយោធានៅអង្គភាពកងពលតូច ទ័ពពិសេសឆត្រយោង៩១១ផង និងក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ឆ្លងតាមលទ្ធផលស៊ើបអង្កេតស្រាវជ្រាវរយៈពេល៤ថ្ងៃ កម្លាំងនគរបាលខេត្ត និងនគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឈានដល់ការបំបែកសំណុំរឿង ករណីឃាតកម្មខាងលើ ដោយចាប់ខ្លួនស្ត្រីសង្ស័យជាឃាតករបាន នៅវេលាម៉ោង៥ និង២៣នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន វាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយធ្វើការនាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុក អង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី។
នៅចំពោះសមត្ថកិច្ច ស្ត្រីជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទមកបបួលនាងទៅរួមភេទ ស្របពេលនោះដោយសារតែនាងកំពុងត្រូវការលុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តីដែលកំពុងជាប់ពន្ធនាគារព្រៃសផង ណាមួយ ឃើញជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើន ក៏មានគំនិតចង់សម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិនោះតែម្តង។
ស្ត្រីសង្ស័យបានឆ្លើយសារភាពទៀតថា ពេលនោះនាងបានទារតម្លៃខ្លួនក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឱ្យតែ២០ដុល្លារប៉ុណ្ណោះ ហើយនាងក៏យល់ព្រមទៅជាមួយ ដោយបានរៀបចំគម្រោងទុកជាមុន និងបានយកកូនកាំបិតចុងស្រួចលាក់ទុកក្នុងកាបូបរួចជាស្រេច។ លុះមកដល់វេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានទូរស័ព្ទដើម្បីណាត់គ្នារកកន្លែងរួមភេទ រហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ទើបជនរងគ្រោះបានជិះម៉ូតូមកទទួលនាងនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីទៅចូលដេកផ្ទះសំណាក់កើតហេតុ ដែលមានចម្ងាយប្រហែលកន្លះគីឡូម៉ែត្រប៉ុណ្ណេះពីកន្លែងដែលជនរងគ្រោះមកទទួលនាង។
ស្ត្រីសង្ស័យជាឃាតករ បានសារភាពបន្ថែមថា ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតឱកាសនោះ នាងបានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេករួចជាស្រេច លុះពេលជនរងគ្រោះចេញមកវិញ នាងក៏ចាប់ផ្តើម រួមភេទជាមួយគ្នា ហើយនាងក៏ទាមទារនៅពីលើ លុះមានឱកាសនាងក៏ទាញកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរមៀលធ្លាក់ពីលើគ្រែ ទើបនាងស្ទុះទៅចាក់បន្ថែមសរុបចំនួន១៧កាំបិត បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ក្រោយសម្លាប់ជនរងគ្រោះហើយ នាងបានចូលទៅងូតទឹកសម្អាតខ្លួនរួច ទើបប្រមូលយកគ្រឿងអលង្ការ លុយ ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដោយបានយកម៉ូតូទៅលក់ នៅហាងបញ្ចាំមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១៤៥០ដុល្លារ។
បន្ទាប់ពីទទួលបានចម្លើយសារភាពពីស្ត្រីសង្ស័យជាឃាតករខាងលើរួចមក នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ឈានដល់ការចុះឃាត់ខ្លួនស្ត្រីជាម្ចាស់ហាងបញ្ចាំមួយកន្លែង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលទទួលទិញម៉ូតូពីស្ត្រីសង្ស័យជាឃាតករ ក្នុងតម្លៃ១៤៥០ដុល្លារ និងបាននាំខ្លួនស្ត្រីជាអ្នកទទួលទិញផលចោរកម្មនោះ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះសំណាក់យីហោ សំណាងណាស់ បន្ទប់លេខ១១ មានទីតាំងស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ដោយបុរសជាអ្នកសារព័ត៌មានម្នាក់ បានដឹកស្រីស្នេហ៍ឡើងផ្ទះសំណាក់រួមរ័កមេត្រី ស្រាប់តែមិនដឹងជាមានរឿងអ្វី ក៏ត្រូវស្រីស្នេហ៍ដៃឆៅចាក់ប្រហារចំនួន១៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅលើពូក ចំណែកស្ត្រីជាឃាតករមុខស្រស់ បានចុះមកយកម៉ូតូរបស់ប្រុសស្នេហ៍ជិះគេចខ្លួនបាត់។
តាមសម្តីបុរសឈ្មោះចែម ប៊ុនធី អាយុ៣៤ឆ្នាំ ជាមេការផ្ទះសំណាក់យីហោ សំណាងណាស់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនចាំស្លាកលេខ មានដឹកនារីម្នាក់ជាស្រីស្នេហ៍ចូលមកជួលបន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់ សំណាងណាស់។ ពេលមកដល់ បុគ្គលិកិផ្ទះសំណាក់ បានឱ្យសោបន្ទប់លេខ១១ទៅជនរងគ្រោះ ហើយជនរងគ្រោះក៏ដឹកដៃស្រីស្នេហ៍ឡើងទៅសម្ងំដេកក្នុងបន្ទប់បាត់ទៅ។ រហូតមកដល់វេលាម៉ោង១និង៤៣នាទីរសៀលថ្ងៃដដែល ក៏ឃើញនារីសង្ស័យជាស្រីស្នេហ៍ បានចេញមកក្រៅបន្ទប់ រួចទៅអង្គុយលើម៉ូតូរបស់ជនរងគ្រោះ និងបាននិយាយទូរស័ព្ទថា “ម៉េចអត់ស្គាល់កន្លែងនឹងទេឬ ចឹងចាំខ្ញុំចេញទៅយក…” ប៉ុន្តែមិនដឹងថា នារីរូបនោះនិយាយទូរស័ព្ទមែន ឬគ្រាន់តែធ្វើជានិយាយទូរស័ព្ទ ដើម្បីជាលេសចាកចេញទៅវិញ ចៀសវាងកុំឱ្យគេសង្ស័យនោះទេ។ បន្ទាប់មក នារីសង្ស័យក៏បានជិះម៉ូតូជនរងគ្រោះចេញទៅបាត់ស្រមោលរហូតតែម្តង មិនឃើញត្រឡប់មកវិញសោះ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃដដែល ដោយមិនឃើញនារីរូបនោះត្រឡប់មកវិញ ចំណែកជនរង គ្រោះ ក៏មិនឃើញចេញពីបន្ទប់ទៀត ទើបធ្វើឱ្យកើតមានការសង្ស័យ ហើយភ្លាមនោះស្ត្រីឈ្មោះចាន់ សុខនីម អាយុ៣២ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ បានដើរទៅមើលក្នុងបន្ទប់លេខ១១នោះ និងឃើញថាទ្វារអត់ចាក់សោទេ លុះពេលរុញទ្វារ ចូលទៅមើលខាងក្នុង ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមលើគ្រែពូកបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ដោយឡែកយុវជនម្នាក់ដែលអះអាងថា ត្រូវជាកូនរបស់ជនរងគ្រោះបានឱ្យដឹងថា ឪពុករបស់ខ្លួនមានប្រពន្ធចុងម្នាក់ទៀត និងតែងតែបានទៅស្នាក់នៅជាមួយប្រពន្ធចុងនោះច្រើនជាងស្នាក់នៅផ្ទះចាស់ ដោយយូរទើបមកផ្ទះម្តង។ ប៉ុន្តែ ថ្វីត្បិតតែគាត់មិនសូវនៅរួមរស់ជាមួយក្រុម គ្រួសារពិតមែន តែនៅមានការទំនាក់ទំនងគ្នាជាប់មិនដាច់ ដោយគាត់តែងទូរស័ព្ទរកកូនៗ និងប្រពន្ធដើមរហូត។ មិនតែប៉ុណ្ណោះ ឪពុកខ្លួនហ៊ានខ្លាំងណាស់ អត់ចេះខ្លាចនរណាទេ ទៅណាមកណាតែងតែទៅម្នាក់ឯងប៉ុណ្ណោះ ទើបមានគ្រោះថ្នាក់បែបនេះ។
កូនប្រុសជនរងគ្រោះបន្តថា ជាក់ស្តែង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ មករា ដែលជាថ្ងៃកើតហេតុ គាត់បានទូរស័ព្ទមកខ្លួនម្តង ហើយក្រោយមក ស្រាប់តែទូរស័ព្ទលែងចូលរហូតតែម្តង។ ពេលនោះ បានធ្វើឱ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង លុះដល់វេលាយប់ ស្រាប់តែទទួលដំណឹងថា ឪពុកត្រូវគេចាក់សម្លាប់បាត់ទៅ ហើយដែលជាដំណឹងមួយក្តុកក្តួលខ្លាំងណាស់។
បើតាមការឱ្យដឹងពីក្រុមគ្រួសារជនរងគ្រោះ ទ្រព្យសម្បត្តិដែលបានបាត់បង់ទៅ រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ, ខ្សែកប្លាទីន១ខ្សែ ទម្ងន់២តម្លឹង, ចិញ្ចៀនត្រាមាស១តម្លឹង និងលុយចំនួន១,២០០ដុល្លារ ព្រមទាំងសម្ភារៈមួយចំនួនទៀត សរុបជាទឹក ប្រាក់ប្រហែលជាង៧ពាន់ដុល្លារ។
ក្រុមគ្រួសារសពបានស្តីបន្ទោសដល់ម្ចាស់ផ្ទះសំណាក់ ដែលមានការធ្វេសប្រហែស ដោយនៅពេលជនរងគ្រោះចូលទៅដេកមានគ្នា២នាក់។ លុះពេលចេញមកវិញតែម្នាក់ បែរជាម្ចាស់ផ្ទះសំណាក់នេះ មិនមានការសង្ស័យហើយ ឃាត់សាកសួរសិនទេ មិនតែប៉ុណ្ណោះបណ្តោយឱ្យ ឃាតករយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះមានស្នាមចាក់ប្រហារចំនួន១៧កាំបិត ចំត្រូវពោះចង្អុលដៃស្តាំ ខ្នងដៃខាងឆ្វេង បាតដៃខាងឆ្វេង និងភ្លៅខាងស្តាំ។ ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញភួយពណ៌ផ្កាឈូក១ កន្សែងពណ៌ក្រហមប្រឡាក់ដោយឈាម១ ខ្នើយ គ្របសង្កត់លើមុខជនរងគ្រោះ១ កម្រាលពូកពណ៌ផ្កាឈូកប្រឡាក់ដោយឈាម១ ខោលីអូពណ៌ក្រហមនៅលើពូកផ្នែកចុងជើង១ វ៉ែនតាខ្មៅ១ ខោជើងវែងពណ៌ត្រេអី១ អាវយឺតដៃវែងពណ៌សលាយខ្មៅនិងខៀវ១ អាវយឺតវាលឃ្លៀកពណ៌ខ្មៅ១ ស្រោមជើងមនុស្សស្រីពណ៌ខ្មៅ១គូ ស្រោមអនាម័យមិនទាន់ប្រើ២ ច្រាសដុសធ្មេញមិនទាន់ប្រើ២ សាប៊ូ២ដុំ ទឹកសុទ្ធ១ដប ជើងមាន់ឆ្អិន១កញ្ចប់ វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា១គ្រឿង មួកការពារសុវត្ថិភាព១ ខ្សែក១ខ្សែ កាំបិតចុងស្រួចប្រឡាក់ឈាម១ និងសម្ភារៈមួយចំនួនទៀត។
បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់ប្រុសស្នេហ៍ប្លន់យកលុយកាក់ និងទ្រព្យសម្បត្តិ បំណងយកលុយទៅរត់ការដោះលែងប្តីឱ្យចេញពីគុក រួចមកស្ត្រីដៃដល់ជាឃាតករ បានព្យាយាមសម្ងំលាក់ខ្លួនអស់រយៈពេល៤ថ្ងៃ ទីបំផុត ឈាមស្រែកស្បែកហៅ សមត្ថកិច្ចក៏ស្រាវជ្រាវវែកមុខស្ត្រីជាឃាតករមុខស្រស់ឃើញ និងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕