បន្ទាប់ពីមន្ត្រីបក្សប្រឆាំង បានប្រកាសបង្កើត “រដ្ឋាភិបាលស្រមោល” ដើម្បីត្រៀមដឹកនាំប្រទេស នៅពេលបក្សខ្លួន ឈ្នះឆ្នោត និងបន្ទាប់ពីមន្ត្រីរាជរដ្ឋាភិបាល ចំអកឱ្យថា រដ្ឋាភិបាលស្រមោលនោះ ធ្វើសកម្មភាពបែប “ឧទ្ទាម” មក ក៏មាន ប្រជាពលរដ្ឋដែលចូលចិត្តតាមដានរឿងនយោបាយមួយចំនួន បានផ្ញើសំណួរមក “នគរធំ” ថា “តើរដ្ឋាភិបាលស្រមោល ជា អ្វី?”។ សំណួរនេះពុំមែនមានន័យថា ពួកគាត់មិនដឹងនោះទេ តែចង់ឱ្យមានការពន្យល់លម្អិត ទើបយើងសម្រេចលើកយក មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ពាក្យថា “រដ្ឋាភិបាល” មានន័យថា “អ្នកថែរក្សារដ្ឋ ឬអភិបាលប្រទេស អ្នកគ្រងរក្សាដែន។ រដ្ឋាភិបាល មានរបៀបរបប ធ្វើការខុសគ្នាទៅតាមរបត់នយោបាយ ដូចប្រទេសខ្លះកាន់របប “ប្រធានាធិបតីនិយម” អំណាចគ្រប់បែបយ៉ាងនៅលើប្រធានាធិបតី ចុះមកមានអនុប្រធានាធិបតី រដ្ឋមន្ត្រីតាមក្រសួង ដូចនៅសហរដ្ឋអាមេរិក ហ៊្វីលីពីន និងបណ្តាប្រទេសខ្លះនៅអាមេរិកឡាទីន ជាដើម។ ប្រទេសខ្លះ រដ្ឋាភិបាលមានលក្ខណៈ “សភានិយម” ដឹកនាំដោយនាយករដ្ឋមន្ត្រី ដោយយកច្បាប់ដែល រដ្ឋសភាបានអនុម័តទៅអនុវត្ត ដូចនៅកម្ពុជា ថៃ ជប៉ុន ជាដើម ដោយមានអង្គព្រះមហាក្សត្រ ជាបង្គោល។ រដ្ឋាភិបាល ប្រទេសខ្លះទៀត មានការគ្រប់គ្រងបែប “សម្បូណ៌ាជ្ញាសិទ្ធិរាជ្យ” អំណាចគ្រប់បែបយ៉ាងនៅលើព្រះមហាក្សត្រ ដូចនៅប្រទេស ប៊្រុយណេ, ស្វាហ្ស៊ីឡង់, អារ៉ាប់ប៊ីសាអ៊ូឌីត ជាដើម។
ដោយឡែកពាក្យថា “រដ្ឋាភិបាលស្រមោល” មានន័យថា សមាសភាពរដ្ឋមន្ត្រីដែលគេបង្កើតឡើងនោះ មានតែឈ្មោះ ប៉ុណ្ណោះ គ្មានអំណាចអ្វីក្នុងការដឹកនាំមុខក្រសួងនោះទេ ឬថាប្រៀបបាននឹងស្រមោលអន្ទោលតាមប្រាណ។ សម្រាប់ប្រទេស កាន់លទ្ធិប្រជាធិបេតយ្យ ដែលមានការបោះឆ្នោតជ្រើសតាំងអ្នកដឹកនាំតាមអាណត្តិនោះ គូភាគីប្រឆាំង ឬគូប្រជែង តែង បង្កើតរដ្ឋាភិបាលមួយ ដើម្បីត្រៀមកាន់អំណាច នៅពេលគណបក្សរបស់ខ្លួនឈ្នះឆ្នោត។ សព្វថ្ងៃយើងឃើញលោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក ខាងគណបក្សប្រជាធិបតេយ្យ បានតែងតាំងអនុប្រធានាធិបតី រួចជាស្រេច ព្រមទាំងសហការីសំខាន់ៗខ្លះទៀត មិនទាន់បង្ហាញឈ្មោះ ដើម្បីត្រៀមដឹកនាំប្រទេស នៅពេលឈ្នះឆ្នោត។ ចំណែកលោកដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ ក៏បានជ្រើសតាំងបេក្ខជនអនុប្រធានាធិបតីជាស្រេច ដែលសមាស- ភាពនោះមានឈ្មោះថា ជា “រដ្ឋាភិបាលស្រមោល” ហ្នឹងឯង ព្រោះមិនអាចកាន់ក្រសួងអ្វីបានឡើយ ខណៈដែលលោក ប្រធានាធិបតីបារ៉ាក់ខ៍ អូបាម៉ា និងគណៈរដ្ឋមន្ត្រីរបស់គាត់មិនទាន់ផុតអាណត្តិ។
សម្រាប់ពួកឧទ្ទាមដែលធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ក៏មានការបង្កើតរដ្ឋាភិបាលស្រមោលដូចគ្នា ដោយមិនចាំ បាច់និយាយពីប្រទេសគេនោះទេ គឺខ្មែរយើងធ្លាប់ឆ្លងកាត់ស្រាប់។ ឧទាហរណ៍ ហ្លួងព្រះស្តេចកន មុនពេលឡើងគ្រងរាជ្យ បានប្រកាសតែងតាំងឪពុកមាឈ្មោះកៅ ឱ្យឡើងជា “សម្តេចចៅហ៊្វាទឡ្ហៈ” (នាយករដ្ឋមន្ត្រី) និងតែង តាំង “ឱកម៉ឺន សុរិន្ទកែវ” ដែលជាជនដៃដល់ក្នុងការធ្វើគុតព្រះបាទស្រីសុគន្ធបទ ឱ្យឡើងជា “ចៅពញាចក្រី” ឬជាមេទ័ពធំជាងគេបង្អស់។ រីឯស្តេចសំរែ, ព្រះបាទជាន់ជុំ, ព្រះរាមទ្រាំង, ស្តេចបាលីកងចក្រ ដែលជាមេបះបោរ ក៏បានតែងតាំងមន្ត្រីជំនិតរបស់ខ្លួន ឱ្យមានបុណ្យស័ក្តិ ត្រៀមក្តាប់អំណាច បើសិនជាកម្លាំងទ័ពឧទ្ទាមដែលខ្លួនបង្កើតនោះដណ្តើមអំណាចបាន។ រណសិរ្សរួបរួមជាតិកម្ពុជា ដែលបង្កើតឡើងនាឆ្នាំ១៩៧០ ដើម្បីប្រឆាំងរបបលន់ នល់ ក៏ចាត់ទុកជារដ្ឋាភិបាលស្រមោលដែរ ដែល កាលនោះ របបលន់ នល់ កាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ ដោយចាត់ទុករណសិរ្សនោះ ជាទ័ពព្រៃ។ ចលនា ត្រីភាគី ដែលបង្កើតឡើងនៅព្រំដែនកម្ពុជា-ថៃ ដើម្បីវាយប្រយុទ្ធនឹងកងទ័ពរដ្ឋាភិបាលក្រុងភ្នំពេញ ដែលមានជំនួយពីកងទ័ព វៀតណាម ក៏មានឈ្មោះថា ជារដ្ឋាភិបាលស្រមោលដែរ។ សូម្បីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបង្កើតឡើងនាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីវាយរបបប៉ុល ពត ក៏មានឈ្មោះថា ជារដ្ឋាភិបាលស្រមោល ខណៈ ដែលសម្តេចហេង សំរិន សម្តេចជា ស៊ីម សម្តេចហ៊ុន សែន លោកប៉ែន សុវណ្ណ កំពុងដឹកនាំធ្វើការតស៊ូ។
ដូច្នេះយើងឃើញថា រដ្ឋាភិបាលស្រមោល គ្រាន់តែមានឈ្មោះរដ្ឋមន្ត្រីកាន់កាប់ក្រសួង មានតែក្នុងបញ្ជី តែអត់សកម្មភាពតម្រូវឱ្យមានការទទួលស្គាល់ពីអន្តរជាតិនោះទេ។ និយាយរួម រដ្ឋាភិបាលណាដែលគ្មានអាសនៈនៅ អ.ស.ប ចាត់ទុក ថា មិនទាន់ស្របច្បាប់ ឬជារដ្ឋាភិបាលស្រមោល។ នៅក្នុងរឿង “រាមកេរ្តិ៍” ក៏មានការតែងតាំងរដ្ឋាភិបាលស្រមោលដែរ ពោលគឺ ព្រះរាម ដែលប្រៀបបាននឹងស្តេចចក្រពត្តិ បានតែងតាំង “ពិភេកហោរា” ជាព្រះមហាក្សត្រនគរលង្កា មុនពេល ផ្តួលរំលំយក្សក្រុងរាពណ៍។ ចំណែក “សុគ្រីព” ក៏បានទទួលការតែងតាំងជាព្រះមហាក្សត្រនគរខាស់ខិនបុរី មុនពេល “ស្វាពាលី” ជាបង អស់ជីវិត។ រដ្ឋាភិបាលស្រមោលទាំងនោះ គ្រាន់តែវាយដណ្តើមអំណាចបាន ក៏ឡើងគ្រប់គ្រងទឹកដីនោះភ្លាម ព្រោះ បានរៀបចំគណៈរដ្ឋមន្ត្រីរួចទៅហើយ មិនពិបាកទេ។
ក្រឡេកមើលស្ថានការណ៍នយោបាយនៅកម្ពុជា បច្ចុប្បន្ន ករណីបក្សប្រឆាំង ប្រកាសបង្កើតរដ្ឋាភិបាលស្រមោលនោះ គ្មានអ្វីជារឿងចម្លែកនោះទេ។ បក្សប្រឆាំង ដែលបង្កើតបាននូវគណៈកម្មការទាំង១០នោះ ទោះជាយករបៀបតែងតាំងដូច គណៈកម្មការរដ្ឋសភា ក៏ប្រធានគណៈកម្មការនីមួយៗអាចក្លាយជារដ្ឋមន្ត្រី ក្តាប់មុខក្រសួងទៅអនាគត បើសិនជាបក្សប្រឆាំង ឈ្នះឆ្នោត។ រដ្ឋាភិបាលដែលមានតែឈ្មោះនេះ មិនអាចធ្វើសកម្មភាពស្នូលបានឡើយ ព្រោះបើហ៊ានធ្វើ អាចប្រឈមនឹង ច្បាប់ ឬការចោទប្រកាន់ពីបក្សកាន់អំណាច ថាជា “ឧទ្ទាម” មិនខានឡើយ។
រួចមកហើយយើងឃើញថា បក្សកាន់អំណាច ធ្លាប់ប្តឹងឱ្យចាប់ខ្លួនលោកជាម ច័ន្ទនី តំណាងរាស្ត្របក្សប្រឆាំង ដែល ជ្រើសរើសកងទ័ព ឱ្យជាប់ពន្ធនាគារ ដោយចោទប្រកាន់ថា ធ្វើសកម្មភាពបែបឧទ្ទាមកម្ម។ មន្ត្រីបក្សប្រឆាំងខ្លះទៀត ដែល ចេញមុខតវ៉ារឿងព្រំប្រទល់ ក៏ធ្លាប់ភ្លក្សរសជាតិគុកព្រៃស ដូចគ្នា ដោយសាររដ្ឋាភិបាលស្រមោលនោះគ្មានអំណាចក្នុងការ ដឹកនាំប្រទេស។ ជួនកាលរដ្ឋាភិបាលស្រមោល បានក្លាយជារដ្ឋាភិបាលស្របច្បាប់ ក្នុងករណីតស៊ូបានសម្រេចដូចរដ្ឋាភិបាល រួបរួមជាតិកម្ពុជា ដែលមានសម្តេចឪ ជាព្រះប្រធាន មានសម្តេចប៉ែន នុត ជានាយករដ្ឋមន្ត្រី លោកខៀវ សំផន ជាអគ្គបញ្ជាការកងទ័ព ចូលគ្រប់គ្រងប្រទេស ក្រោយផ្តួលរំលំរបបលន់ នល់ ប៉ុន្តែ ដោយចាញ់ល្បិចប៉ុល ពត ធ្វើឱ្យរដ្ឋាភិបាលនេះ ផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ក្លាយទៅជារបបប្រល័យពូជសាសន៍។ រដ្ឋាភិបាលស្រមោល ភាគច្រើនសុទ្ធតែមានការលើកបន្តុបពី ប្រទេសមហាអំណាច ឬប្រទេសជិតខាងដែលមានឥទ្ធិពល ដូចពួកលោកខាងលិច បានចោទប្រកាន់ថា រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតកម្ពុជា លើកបន្តុបដោយវៀតណាម ខណៈដែលអ្នកគាំទ្ររដ្ឋាភិបាលសម្តេចហ៊ុន សែន ចោទប្រកាន់រដ្ឋាភិបាល ត្រីភាគីថា លើកបន្តុបដោយអាមេរិក។ ទោះយ៉ាងណា សង្គមប្រជាធិបតេយ្យ មិនបានហាមឃាត់ការបង្កើតរដ្ឋាភិបាល ស្រមោលនោះទេ ព្រោះការបង្កើតនោះគ្រាន់តែត្រៀមគ្នីគ្នាសម្រាប់ចូលកាន់តំណែងជាផ្លូវការ នៅពេលគណបក្សខ្លួនឈ្នះ ឆ្នោត ប៉ុន្តែ បើមានសកម្មភាពឈានដល់កុបកម្មប្រដាប់អាវុធ ឬធ្វើវិទ្ធង្សនា វិច្ឆេទកម្មសេដ្ឋកិច្ច ជាដើម ទើបគួរដល់ការ ទប់ស្កាត់។
សរុបទៅ “រដ្ឋាភិបាលស្រមោល ជាអ្វី?” ដែលបងប្អូនមិត្តអ្នកអានផ្ញើសំណួរមកនោះ គឺមានន័យដូចបរិយាយខាងលើ។ រដ្ឋាភិបាលស្រមោលនេះ យើងអាចប្រៀបបាននឹងមេជាងសង់ផ្ទះថ្ម ឬមុននឹងចេញដំណើរទៅដល់មូលដ្ឋានសង់ផ្ទះនោះ មេជាង បានរៀបចំកម្មករជាស្រេច ដោយចាត់អ្នកខ្លះ ខាងជញ្ជូនឥដ្ឋ ខាងលាយស៊ីម៉ងត៍ ខាងចងរន្ទា ខាងដាំស្ល រួចទៅហើយ។ លុះទៅដល់ការដ្ឋាន ក៏ធ្វើស្រុះដៃគ្នាព្រឹបៗបានលឿន តែបើគ្មានការរៀបចំជាមុននោះ ធ្វើឱ្យដំណើរការសាងសង់យឺតយ៉ាវ គ្មានគុណភាព។ យ៉ាងណាមិញ រដ្ឋាភិបាលស្រមោល ក៏មានឧបមាយ៉ាងនោះដែរ៕
ដោយ ៖ អាចារ្យថាំ