ម៉ាឡេស៊ី ៖ កាលពីថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ លោក Amar Singh ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មពាណិជ្ជកម្ម បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថា លុយដែលរឹបអូសបានពីខុនដូកូនប្រុសអតីតនាយករដ្ឋមន្ត្រី លោកណាជីប រ៉ាហ្សាក់ នោះ ទាំង៣៥ប្រអប់ មានលុយសរុប២៩លានដុល្លារឯណោះ។ ចំណែកនាឡិកា និងគ្រឿងអលង្ការជាច្រើនផ្សេងទៀតនោះ គេមិនទាន់កំណត់តម្លៃសរុបបាននៅឡើយទេ។
លោក Amar Singh បានឱ្យដឹងទៀតថា លុយដែលរឹបអូសបាននោះ គឺជាប្រភេទរូបិយប័ណ្ណមានមកពីប្រទេស២៦ផ្សេងគ្នា។ វាត្រូវបានគេរាប់ចាប់ពីថ្ងៃ២១ ដល់ថ្ងៃ២៣ ទើបអស់ ដោយប្រើប្រាស់បុគ្គលិកធនាគារ២២នាក់ និងប្រើម៉ាស៊ីនរាប់១២គ្រឿងផង។
តាមពិតទៅ លុយនិងគ្រឿងអលង្ការទាំងអស់នោះ ត្រូវបានរឹបអូសពីខុនដូ ចំនួនបីផ្សេងគ្នា ដោយខុនដូ២ ជារបស់កូនប្រុស និងកូនស្រីរបស់លោកណាជីប រ៉ាហ្សាក់ ដែលជាអ តីតនាយករដ្ឋមន្ត្រី និងជាប់ពាក់ព័ន្ធអំពើពុករលួយ ក្នុងមូលនិធិ 1MDB នោះ។ ចំណែកខុនដូទី៣នោះ មិនមានមនុស្សរស់នៅឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ សប្តាហ៍មុន ប៉ូលិសរឹបអូសបានវត្ថុតាងជាច្រើន ក្នុងប្រតិបត្តិការឆែកឆេរស្វែងរកឯកសារពាក់ព័ន្ធសំណុំរឿងពុករលួយ 1MDB។ ក្រៅពីកាបូបចំនួន៧២ ដែលមានដាក់លុយ និងគ្រឿងអលង្ការពេញនោះ ប៉ូលិសក៏រឹបអូសបានកាបូបយួរថ្លៃៗ ចំនួន២៨៤ផ្សេងទៀត មានខ្លះជាម៉ាកល្បីៗ ដូចជា Hermes និង Louis Vuitton៕