កូឡាឡាំពួ ៖ កាលពីថ្ងៃអង្គារ ទី១២ ខែ មិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មី លោកមហាធៀ មហាម៉ាត់ បានថ្លែងថា ប្រទេសម៉ាឡេស៊ី នឹងបើកស្ថានទូតរបស់ខ្លួនសាជាថ្មីឡើងវិញ នៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
គម្រោងបើកស្ថានទូឡើងវិញ គឺដើម្បីបញ្ចប់ជម្លោះការទូត រវាងប្រទេសទាំងពីរ បន្ទាប់ពីមានការធ្វើឃាតលោកគីម ជុងណាំ បងប្រុសរបស់គីម ជុងអ៊ុន។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតជប៉ុន ក្នុងឱកាសដែលលោកទៅបំពេញទស្សនកិច្ចនៅទីនោះ លោកមហាធៀ បានថ្លែងថា ជាការពិតណាស់ ម៉ាឡេស៊ី នឹងបើកស្ថានទូតឡើងវិញនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
ប្រទេសម៉ាឡេស៊ី បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងហាមពលរដ្ឋរបស់ខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានករណីឃាតកម្មលោកគីម ជុងណាំ កាលពីខែកុម្ភៈ ២០១៧។
ស្ថានទូតម៉ាឡេស៊ី នៅទីក្រុងព្យុងយ៉ាង បានបិទទ្វារតាំងពីខែមេសា ឆ្នាំទៅមិញមកម៉្លេះ៕