ក្រោយបញ្ចប់កិច្ចប្រជុំកំពូល ជាមួយមេដឹកនាំវ័យក្មេងកូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ប្រធានាធិបតីសហរដ្ឋអារមេរិក លោកដូណាល់ ត្រាំ បានផ្តល់សម្បទានកាដូដ៏ធំមួយឱ្យលោកគីម ជុងអ៊ុន គឺប្រកាសផ្អាកល្បែងសង្គ្រាម (War Game) នៅឧបទ្វីបកូរ៉េ ដែលមានន័យថា បញ្ឈប់ធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ការប្រកាសដ៏ភ្ញាក់ផ្អើលនេះ ធ្វើឱ្យកូរ៉េខាងត្បូង និងជប៉ុន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះវាដើរផ្ទុយពីគោលជំហររបស់ក្រសួងការពារជាតិអាមេរិក ផងដែរ។
ការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដើម្បីបំពេញបំណងរបស់ទីក្រុងព្យុងយ៉ាង ធ្វើឱ្យក្រុងសេអ៊ូល ជាសម្ព័ន្ធមិត្តភ្ញាក់ផ្អើលខ្លាំង ដោយសារតែត្រាំ ប្រហែលជាមិនបានជជែកជាមួយដៃគូរបស់ខ្លួនមុននោះទេ។
ចំណែកឯរដ្ឋមន្ត្រីការពារជាតិជប៉ុន ចាត់ទុកថា ការធ្វើសមយុទ្ធនេះជារឿងសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពតំបន់ទៅវិញ។
ជាមួយគ្នានេះដែរ លោកដូណាល់ ត្រាំ ក៏បានប្រកាសធានាសន្តិសុខមេដឹកនាំកូរ៉េខាងជើង និងការសន្យាដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសនេះ ប្រសិនបើទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈល្អប្រសើរឡើង។
អាមេរិក ធ្លាប់បានបញ្ជាក់ថា សមយុទ្ធរបស់ខ្លួននៅកូរ៉េខាងត្បូង មានគោលដៅពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន និងកូរ៉េខាងត្បូង ព្រមទាំងសាកល្បងការត្រៀមប្រយុទ្ធផង ប៉ុន្តែ កូរ៉េខាងជើងចាត់ទុកជាសកម្មភាពឈ្លានពានខ្លួន។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែមិថុនា ត្រាំ បាននិយាយថា អាមេរិក នឹងផ្អាកសមយុទ្ធយោធា ពីព្រោះវាអាចជួយសន្សំលុយបានយ៉ាងច្រើន ម៉្យាងវិញទៀត លោកគិតថា សមយុទ្ធនៅឧបទ្វីបកូរ៉េ ជាសកម្មភាពបង្កហេតុ។ ជាងនេះទៀត ប្រធានាធិបតីអាមេរិក ក៏មានគម្រោងដកកងទ័ពចេញពីកូរ៉េខាងត្បូង ផងដែរ។ ត្រាំ បាននិយាយថា ឥឡូវនេះ វត្តមានកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង មានចំនួន៣២០០០នាក់។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ កងទ័ពអាមេរិក ប្រចាំកូរ៉េខាងត្បូង អះអាងថា ខ្លួនមិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញការប្រកាសរបស់លោកត្រាំ នៅឡើយ។ ដោយសារគ្មានបញ្ជាឱ្យផ្អាកអ្វីនោះ សមយុទ្ធរួមគ្នាដ៏ធំរវាងយោធាអាមេរិក និងកូរ៉េខាងត្បូង Ulchi Freedom Guardian ទំនងជាធ្វើតាមផែនការដដែល។ នេះជាសមយុទ្ធមួយក្នុងចំណោមសមយុទ្ធប្រចាំឆ្នាំ ដែលធ្វើឱ្យកូរ៉េខាងជើង នៅមិនសុខនោះ៕