បើទោះជានៅក្នុងជំនួបប្រជុំកំពូលរវាង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងប្រមុខមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2018 បានចុះកិច្ចព្រមព្រៀងរំលាយអាវុធនុយក្លេអ៊ែររួចទៅហើយក្តី អាមេរិក មិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់ ដើម្បីសម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសកូរ៉េខាងជើង នៅឡើយទេ។
កាលពីថ្ងៃព្រហស្បតិ៍ ទី14 ខែមិថុនា ឆ្នាំ 2018 លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា អាមេរិក នឹងមិនទាន់ដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសកូរ៉េខាងជើង ភ្លាមៗនោះទេ លុះត្រាតែប្រទេសនេះបំផ្លាញអាវុធនុយក្លេអ៊ែរចោលទាំងស្រុង។
នេះបើយោងតាមប្រភពព័ត៌មាន ប៊ី-ប៊ី-ស៊ី ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី14 ខែ មិថុនា ឆ្នាំ2018។
ថ្លែងទៅកាន់សមភាគីកូរ៉េខាងត្បូង និងជប៉ុន នៅទីក្រុងសេអ៊ូល លោក Pompeo បាននិយាយថា អាមេរិក នឹងដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសនេះ តែត្រូវរង់ចាំមើលលទ្ធផលសិន។
ទោះជាយ៉ាងណាក្តី នៅក្នុងកិច្ចព្រមព្រៀងរំលាយអាវុធនុយក្លេអ៊ែរ ហាក់ដូចជាមិនមានភាពមិនច្បាស់លាស់ថា ពេលណា និងធ្វើរបៀបណា ក្នុងបំបាត់អាវុធប្រល័យលោកនោះទេ។
អាមេរិក ឱ្យកូរ៉េខាងជើង រំលាយអាវុធនុយក្លេអ៊ែរត្រឹមឆ្នាំ 2020
ជាមួយនឹងភាពមិនច្បាស់លាស់ក្នុងការដកបម្រាមសេដ្ឋកិច្ចពីប្រទេសកូរ៉េខាងជើង សហរដ្ឋអាមេរិក មានចេតនាចង់ឱ្យមេដឹកនាំកូរ៉េខាងជើង រំលាយអាវុធប្រល័យលោក ឱ្យបានត្រឹមឆ្នាំ2020។
សហរដ្ឋអាមេរិក បានធានាជួយកសាងសេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង ឡើងវិញ ឱ្យតែប្រទេសនេះ សុខចិត្តលះបង់អាវុធក្លេអ៊ែរ ។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា ក្នុងរយៈពេល2ឆ្នាំកន្លះនេះ យើងសង្ឃឹមថា កូរ៉េខាងជើង នឹងធ្វើរឿងនេះបានទាន់ពេលវេលា៕