កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ កងទ័ពចម្រុះរដ្ឋាភិបាលយេម៉ែន ដែលជួយគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្តវាយលុកទៅលើកំពង់ផែយុទ្ធសាស្ត្រ Hodeida ដែលកំពុងគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូធី ទោះបីមានការអំពាវនាវពីអង្គការសហប្រជាជាតិ យ៉ាងណាក៏ដោយ។
កងកម្លាំងរដ្ឋាភិបាល ចង់បានកំពង់ផែយុទ្ធសាស្ត្រនេះត្រឡប់មកវិញ។
នៅថ្ងៃនេះដែរ អង់គ្លេសបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់មួយ ដោយសារតែការវាយលុកនេះ បានកាត់ផ្តាច់ការផ្តល់ជំនួយមនុស្សធម៌ដល់មនុស្សច្រើនលាននាក់ ក្នុងប្រទេសក្រីក្រមួយនេះ។
កំពង់ផែធំ Hodeida នៅជាប់សមុទ្រក្រហម គឺជាចំណុចនៃការនាំចូលសំខាន់មួយ ព្រមទាំងជាច្រកបញ្ចូនជំនួយមនុស្សធម៌ មកកាន់ដែនដីយេម៉ែន។
នៅទីក្រុងកំពង់ផែនេះ មានប្រជាជនប្រមាណ៦០០.០០០នាក់ ហើយបើតាមសាក្សីនានាថា ពួកហ៊ូធី បានពង្រឹងកិច្ចការពារ ដោយជីកលេណដ្ឋាន និងដាក់ពង្រាយខ្មាន់កាំភ្លើងដៃត្រង់នៅតាមដំបូល៕