ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ត្រីជាន់ខ្ពស់ប្រចាំការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា វត្តមានកងកម្លាំងរបស់អាមេរិក ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង មិនមែនជាប្រធានបទដែលបានលើកយកទៅពិភាក្សាក្នុងជំនួបប្រជុំកំពូលប្រវត្តិសាស្ត្រ រវាងមេដឹកនាំសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ដែលធ្វើឡើងនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នោះទេ ពីព្រោះវាជាសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងអាមេរិក តែប៉ុណ្ណោះ។
ការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូង បែបនេះ បន្ទាប់ពីមានព័ត៌មានថា អាមេរិក នឹងបញ្ចប់ល្បែងសង្គ្រាម ដែលមានន័យថា បញ្ឈប់សមយុទ្ធទាំងស្រុងជាមួយកូរ៉េខាងត្បូង ដើម្បីផ្គាប់ចិត្តគីម ជុងអ៊ុន។
នៅក្នុងជំនួបប្រជុំនៅសិង្ហបុរី ត្រាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយពីប្រកាសបញ្ឈប់សមយុទ្ធ និងមានបំណងដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង។
មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចោញឈ្មោះថា ខ្ញុំសុំបញ្ជាក់ឱ្យច្បាស់ថា គ្មានការពិភាក្សាណាមួយ និងគ្មានការផ្លាស់ប្តូរជំហររបស់អាមេរិក ទៅលើកងទ័ពរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង នោះទេ”។
មន្ត្រីដដែលនោះបានឱ្យដឹងទៀតថា ក្នុងជំនួបប្រជុំកំពូលកូរ៉េ-អាមេរិក គឺផ្តោតអារម្មណ៍ តែរឿងការរំលាយអាវុធនុយក្លេអ៊ែ ហើយកូរ៉េខាងត្បូង អាចនឹងដើរតួនាទីជាអ្នកបង្កើនល្បឿន ដំណើរការរំលាយនោះ។
បច្ចុប្បន្នកងទ័ពអាមេរិក កំពុងឈរជើងនៅកូរ៉េខាងត្បូង មានចំនួន២៨៥០០នាក់ ខណៈនៅជប៉ុន ជាង៤ម៉ឺននាក់។
ដើម្បីធ្វើឱ្យអស់មន្ទិលសង្ស័យ និងបន្តកសាងទំនុកចិត្តរវាងអាមេរិក និងកូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់ ពីផែនការធ្វើសមយុទ្ធយោធាថា តើត្រូវបន្តឬបញ្ចប់ត្រឹមនេះ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើង និងត្បូង បាននិយាយថា ពួកគេនឹងស្តារទំនាក់ទំនងឡើងវិញ៕