Sunday, December 22, 2024
Homeបរិយាយពាក់អាវខ្មៅ ស៊ីបបររាវកក្លូក

ពាក់អាវខ្មៅ ស៊ីបបររាវកក្លូក

បរិយាយ

កាលពីពេលថ្មីៗនេះ មានមន្ត្រីរាជរដ្ឋាភិបាលម្នាក់ បានសរសេរក្នុងហ្វេសប៊ុករបស់លោក រិះគន់មន្ត្រីបក្សប្រឆាំង ដែល ពាក់អាវខ្មៅថា “ចេះទៅរួចអ្ហា! អាមួយថាអាចេះ អាមួយថាអាចុះ? បើជ្រុលតែពាក់អាវខ្មៅហើយ នាំគ្នាទៅរែកដី ស៊ី បបររាវកខ្លូកតែម្តងទៅ!”។ សំណេរនេះមានន័យថា អ្នកពាក់អាវខ្មៅ មិនខុសពីទាសករក្នុងរបបប៉ុល ពត ដែល “នគរធំ” ចាប់អារម្មណ៍ ក៏សម្រេចលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សព្វថ្ងៃចលនា “ថ្ងៃចន្ទពណ៌ខ្មៅ” ដែលបង្កើតឡើងដោយក្រុមសង្គមស៊ីវិល ស្ត្រីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និង សូម្បីមន្ត្រីបក្សប្រឆាំង ក៏នាំគ្នាពាក់អាវខ្មៅនៅថ្ងៃចន្ទ ដែរនោះ បានធ្វើឱ្យបក្សកាន់អំណាចមួម៉ៅ ចោទប្រកាន់ថា ជាចេតនា “ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់”។ ការចាប់ខ្លួនឃាត់ខ្លួន តម្រូវឱ្យស្ត្រីពាក់អាវខ្មៅ ផ្តិតមេដៃបញ្ឈប់សកម្មភាព នេះ វាច្រើនលើកច្រើនសាណាស់ទៅហើយ ប៉ុន្តែ គ្មានប្រសិទ្ធភាពសោះ។ តើពណ៌ខ្មៅ តំណាងអ្វី? ហើយហេតុអ្វីពណ៌ដទៃ ទៀត មិនយកមកប្រើក្នុងការតវ៉ា? សំណួរនេះ យើងសូមផ្តល់ចម្លើយខ្លះៗ ដូចខាងក្រោម ឱ្យល្មមទទួលយកបានទាំងអស់ គ្នា។

សូមរំព្ញកថា តាំងពីសម័យនគរភ្នំ សម័យអង្គរ ឆ្លងដល់សម័យលង្វែក ប្រជារាស្ត្រខ្មែរ បានបែងចែកវណ្ណៈជា៤ប្រភេទ គឺវណ្ណៈក្សត្រ, វណ្ណៈព្រាហ្មណ៍, វណ្ណវេស្សៈ និងវណ្ណៈសូទ្រៈ។ “វណ្ណៈក្សត្រ” ប្រើសំពត់ពណ៌ក្រហម កើតពីព្រះពាហា (កំភួនដៃ) ព្រះព្រហ្ម។ “វណ្ណៈព្រាហ្មណ៍” ប្រើសំពត់ពណ៌ស កើតពីព្រះឱស្ឋ (មាត់) ព្រះព្រហ្ម។ “វណ្ណៈវេស្សៈ” (អ្នកជំនួញ) ប្រើ សំពត់ពណ៌លឿង កើតពីព្រះឧរុ (ភ្លៅ) ព្រះព្រហ្ម។ “វណ្ណៈសូទ្រៈ” (ខ្ញុំគេ) ប្រើសំពត់ពណ៌ខ្មៅ កើតពីព្រះបាទ (បាតជើង) ព្រះព្រហ្ម។ នៅមានវណ្ណៈមួយទៀត ឈ្មោះ “ចណ្ឌាល” គឺជាកូនកាត់ ឬឪពុកនៅក្នុងវណ្ណៈវេស្សៈ ម្តាយនៅក្នុងវណ្ណៈសូទ្រៈ លុះបានកូនមកត្រូវកាត់ទៅម្តាយ ប្រើសំពត់ពណ៌

ខ្មៅដែរ។ ឆ្លងមកដល់សម័យឧដុង្គ មានការលុបបំបាត់វណ្ណៈពណ៌សម្បុរ នេះជាបណ្តើរៗ ប្រែក្លាយវណ្ណៈក្រោមបំផុតនោះទៅជា “អ្នកងារ” ឬ “ពលព្រះ” សម្រាប់ថែរក្សាវត្តអារាមសួពូជ គ្មានសិទ្ធិ សេរីភាពដូចគេទេ។

ដោយមានព្រះទ័យអាណិតអាសូរដល់កូនចៅដែលត្រូវគេជិះជាន់សង្កត់សង្កិនបែបនេះ ព្រះបាទនរោត្តម បានទ្រង់ចេញ

ព្រះរាជក្រឹត្យលុបបំបាត់លើកលែងមិនឱ្យមានវណ្ណៈ “អ្នកងារ” នេះ តាំងពីឆ្នាំរោង ចត្វាស័ក ព.ស២៤៣៦ ត្រូវ នឹង គ.ស ១៨៩២ ម៉្លេះ។ ទោះជាមានការលុបបំបាត់វណ្ណៈ ក៏ខ្មែរយើងនៅតែមានថៅកែ ចៅហ្វាយនាយ អ្នកបម្រើ អង្គរក្ស មិនអាចលុបបំបាត់បានឡើយ។ ជាពិសេស កសិករ កម្មករ តែងប្រើប្រាស់សំពត់អាវពណ៌ខ្មៅ តាំងពីបរមបុរាណមកម៉្លេះ។

ជាទូទៅ មុននឹងបានសំពត់ពណ៌ខ្មៅប្រើប្រាស់ ដូនតាខ្មែរ តែងដាំកប្បាស ដាំមន ចិញ្ចឹមដង្កូវនាង សម្រាប់ទាញយក សរសៃសូត្រ ឬអំបោះ មុននឹងដាក់បញ្ចូលក្នុងកីតម្បាញ។ សំពត់ដែលត្បាញពីសូត្រ ឬអំបោះ មានពណ៌លឿង និងស បើចង់ ឱ្យក្លាយជាពណ៌ខ្មៅ ត្រូវយកទៅជ្រលក់ទឹករុក្ខជាតិផ្សេងៗ មានជាអាទិ៍ ផ្លែខ្វាវ, ផ្លែពុទ្រាព្រៃ, ផ្លែមាក់ក្លឿ, ស្លឹកលាជផ្ទុះ, សំបកព្រីង, សំបកស្នួល, សំបកខ្សុយ, ស្លឹកត្រស់, សំបកត្របែក, ស្លឹកត្រុំ ដោយយកទៅស្ងោររម្ងាស់ឱ្យចេញជ័រខ្មៅ។ គេ យកសំពត់សទៅជ្រលក់ រួចជាន់ភក់សំដិលហាលថ្ងៃ និងជ្រលក់ពីរបីសា ទើបបានជាសំពត់ខ្មៅ អាវខ្មៅ សម្រាប់ស្លៀកពាក់។

របបប៉ុល ពត ដែលបង្ខំប្រជាជនមួយប្រទេស ឱ្យស្លៀកពាក់ខ្មៅដូចក្អែកនោះ គ្មានការដាំកប្បាស ដាំមន អ្វីទេ ប៉ុន្តែ របបនេះបាននាំចូលក្រណាត់ខ្មៅពីប្រទេសចិន ទាំងកប៉ាល់ៗ មកចែកបន្តតាមសហករណ៍ ឬអង្គភាពទ័ព អង្គភាពកងចល័ត ដោយមានក្រុមជាងកាត់ដេររួចជាស្រេច មុននឹងយកទៅចែក។ បើអ្នកមានខ្សែ ឬជាគ្រួសារកម្មាភិបាល មិនខ្វះខោអាវខ្មៅ ពាក់ទេ ប៉ុន្តែ បើអ្នកអត់ខ្សែ មានតែខោអាវ១ចង្កេះឆ្អេះជាប់នឹងខ្លួន ពេលបោកទឹកម្តងៗ ត្រូវហាលថ្ងៃអង្គុយចាំយក និង មានបំណះរាប់សិបកន្លែង។ អ្នកពាក់អាវខ្មៅទាំងនោះ ចៀសមិនផុតពីការរែកដី លើកទំនប់ ជីកប្រឡាយ ធ្វើប្រព័ន្ធភ្លឺស្រែ លុះ ដល់ឮសំឡេងជួងម៉ឺង!ៗ ក៏ទៅជួបជុំគ្នាក្បែររោងបាយ ឬការដ្ឋាន ដោយអង្គុយតម្កង់ផ្ទាល់ដី ក្នុង១វង់គ្នា៨នាក់។ ចុងភៅ ក៏ដើរមករាប់ក្បាលមនុស្ស ឃើញថាគ្រប់ចំនួនហើយ ក៏លើកបបររាវកក្លូក១ក្លាំ និងសម្លព្រលិតបង់ខ្លាញ់ជ្រូក កន្លះឆ្នាំង មក ដាក់កណ្តាលវង់។

អ្នករែកដីដ៏ស្រេកឃ្លានទាំងនោះ ក៏វាល់បបរចែកគ្នាបានម្នាក់១កា ឬ១វែកប៉ុណ្ណោះ រួចនាំគ្នាហូបដោយ លូកច្រូងដៃគ្នា សំដៅឆ្នាំងសម្ល ធ្វើឱ្យទឹកសម្លវិលខ្ញាល់ រហូតដល់ក្រុមខ្លះទឹកសម្លវិលជាងគេ ក៏ជាប់ឈ្មោះថា “ក្រុមទឹក វិល”។ ជួនកាលទៀត អ្នកហុតបបររាវនេះ មានសំណាងបានស្គាល់រសជាតិសម្លស្ពៃម្តងម្កាលដែរ។ ឯបន្លែស្ពៃហាងនោះ ត្រូវបានអ្នកដាបន្លែដកយកមកឧបត្ថម្ភ មានដង្កូវអាចម៍កកនៅបណ្តូលស្ពៃ។ គួរយល់ថា ជំនាន់នោះ អ្នកដាំបន្លែ តែងដង លាមកតាមបង្គន់នានាទៅស្រោចគល់ស្ពៃ ឯដង្កូវក្នុងលាមកនោះវាលូនទៅចូលក្នុងបណ្តូលស្ពៃ។ លុះយកមកស្ល ចុងភៅ មិនលាងឱ្យស្អាតទេ ទើបមានដង្កូវអាចម៍អណ្តែតលើទឹកសម្ល ប៉ុន្តែ អ្នកឃ្លានហុតគ្មានសល់ទេ ទោះជាដឹងថា វាជាដង្កូវអាចម៍ ក៏ដោយ។ នេះជារឿងពិត ដែលយុវវ័យស្រករក្រោយកើតមិនទាន់ ទំនងមិនសូវជឿ ប៉ុន្តែ សម្រាប់អ្នកធ្លាប់ឆ្លងកាត់ក្នុង របបប៉ុល ពត ដូចអាចារ្យថាំ ជាដើម ធ្លាប់ស្គាល់រសជាតិបបររាវកក្លូក ក្នុងក្រុមទឹកវិល និងធ្លាប់ហុតសម្លស្ពៃដង្កូវអាចម៍ មិនបំផ្លើសទេ។

ករណីមន្ត្រីរដ្ឋាភិបាលម្នាក់ សរសេរក្នុងហ្វេសប៊ុកថា “បើជ្រុលតែពាក់អាវខ្មៅហើយ នាំគ្នាទៅរែកដី ស៊ីបបររាវកខ្លូក តែម្តងទៅ!” គឺមកពីលោកមន្ត្រីនោះធ្លាប់ឆ្លងកាត់របបប៉ុល ពត ធ្លាប់ហុតបបរ បានជាលោកដេញអ្នកពាក់អាវខ្មៅ ក្នុង “ចលនា ថ្ងៃចន្ទពណ៌ខ្មៅ” ឱ្យទៅហុតបបររាវកខ្លូក។ ទោះជាការដេញនេះ បែបបញ្ឆោះតាមនិន្នាការនយោបាយ ក៏សំណេរក្នុងហ្វេស- ប៊ុក ធ្វើឱ្យម្នាក់ៗនឹកឃើញដល់អ្នកពាក់អាវខ្មៅ ហុតបបររាវកខ្លូកនាសម័យប៉ុល ពត។

ទោះយ៉ាងណា អ្នកពាក់អាវខ្មៅសម័យនេះ ខ្លះជិះឡានទំនើប ហើយសូម្បីតែក្រុមស្ត្រីបឹងកក់ បុរីកីឡា ដែលពាក់អាវ ខ្មៅតវ៉ានោះ មិនដល់ថ្នាក់ហុតបបររាវកខ្លូកនោះទេ ពោលគឺបន្ទាប់ពីចប់កម្មវិធីពាក់អាវខ្មៅ ជួនកាលពួកគាត់នាំគ្នាហូប នំប៉័ងប៉ាតេ ឬស៊ុបគោផុយល្អូកឯណោះ មិនមែនបបរសម្លព្រលិតនោះទេ។ សម័យនេះ អ្នកប្រឆាំងក៏មានដុល្លារចាយដែរ បើ ដេញគាត់ឱ្យទៅស៊ីបបរ ជួនកាលក៏មានអ្នកខ្លះជិះឡានទៅចូលហាងបបរ នៅខាងត្បូងពេទ្យចិន ថ្លៃជិតប្រហែលគុយទាវ ពោះគោឯណោះ។

ដូច្នេះយើងឃើញថា ករណីមន្ត្រីបក្សប្រឆាំង និយាយខុសគ្នា ដូចជាលោកសុន ឆ័យ លោកអេង ឆៃអ៊ាង និយាយយ៉ាង នេះ ឯលោកយឹម សុវណ្ណ និយាយយ៉ាងនោះ រហូតដល់មន្ត្រីរដ្ឋាភិបាល ពន្លះថា “ចេះទៅរួចអ្ហា៎! អាមួយថាអាចេះ អាមួយ ថាអាចុះ…” អាចជាយុទ្ធសាស្ត្រនយោបាយកាច់ កុងគ្នាតែម្តង។ លោកយឹម សុវណ្ណ ថ្លែងថា មកពីអ្នកស្រង់ព័ត៌មានខុស ពាក់ព័ន្ធនឹងការពាក់អាវខ្មៅ ពោលគឺគាត់គាំទ្រចលនាថ្ងៃចន្ទពណ៌ខ្មៅនេះជានិច្ច។ បើស្រាវជ្រាវឱ្យស៊ីជម្រៅរឿងពណ៌ខ្មៅ នេះវែងឆ្ងាយណាស់ ដូចជា យក្សល្ខោនតែងស្លៀកពាក់ខ្មៅ, ក្រុមរដ្ឋអ៊ិស្លាម មានឯកសណ្ឋានពណ៌ខ្មៅ, កងទ័ពអាល្លឺម៉ង់ ហ៊ីត្លែរ មានប៉ានដៃដោយរូបសញ្ញាបក្សណាហ្ស៊ីពណ៌ខ្មៅ, អ្នកកាន់មរណទុក្ខ ក៏មានប៉ានក្រណាត់ពណ៌ខ្មៅ នៅលើទ្រូង ឬដៃ- អាវដែរ។ មានន័យថា ពណ៌ខ្មៅតំណាងឱ្យវណ្ណៈសូទ្រៈ អ្នកងារ ចណ្ឌាល ដែលត្រូវគេជិះជាន់, ជាកសិករប្រឡាក់ភក់ផុង នឿយហត់ណាស់, ជាយក្សស៊ីសាច់ដាច់មេត្តា, ជាក្រុមសាសនាការពារព្រះ, ជាកងទ័ពស្មោះស្ម័គ្រគោរពទ្រឹស្តីពង្រីកទឹកដី, ជាអ្នកឈឺចាប់សោកស្តាយអ្នកស្លាប់ដោយអំពើសាហាវព្រៃផ្សៃអមនុស្សធម៌។

សរុបទៅ “ពាក់អាវខ្មៅ” មានន័យយ៉ាងនេះឯង គឺផ្តល់សក្ខីកម្មច្រើនយ៉ាងណាស់ អាចយកមកធ្វើជានិក្ខេបបទ សម្រាប់ និស្សិតប្រវត្តិវិទ្យា ដែលសរសេរពីរបបប៉ុល ពត។ អ្នកពាក់អាវខ្មៅ សម័យខ្មៅងងឹតនោះ ពិតជាហុតបបររាវកខ្លូក ដូច លោកមន្ត្រីរដ្ឋាភិបាល សរសេរមិនខុសទេ ប៉ុន្តែ អ្នកពាក់អាវខ្មៅសម័យនេះ ធុំក្លិនទឹកអប់ក្រអូបហួង មិនស្អុយញើសដូច របបប៉ុល ពត នោះទេ និងមានដុល្លារចាយ ឡើងផ្សារទំនើប។ ហេតុនេះ គួរតែអ្នកនយោបាយគ្រប់និន្នាការ ចេះយោគយល់ គ្នាផង ក្រែងលោផលវិបាកធ្ងន់ទៅៗ កើតឡើងពីរឿងពណ៌ខ្មៅនេះ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES