វ៉ាស៊ីនតោន ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានអះអាងថា កូរ៉េខាងជើង បានកម្ទេចចោលទីតាំងសាកល្បងមីស៊ីលបាញ់ឆ្លងទ្វីបធំៗ ចំនួន៤កន្លែង ដែលជាការត្រួសត្រាយ ឆ្ពោះទៅការរំលាយនុយក្លេអ៊ែរចោលទាំងស្រុង ទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១២ ខែមិថុនា ក្នុងជំនួបប្រជុំកំពូលរបស់មេដឹកនាំទាំងពីរនៅប្រទេសសិង្ហបុរី។
ទោះជាយ៉ាងណាក្តី លោកដូណាល់ ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតថា ទីតាំងណាមួយពិតប្រាកដនោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន ដូណាល់ ត្រាំ បាននិយាយថា “ពួកគេបានបញ្ឈប់បញ្ជូនមីស៊ីល រួមបញ្ចូលទាំងមីស៊ីលឆ្លងទ្វីបរយៈចម្ងាយវែង។ កូរ៉េខាងជើង កំពុងតែបំផ្លាញទីតាំងផលិតក្បាលគ្រាប់ និងម៉ាស៊ីនបាន៤កន្លែងធំរួចហើយ។
កាលពីថ្ងៃពុធ មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានស្គាល់អត្តសញ្ញាណទីតាំងសាកល្បងមីស៊ីល ដែលមានឈ្មោះថា Sohae Satellite Launching Ground ត្រូវបានគេប្រើប្រាស់ជាទីតាំងសម្រាប់ធ្វើតេស្តម៉ាស៊ីនគ្រាប់មីស៊ីល រយៈចម្ងាយវែងឆ្លងទ្វីប ដែលអាចមានសមត្ថភាពបាញ់ទៅដល់សហរដ្ឋអាមេរិក។
មន្ត្រីរូបនោះ បាននិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចោញឈ្មោះថា លោកគីម ជុងអ៊ុន បានសន្យាជាមួយសហរដ្ឋអាមេរិក រួចរាល់ហើយថា កូរ៉េខាងជើង នឹងបំផ្លាញវាចោលនៅពេលដ៏ខ្លីខាងមុខនេះ បើទោះជាគេមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ក៏ដោយ។
មន្ត្រីអាមេរិក និងបន្តតាមដានពិនិត្យមើលទីតាំងទាំងនោះ ដោយយកចិត្តទុកដាក់ មុននឹងបញ្ចោញព័ត៌មាននេះជាសាធារណៈ។
ទីតាំងនេះត្រូវបានគេដឹងថា កសាងឡើងតាំងពីឆ្នាំ២០១៧ ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់សាកល្បងមីស៊ីលឆ្លងទ្វីប ប្រភេទ Hwasong-15។
ទាក់ទងទៅនឹងបញ្ហានេះ លោក Jim Mattis ក្រសួងការពារជាតិអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកមិនបានដឹងពីបញ្ហានេះទេ ពីព្រោះការចរចាលម្អិតពីបញ្ហានេះ មិនទាន់បានចាប់ផ្តើមនៅឡើយទេ។ ខ្ញុំមិនទាន់មានសង្ឃឹមនៅឡើយទេ។
គួររំឭកថា ក្នុងកិច្ចប្រជុំកំពូលនេះ លោកគីម ជុងអ៊ុន បានសន្យារំសាយនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ហើយលោកត្រាំ ផ្តល់ការសន្យាធានាសន្តិសុខនិងជួយស្តារសេដ្ឋកិច្ច ដល់របបកូរ៉េខាងជើង៕