ទីបំផុត លោក Erdogan ទទួលជ័យជម្នះសាជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីតួកគី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងទទួលបានអាសនៈសភាភាគច្រើនផងដែរ។
ជ័យជម្នះនេះ ធ្វើឱ្យលោកអាចបន្តកាន់អំណាចរយៈពេល៥ឆ្នាំទៀត បន្ទាប់ពីអង្គុយតំណែងប្រធានាធិបតីអស់រយៈ១៥ឆ្នាំរួចមកហើយ។
លោកបានទទួលសំឡេងគាំទ្រលើសពី៥២ភាគរយ ដែលធ្វើឱ្យក្លាយជាអ្នកទទួលជ័យជម្នះជាផ្លូវការ មិនបាច់ចូលប្រកួតតង់ទីពីរឡើយ។ ប្រជាជនតួកគី ជាអ្នកគាំទ្រលោក Erdogan នាំគ្នាប្រមូលផ្តុំនៅរដ្ឋធានីអង់ការ៉ា និងក្រុងអ៊ីស្តង់ប៊ុល ដើម្បីអបអរសាទរជ័យជម្នះជាថ្មីនេះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu ការបោះឆ្នោតមុនអាណត្តិ នៅតួកគី លើកនេះមានការប្រកួតប្រជែងខ្ពស់ ដោយសារបេក្ខជនប្រធានាធិបតីដែលឈរឈ្មោះចង់ផ្តួលលោក Erdogan នោះមានប្រជាប្រិយភាពខ្ពស់ដែរ។ បេក្ខជនម្នាក់នោះ គឺលោក Muharrem Ince ដែលមកពីបក្សប្រឆាំងដ៏ធំ បក្សអ្នកសាធារណរដ្ឋ (CHP)។ លោកបានទទួលសំឡេងគាំទ្រត្រឹម៣១,៥ភាគរយប៉ុណ្ណោះ។
វាជាលើកដំបូងហើយ ដែលប្រជាជនតួកគី បោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភា នៅពេលជាមួយគ្នានោះ។ ការបោះឆ្នោត របៀបនេះ គឺអនុលោមទៅតាមវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តតាមប្រជាមតិមួយកាលពីឆ្នាំមុន ហើយវាក៏ប្តូរប្រព័ន្ធដឹកនាំសភានិយមទៅកាន់ប្រធានាធិបតីនិយមផងដែរ។
ដោយឡែក ក្រៅពីឈ្នះតំណែងប្រធានាធិបតី បក្សកាន់អំណាចរបស់លោក Erdogan គឺបក្ស AKP ក៏ឈ្នះបានអាសនៈភាគច្រើនក្នុងសភាផងដែរថែមទៀតផង។ បក្ស AKP និងបក្សសម្ព័ន្ធមិត្តចលនាជាតិនិយម (NHP) ឈ្នះបានអាសនៈសរុប៣៤៣ លើអាសនៈសរុប៦០០ឯណោះ។
យ៉ាងណាក៏ដោយចុះ គណបក្សប្រឆាំង CHP របស់លោក Muharrem បានទិតៀនការបោះឆ្នោត ជាពិសេសការរាប់សន្លឹកឆ្នោតតែម្តង។ ហើយក្រៅពីនេះ គេថែមទាំងចោទថា ទីភ្នាក់ងារព័ត៌មានរដ្ឋផ្សាយព័ត៌មានលម្អៀងទៅរកប្រធានាធិបតី និងបក្សកាន់អំណាចផងដែរ។
លោក Erdogan ដែលជាអ្នកឈ្នះឆ្នោតបន្តកាន់អំណាចទៅមុខទៀតនោះ បានព្រមានផងដែរ រាល់អ្នកដែលមានមន្ទិលសង្ស័យចំពោះដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនោះ។ លោកសង្កត់ធ្ងន់ថា អ្នកចាញ់ឆ្នោត ត្រូវទទួលលទ្ធផល ហើយមិនគួរព្យាយាមបំផ្លាញដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសឡើយ៕