Friday, March 14, 2025
Homeព័ត៌មានអន្តរជាតិគ្រូសិស្ស១៣នាក់បាត់ខ្លួនក្នុងរូងភ្នំ៥ថ្ងៃ អាជ្ញាធរថៃកំពុងតាមរក

គ្រូសិស្ស១៣នាក់បាត់ខ្លួនក្នុងរូងភ្នំ៥ថ្ងៃ អាជ្ញាធរថៃកំពុងតាមរក

ប្រទេសថៃ ៖ ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងតក់ស្លុតបំផុត ខណៈដែលក្រុមកីឡាករបាត់ទាត់វ័យក្មេងជនជាតិថៃ ដែលមានអាយុចន្លោះពី១១ឆ្នាំ រហូតដល់១៦ឆ្នាំ រួមនឹងគ្រូបង្វឹកម្នាក់ទៀត សរុប១៣នាក់ បានបាត់ខ្លួនអស់រយៈពេល៥ថ្ងៃមកហើយ នៅក្នុងរូងភ្នំ Tham Luang ស្ថិតនៅតំបន់ឧទ្យានជាតិខេត្តឈៀងរ៉ៃ ក្បែរព្រំដែនភូមា និងឡាវភាគខាងជើងប្រទេសថៃ ខណៈដែលពួកគេបានធ្វើដំណើរកម្សាន្ត ក្រោយបញ្ចប់ការហ្វឹកហាត់បាល់ទាត់ ស្រាប់តែអកុសលកើតមានព្យុះភ្លៀងយ៉ាងខ្លាំង ធ្វើឱ្យពួកគេត្រូវជាប់បង្ខាំងក្នុងរូងភ្នំ ដោយបន្សល់ទុកកង់កាបូប និងស្បែកជើងនៅមាត់រូង។

ក្រុមក្មេងទាំង១៣នាក់ដែលបាត់ខ្លួន គឺជាក្រុមបាល់ទាត់ U16 និងជាអ្នកជិះកង់ប្រចាំសាលាផងដែរ ហើយកន្លងមក កាលពីឆ្នាំ២០១៦ មានក្មេងប្រុស៣នាក់ក្នុងចំណោម១៣នាក់នោះ បានធ្លាប់ចូលទៅលេងម្តងរួចទៅហើយ ដោយពួកគេបានចូលត្រឹមតែ១គីឡូប៉ុណ្ណោះ និងបាន សរសេរឈ្មោះពួកគេនៅលើផ្ទាំងថ្មទៀតផង មុននឹងចាកចេញមកវិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រោយបញ្ចប់ការហ្វឹកហាត់បាល់ទាត់ ក្រុមក្មេងទាំង១៣នាក់ខាងលើ បាននាំគ្នាចូលទៅលេងក្នុងរូងភ្នំ Tham Luang ដើម្បីសរសេរឈ្មោះខ្លួនឯង និងឈ្មោះក្រុម ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ ថាពួកគេធ្លាប់ មកដល់ទីនេះ។ លុះពេលចូលទៅដល់រូងភ្នំក្នុងជំរៅ១គីឡូម៉ែត្រ មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀង ធ្វើឱ្យទឹកហូរចូលរូងភ្នំនោះ និងបានបិតជិតផ្លូវតូច សម្រាប់ឆ្លងកាត់ប្រវែង១៥ម៉ែត្រ ជាហេតុធ្វើឱ្យពួកគេមិនអាចដើរត្រលប់មកក្រោយបាន ហើយគិតមកដល់ពេលនេះមានរយៈពេល៥ថ្ងៃហើយ។

របាយការណ៍ចុងក្រោយបំផុត បានបង្ហាញថា កម្ពស់ទឹកភ្លៀងជន់ កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យទឹកឡើងរាលដាលទៅផ្នែកជាច្រើននៃរ៉ូងភ្នំ បង្កើតឱ្យមានការពិបាកកាន់តែខ្លាំងសម្រាប់អ្នកជួយសង្គ្រោះ។

មេកងទ័ពជើងគោកកងពលលេខ៣៧ របស់ថៃ បានរកឃើញច្រក៤ពីលើភ្នំ តែ២ច្រកត្រូវបានបិទជិត ហើយច្រក២ទៀត កំពុងស្ថិតក្នុងការពិនិត្យថា អាចសំរូតខ្សែចុះទៅបានឬអត់?។ កងទ័ពថៃបានប្រើប្រាស់ម៉ាស៊ីនបូបទឹកកម្លាំងខ្លាំង ដើម្បីបូមទឹកចេញពីល្អាងនោះ  តែភ្លៀងធ្លាក់ពេញមួយថ្ងៃសម្រាប់ថ្ងៃទី២៧ មិថុនា នេះទៀត ជាហេតុធ្វើអោយមានការលំបាកសម្រាប់ការសង្គ្រោះយ៉ាងខ្លាំង។

ជាមួយនេះ សហរដ្ឋអាមេរិក ក៏កំពុងបញ្ចូនកម្លាំងទាហានជើងទឹករបស់ខ្លួន ពីកោះហាវ៉ៃ មកជួយស្វែងរកបន្ថែមទៀត ក្នុងបំណងស្វែងរកក្មេងប្រុសថៃ១២នាក់ ដែលបាត់ខ្លួន និងគ្រូបង្វឹកបាល់ទាត់របស់គេម្នាក់ទៀត។

កម្លាំងជំនាញដែលចូលរុករកក្រុមក្មេងដែលបាត់ខ្លួនបានបញ្ជាក់ថា ពួកគេបានឃើញស្នាមដានជើងក្មេងៗ ត្រឹមចំណុច៣គីឡូម៉ែត្រនៃរូងភ្នំ ហើយស្នាមជើងទៅមុខទៀត ក៏បានបាត់ ដោយសារភ្លៀងធ្លាក់រាល់ថ្ងៃធ្វើឱ្យរលុបដានជើងអស់។ ដោយឡែក ក៏មានការប្រទះឃើញកាតាប ទូរស័ព្ទ១គ្រឿង ជាពិសេសស្បែកជើងដែលពួកគេធ្វើជាសញ្ញាព្រួញសំរាប់ប្រាប់ផ្លូវដែលពួកគេទៅមុខ។

ឧទ្ធម្ភាចក្របានហោះនៅលើជុំវិញភ្នំនោះ ដើម្បីធ្វើជាសញ្ញាឱ្យក្រុមក្មេងៗទាំង១៣នាក់ បានដឹងថា មានគេកំពុងតែតាមជួយពួកគេ។ ចំណែកក្រុមរុករកបានធ្វើការផ្លាស់ប្តូរកម្លាំងរុករក២៤ម៉ោង លើ២៤ម៉ោង ដោយមានការចូលរួមជួយរុករកពីសំណាក់ក្រុមអ្នកស្រាវជ្រាវល្បីៗ នៅជុំវិញពិភពលោកផងដែរ។

បើរស់ឃើញមនុស្ស បើស្លាប់ត្រូវឃើញសាកសព នេះគឺជាគោលការណ៍ដែលក្រុមសង្គ្រោះបានដាក់ចេញ និងព្យាយាមបន្តការរុករកក្រុមក្មេងទាំង១៣នាក់នៅក្នុងរូងភ្នំ Tham Luang បើទោះជាស្ថានភាពលំបាក ភ្លៀងទឹកហូរចូលបន្តយ៉ាងណា ក៏ក្រុមសង្គ្រោះនៅតស៊ូជាមួយភ្លៀងយ៉ាងគំហុកនៅថ្ងៃពុធនេះ ដោយមិនព្រមឈប់ ហើយបន្តធ្វើការឆ្លាស់គ្នា២៤ម៉ោងលើ២៤ម៉ោង និងប៉ុន្មានក្រុមទៀតដើរឡើងភ្នំកាត់ព្រៃ ទៅរកច្រកផ្សេងទៀតដែលអាចឱ្យគេចូលទៅក្នុងរូងនោះបាន។

ដោយសារតែរូងភ្នំនេះងងឹត និងមានរឿងរ៉ាវអាថ៏កំបាំងជាច្រើន ដែលគេនិយាយតៗគ្នាមកដោយមិនទាន់មានអ្វីមកធ្វើការបញ្ជាក់នោះទេ ទើបមិនសូវមានអ្នកណាហ៊ានចូលទៅក្នុងរូងភ្នំនោះ ហើយសូម្បីតែអ្នកស្រុកនៅទីនោះ ក៏មិនទាន់មានអ្នកណាម្នាក់អាចចូលទៅដល់ដែរ។ ដូចនេះអ្នកដែលចង់ចូលទៅចាំបាច់ត្រូវផ្តល់ដំណឹងដល់អាជ្ញាធរជាមុនសិន ដើម្បីដឹងច្បាស់ពីកម្ពស់ទឹក និងសុវត្ថិភាពឬអត់? ភាគច្រើនគឺចូលបាន តែបន្តិច ក៏នាំគ្នាចេញមកវិញ ដោយសារមិនអាចបន្តទៅមុខទៀតបាន។ កាលពី៥៩ឆ្នាំមុន មានរឿងរ៉ាវដូចគ្នានេះដែរ មានបុរសម្នាក់បានបាត់ខ្លួន នៅក្នុងរូងភ្នំនេះ ដោយអាថ៏កំបាំងរហូតដល់សព្វថ្ងៃនេះ៕

RELATED ARTICLES