Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិកាន់តែសាហាវ.... បន្ទាប់ពីផ្ញើសារព្រមាន ខ្មាន់កាំភ្លើងបាញ់រះ ស្លាប់៥របួស៣នាក់

កាន់តែសាហាវ…. បន្ទាប់ពីផ្ញើសារព្រមាន ខ្មាន់កាំភ្លើងបាញ់រះ ស្លាប់៥របួស៣នាក់

យ៉ាងហោចណាស់ បុគ្គលិកសារព័ត៌មាន Capital Gazette ៥នាក់ត្រូវបានបាញ់សម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅព្រឹកថ្ងៃសុក្រ (ម៉ោងនៅកម្ពុជា) នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯទីស្នាក់ការសារព័ត៌មានកាសែត Capital Gazette ក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

យោងតាមមន្ត្រីប៉ូលិសនៅតំបន់កើតហេតុ បានឱ្យដឹងថា អ្នករបួស៣នាក់ ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្សជាង១៧០នាក់ផ្សេងទៀត ត្រូវបានគេជម្លៀសចេញពីអគារស្នាក់ការកាសែតខាងលើ ទៅកាន់កន្លែងសុវត្ថិភាព។

ប៉ូលិសដដែលនោះបានឱ្យដឹងទៀតថា ខ្មាន់កាំភ្លើងបានបាញ់រះទម្លុះកញ្ចក់អគារ ចំបុគ្គលិកដែលកំពុងអង្គុយបម្រើការងារនៅទីនោះ។

ប៉ូលិសបានសន្និដ្ឋានថា ការបាញ់ប្រហារនេះ គឺមានគោលដៅច្បាស់លាស់ ដោយសារតែមានសារព្រមានមួយផ្ញើទៅកាសែត Capital Gazette មុនករណីបាញ់ប្រហារនេះកើតឡើង។

ក្រោយកើតហេតុ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ លោក Jarrod Warren Ramos វ័យ៣០ឆ្នាំ និងធ្វើការចោទប្រកាន់បទល្មើសចំនួន៥ ដែលក្នុងនោះ មានបទល្មើសឃាតកម្ម កម្រិតទីមួយ។ យោងតាមរបាយការណ៍តុលាការ បានឱ្យដឹងថា លោក Warren Ramos ធ្លាប់ប្តឹងកាសែតនេះ ពីបទបរិហារកេរ្ត៍ កាលពីឆ្នាំ២០១២។

ចំណែកឯប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ក៏បានចូលរួមសម្តែងមរណៈទុក្ខ ដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ៕

RELATED ARTICLES