នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទៅដល់ទីតាំងកើតហេតុរូងភ្នំ Tham Luang នៅខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ដែលកីឡាករក្មេង១២នាក់ និងគ្រូបង្វឹកម្នាក់ កំពុងបាត់ខ្លួននៅក្នុងរូងភ្នំ អស់រយៈពេល៦ថ្ងៃកន្លងមកហើយ។
លោកចាន់អូចារ ត្រូវបានអមដំណើរដោយឧត្តមសេនីយ៍ Chatchai Sarikulya ឧបនាយករដ្ឋមន្ត្រី និងលោក Anupong Paojinda រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកនាយកគ្រប់គ្រងតំបន់១ បាននិយាយថា ខ្សែភ្លើងបណ្តែតក្នុងទឹកប្រវែង១៣៧០០ម៉ែត្រ យកទៅដាក់ពង្រាយភ្ជាប់ជាបណ្តាញចាស់ ប្រវែង៤០០០ម៉ែត្រ ដើម្បីផ្គត់ផ្គង់ចរន្តអគ្គិសនីបំភ្លឺនៅក្នុងរូងនោះ។
ក្រុមសង្គ្រោះសហរដ្ឋអាមេរិក និងអង់គ្លេស រួមជាមួយនឹងកងកម្លាំងពិសេសថៃ កំពុងបន្តប្រតិបត្តិការរួមគ្នាយ៉ាងសស្រាក់សស្រាំនៅថ្ងៃនេះ។
ម៉ាស៊ីនបូមទឹកធំៗជាច្រើនគ្រឿង ត្រូវបានគេនាំយកទៅបូមទឹកនៅទីនោះ ខណៈមួយក្រុមទៀត កំពុងខួងចោះភ្នំតាមបណ្តោយរូងភ្នំ ក្នុងកិច្ចប្រឹងប្រែងសង្គ្រោះអ្នកទាំងនោះ៕