បន្ទាប់ពីមានការពន្យារពេលជើងហោះហើរ ដោយសារបំផ្ទុះភ្នំភ្លើង កាលពីព្រឹកមិញ ឥឡូវនេះគេបានចាប់ផ្តើមបើកដំណើរការឡើងវិញហើយ កាលពីវេលាម៉ោង២កន្លះ ក្រោយពីបិទអស់រយៈ១២ម៉ោង។
នេះបើយោងតាមប្រភពព័ត៌មានពីរ៉យទ័រ កាលពីថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។ ការពន្យារពេលនេះ ដោយសារតែផ្សែង និងកម្អែរភ្នំភ្លើងហោះឡើងទៅលើអាកាសខ្ពស់ពេក ដែលអាចប៉ះពាល់ទៅនឹងចរាចរណ៍អាកាស។
យោងតាមមន្ត្រីអាកាសចរណ៍ក្រុងបាលី បានឱ្យដឹងថា ជើងហោះហើរចំនួន៣០០ ត្រូវបានពន្យារពេល ដែលបានធ្វើឱ្យអ្នកដំណើរជិត៣ម៉ឺននាក់ រងផលប៉ះពាល់។ ជាមួយគ្នានោះដែរ អ្នករស់នៅជិតតំបន់ផ្ទុះភ្នំភ្លើងចំនួន៤០០គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាព។
គួររំលឹកថា បំផ្ទុះភ្នំភ្លើង Agung ធ្លាប់បានកើតឡើងជាញឹកញាប់ នៅក្នុងឆ្នាំនេះ តែពុំបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ កាលពីឆ្នាំ១៩៦៣ មនុស្ស១៦០០នាក់ បានស្លាប់បាត់បង់ជីវិត៕