ប្រទេសថៃ ៖ ករណីបាត់ខ្លួនក្មេងៗ ចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់ នៃក្រុមបាល់ទាត់កុមារ អាយុក្រោម១៦ឆ្នាំ “ក្រុមជ្រូកព្រៃ” នៅក្នុងរូងភ្នំ ថាំហ្លួង (ល្អាងហ្លួង) ក្នុងស្រុកម៉ែ សាំ ខេត្តឈៀងរ៉ៃ ប្រទេសថៃ អស់ពេល៧ថ្ងៃមកហើយ នៅតែមិនទាន់មានតម្រុយណាមួយ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចថៃ សហការជាមួយអ្នកជំនាញអាមេរិក និងអង់គ្លេស ខំរុករកយ៉ាងសស្រាក់សស្រាំយ៉ាងណា ក៏មិនឃើញនោះ មកដល់ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចថៃ បានសម្រេចបណ្តែតអាហារ សារលិខិត ទូរស័ព្ទ និងផែនទី ទៅតាមខ្សែទឹកចូលក្នុងរូងភ្នំនោះ ដោយសង្ឃឹមថា នឹងបានទៅដល់អ្នកបាត់ខ្លួនទាំង១៣នាក់នោះ ហើយពួកគេនឹងផ្តល់ដំណឹងត្រឡប់មកវិញ ប្រាប់ពីទីតាំងដែលពួកគេកំពុងស្ថិតនៅ ដើម្បីបានទទួលការជួយសង្គ្រោះ។
តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍ថា វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨ សមត្ថកិច្ចថៃ បានសម្រេចបណ្តែតប្រអប់ដាក់អាហារ និងសារលិខិត ព្រមទាំងផែនទី ទៅតាមខ្សែទឹកចូលក្នុងរូងភ្នំថាំហ្លួង (ល្អាងហ្លួង) នោះ ដើម្បីបញ្ជូនឱ្យអ្នកបាត់ខ្លួនទាំង១៣នាក់ នៅក្នុងរូងភ្នំនោះ ដោយសង្ឃឹមថា ក្រុមកុមាររងគ្រោះទាំងនោះ នឹងផ្តល់ដំណឹងត្រឡប់មកវិញ ប្រាប់ពីទីតាំងដែលពួកគេកំពុងស្ថិតនៅ ដើម្បីឱ្យក្រុមសមត្ថកិច្ចជួយសង្រ្គោះ។
នៅក្នុងប្រអប់ប្លាស្ទិកដាក់អាហារនោះ ក៏មានដាក់ភ្ជាប់ជាមួយនូវពិល ប៊ិក ដែកកេះ លិខិត ផែនទីរូងភ្នំ និងទូរស័ព្ទភ្ជាប់សេវា៣ប្រព័ន្ធ ហើយប្រអប់ប្លាស្ទិក ព្រមទាំងត្រូវភ្ជាប់នូវភ្លើងភ្លឹបភ្លែត ដើម្បីអាចមើលឃើញក្នុងទីងងឹតបានទៀតផង បានបណ្តែតតាមខ្សែទឹកទៅឱ្យក្រុមក្មេងរងគ្រោះទាំងអស់នោះ។
ចំពោះលិខិតដែលបានដាក់ភ្ជាប់ក្នុងប្រអប់ដាក់អាហារនោះ មានខ្លឹមសារថា “បើបានទទួលហើយ សូមឆ្លើយតបត្រឡប់មកវិញផងថា ស្ថិតនៅត្រង់ណានៃផែនទី ពួកយើងគ្រប់គ្នានឹងទៅជួយជាបន្ទាន់”។
ជាមួយនេះ បន្ទាប់ពីបានប្រើគ្រឿងចក្រខួងស្វានថ្មរូងភ្នំ ដើម្បីបូមទឹកចេញ ដើម្បីងាយស្រួលឱ្យក្រុមជួយសង្គ្រោះចូលទៅរុករកក្នុងរូងភ្នំនោះ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ក្រុមជំនាញមុជទឹកនៃកងទ័ពជើងទឹកថៃ ជាច្រើននាក់ បានធ្វើការមុជទឹកនៅក្នុងរូងភ្នំបន្តទៀត នៅតំបន់ទី៣ ដើម្បីស្វែងរកកុមារដែលបាត់ខ្លួន ១២នាក់ និងគ្រូបង្វឹកម្នាក់នោះ។ ចំណែកកងកម្លាំងនៅខាងក្រៅបានទម្លាក់កាមេរ៉ាតូចៗ ចូលតាមប្រហោងភ្នំ ដើម្បីពិនិត្យមើលស្ថានភាពនៅខាងក្នុងរូងភ្នំ មុនពេលក្រុមជួយសង្គ្រោះចុះទៅរុករកបន្ថែម៕