ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍លិចទូក ដឹកអ្នកដំណើរកម្សាន្តទៅកោះភូកេត បានកើនឡើងដល់២៧នាក់ ជាង៥០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី នៅពេលដែលអាកាសធាតុកំពុងភ្លៀង និងមានរលកធំៗ។
ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានឈ្មោះ Phoenix ដឹកអ្នក្នដំណើរចំនួន១០៥នាក់ ដែលក្នុងនោះមានអ្នកដំណើរចំនួន៩៣នាក់ នាវឹកចំនួន១២នាក់ និងមគ្គុទេសចរណ៍ ចំនួន៤នាក់ នេះបើយោងតាមមន្ត្រីគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ បានប្រាប់ឱ្យដឹង។
បើតាមប្រភពពីក្រុមជួយសង្គ្រោះ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ជនជាតិចិន ៣៧នាក់ កំពុងតែបាត់ខ្លួននៅឡើយ រហូតមកដល់ពេលនេះ ខណៈដែលក្រុមជួយសង្គ្រោះកំពុងរុករក។
ក្រុមហ៊ុន Phoenix មិនិបានគោរពទៅតាមការព្យាករណ៍អាកាសធាតុ ដែលបានព្រមានទុកជាមុនថា នឹងមានខ្យល់ព្យុះ នៅឆ្នេរសមុទ្រភូកេត។
ក្នុងរយៈពេលជាង២សប្តាហ៍នេះ ប្រទេសថៃ កំពុងតែជួបទុក្ខត្រួតលើទុក្ខ បន្ទាប់ពីការបាត់ក្មេង និងគ្រូបង្វឹក នៅក្នុងរូងភ្នំ ឥឡូវនេះគេបានជួបរឿងអាក្រក់ថ្មីមួយទៀត៕