យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្ន្នាំ២០១៨ បានឱ្យដឹងថា តុលាការប៉ាគីស្ថាន បានសម្រេចកាត់ទោស លោក Nawaz Sharif អតីតនាយករដ្ឋមន្ត្រី ឱ្យជាប់ពន្ធនាគារ ចំនួន១០ឆ្ន្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ដែលជាប់ពាក់ព័ន្ធទៅនឹងគេហដ្ឋានដ៏ល្អប្រណីតទាំង៤ នៅទីក្រុងឡុងដ៍។ ជាមួយគ្នានោះដែរ តុលាការក៏បានសម្រេចកាត់ទោសកូនស្រី និងកូនប្រសាប្រុស របស់លោក Nawaz Sharif ផងដែរ។
លោក Nawaz Sharif ដែលបច្ចុប្បន្នកំពុងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវបានតុលាការកាត់ទោសកំបាំងមុខ បាននិយាយថា ការកាត់ទោសនេះគឺជារឿងនយោបាយ ហើយលោកបានប្តេជ្ញាថា និងវិលត្រឡប់មកប្រទេសប៉ាគីស្ថាន វិញ ដើម្បីមកតទល់ក្តីនេះ។ បន្ថែមជាមួយនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ តុលាការក៏បានបង្គាប់ឱ្យលោកបង់ប្រាក់ពិន័យផងដែរ។
ថ្លែងទៅប្រាប់អ្នកយកព័ត៌មាន លោកបាននិយាយថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសប៉ាគីស្ថាន វិញ ខ្ញុំបន្តការតស៊រ៊ូបស់ខ្ញុំ បើទោះជាត្រូវជាប់គុកក៏ដោយ ទោះជាយ៉ាងណាក្តី លោកមិនបានបញ្ជាក់ពីការបរិច្ឆេទច្បាស់លាស់នោះទេ ។
ទាក់ទងទៅនឹងរឿងនេះ មេធាវីរបស់លោក Nawaz Sharif បានឱ្យដឹងថា លោកនឹងប្តឹងឧទ្ធរណ៍ ប្រឆាំងទៅនឹងការកាត់ទោសនេះ៕