យោងតាមរបាយការណ៍ស្ទង់មតិថ្នាក់ជាតិមួយ របស់វិទ្យាស្ថានសុខភាពបេះដូង ក្រុងអ័រឡេនដូ រដ្ឋផ្លរីដា បង្ហាញថា សមាគមជំងឺបេះដូងអាមេរិក ផ្តល់អនុសាសន៍ឱ្យស្ត្រីពិនិត្យសុខភាពបេះដូងរបស់ខ្លួន ចាប់ពីអាយុ២០ឆ្នាំឡើងទៅ។ ទោះជាយ៉ាងនេះក្តី ស្ត្រីប្រទេសនេះ ភាគច្រើន មិនគិតថា នោះជាទង្វើចាំបាច់នៅមុនអាយុ៤០ឆ្នាំឡើយ។
អ្នកជំនាញនិយាយថា ស្ត្រីអាចចាប់ផ្តើមកើតជំងឺខ្លាញ់ក្នុងសរសៃឈាមបេះដូង ចាប់ពីវ័យពេញកម្លាំងឡើងទៅ។ ដូច្នេះការថតស្គែន នឹងផ្តល់ឱកាសឱ្យពួកគេបានដឹងពីសមាមាត្រ រវាងទម្ងន់ និងកម្ពស់ សម្ពាធឈាម កម្រិតខ្លាញ់កូលេស្តេរ៉ូល និងគ្លុយកូស ក៏ដូចជា ទំហំចង្កេះ ដែលទាំងនេះសុទ្ធជាកត្តាប្រឈមជំងឺបេះដូង។ ដោយឡែក កត្តាប្រឈមមួយចំនួនដែលនាំឱ្យលោកអ្នកកើតជំងឺបេះដូង រួមមាន ភាពទំនេរច្រើន (រាងកាយគ្មានសកម្មភាព) របបអាហារទទួលទានមិនល្អ កើតជំងឺតានតឹងក្នុងចិត្ត។
តាមសមាគមជំងឺបេះដូងអាមេរិក រោគសញ្ញាជំងឺបេះដូង ដែលកើតមានលើបុរស និងស្ត្រីមិនដូចគ្នាទេ។ ការឈឺចាប់ដើមទ្រូងផ្នែកខាងឆ្វេង គឺជារោគសញ្ញាជំងឺគាំងបេះដូង ដែលតែងកើតមានលើបុរស ប៉ុន្តែសម្រាប់ស្ត្រី រោគសញ្ញាអាចងងឹតមុខ ខ្សោយ ថប់ដង្ហើម និងបញ្ហារំលាយអាហារ”