កាលពីពេលថ្មីនេះៗ លោកអនុទូតអាមេរិក ប្រចាំកម្ពុជា Michael Nevbill បាននិយាយនៅក្នុងសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ដោយសង្កត់ធ្ងន់ថា“បើគ្មានសារព័ត៌មាន ដែលមានភាពសេរីទេនោះ ពលរដ្ឋមិនដឹងពីអំពើពុករលួយទេ”។ ការលើកឡើងនេះ ចង់បង្ហាញថា មន្ត្រីអាមេរិក ព្រួយបារម្ភពីកម្រិតសារព័ត៌មាននៅកម្ពុជា ដែលមិនសូវមានសេចក្តីក្លាហានក្នុងការរិះគន់អំពើពុករលួយនេះឯង ដោយហេតុថា “សារព័ត៌មាននៅកម្ពុជា មាន៣ប្រភេទ” ដែល“នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“សារព័ត៌មាន” គឺជាសន្លឹកក្រដាសបោះពុម្ពផ្សាយដំណឹង ដែលខ្មែរយើងនិយមហៅតាមបារាំងថា “កាសែត” (Gagette)។ សារព័ត៌មាន ឬកាសែត ចាប់ផ្តើមមកកើតក្នុងសម័យអាណានិគមបារាំង ដែលកាលនោះ មានតែស្ថាប័នរដ្ឋ ទើបមានកាសែត ផ្សាយដំណឹង ដោយបញ្ជូនទៅបោះពុម្ពនៅក្រុងព្រៃនគរ។ ក្រោយមកទើបមានការបង្កើតរោងពុម្ពនៅភ្នំពេញ ហើយក៏មានបញ្ញវន្តខ្មែរ ទើបបញ្ចប់ការសិក្សានៅប្រទេសបារាំង បានបង្កើតកាសែត ដើម្បីផ្សព្វផ្សាយនយោបាយ និងសង្គមជូនសាធារណជន បានដឹង។ កាសែត កើតមុនគេនៅកម្ពុជា ឈ្មោះ“នគរវត្ត” មានលោកសឺង ង៉ុកថាញ់ ជាចាងហ្វាងនយោបាយ ដែលមានខ្លឹមសារអត្ថបទមានទិសដៅប្រឆាំងអាណានិគមបារាំង។ ក្រោយមកទៀត ក៏មានការបង្កើតកាសែត“ក្របីព្រៃ” “រាស្ត្រធិបតេយ្យ” ជាដើម សុទ្ធតែប្រឆាំងបារាំងដូចគ្នា និងត្រូវបិទលែងផ្សាយ រីឯចាងហ្វាងនយោបាយត្រូវប្រឈមនឹងការចាប់ខ្លួន។
ចូលមកដល់សម័យសង្គមរាស្ត្រនិយម កាសែត ទស្សនាវដ្តី កើតឡើងព្រោងព្រាត ដែលភាគច្រើនគាំទ្ររដ្ឋាភិបាល ដូចជា កាសែត “សុជីវធម៌” របស់លោកនុត ឈឿម ចាប់កំណើតតាំងពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០ ទើបបាត់មុខពីកម្ពុជា។ រីឯទស្សនាវដ្តី សំខាន់ៗមានទស្សនាវដ្តី “ផ្សេង ផ្សេង” របស់លោកប៉ែន ភី “អ្នកជាតិនិយម” របស់សម្តេចឪ “កម្ពុជាសុរិយា” របស់ពុទ្ធសាសនបណ្ឌិត្យកាសែត “L Observateur” (អ្នកសង្កេតការណ៍) របស់លោកខៀវ សំផន សរសេរជាភាសាបារាំង ជាដើម។ កាសែតទស្សនាវដ្តីសម័យនោះ មានបណ្ណាគារចាំទទួលចែកចាយទៅគ្រប់ខេត្ត ជារួមមានបណ្ណាគារ ហង់រី, បណ្ណាគារសារាវន្ត, បណ្ណាគារជឹង ប៉ោហួត, បណ្ណាគារគីម សេង, បណ្ណាគារគីម គី, បណ្ណាគារប៊ុត នាង, បណ្ណាគារសុមន សុវត្ថិ ជាដើម បានរកស៊ីដេញជើងគ្នា ក្នុងការទទួលចែកផ្សាយកាសែត ទស្សនាវដ្តី។
ចូលមកដល់សម័យ លន់ នល់ កាសែតខ្លះបាត់ឈ្មោះ ក៏លេចកាសែតថ្មី កើតឡើង ដូចជាកាសែត “កោះសន្តិភាព” របស់លោកថុង អ៊ុយប៉ាង កាសែត “នគរធំ” របស់លោកជូ ថានី ជាដើម សុទ្ធតែមានឈ្មោះល្បី។ ចូលមកដល់សម័យ ប៉ុល ពត កាសែត ពីរបបមុនត្រូវបំបាត់ទាំងស្រុង លេចចេញឯទស្សនាវដ្តី “ទង់បដិវត្តន៍” មកជំនួសវិញ។ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា ឃើញមានកាសែត “កម្ពុជា” របស់លោកខៀវ កាញារីទ្ធ កាសែត “ប្រជាជន” របស់លោកស្រីសោម គឹមសួគ៌ បានលេចមុខគួរឱ្យកត់សម្គាល់។ ចូលមកដល់បច្ចុប្បន្ន យើងមិនបាច់បង្ហាញឈ្មោះកាសែតទេ ព្រោះវាច្រើនពេក ដែលកាសែតខ្លះ “ក្ស័យធន” កាសែតខ្លះ ក៏នៅបន្តផ្សព្វផ្សាយទៅតាមនិន្នាការរៀងខ្លួន។
រាល់កាសែត ទស្សនាវដ្តី តាំងពីជំនាន់បារាំង មកទល់បច្ចុប្បន្ន ត្រូវចែកជា “៣ប្រភេទ” គឺទី១ “កាសែតគាំទ្ររដ្ឋាភិបាល” ទី២ “កាសែតប្រឆាំង” ទី៣ “កាសែតអព្យាក្រឹត ឬមិនលម្អៀង”។ កាសែតដែលគាំទ្ររដ្ឋាភិបាល មានអាយុវែង ដោយសរសេរស្របមាគ៌ារហូត អាចថាជា “កាសែតបក្ស” ក៏បាន ផ្ទុយទៅវិញ “កាសែតប្រឆាំង” អាយុមិនវែងទេ ជួនកាលត្រូវរដ្ឋាភិបាលបិទ លែងឱ្យផ្សាយ រីឯចាងហ្វាងការផ្សាយប្រឈមមុខជាប់គុកច្រវាក់ ក៏សឹងមាន។ ចំណែកកាសែតកណ្តាល ឬ “ស៊ីរះទាំងសងខាង” មានអាយុយឺនយូរ គឺកាសែតប្រភេទនេះហើយ ដែលគួរហៅថា ជា “កាសែតសេរី” ព្រោះហ៊ាន “រិះគន់ស្ថាបនា” ជួយកែលម្អ តម្រង់ផ្លូវរដ្ឋាភិបាលផង សម្របសម្រួលជាមួយបក្សប្រឆាំងផង រិះគន់អំពើពុករលួយ អយុត្តិធម៌ សង្គមផង។ និយាយរួម កាសែតកណ្តាល មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែក “ផ្សះផ្សាជាតិ” ផ្ទុយពីកាសែតស្រប និងកាសែតប្រឆាំង ដឹងតែឈ្លោះ ដៀមដាមគ្នាមិនស្វាង។
អង្គភាពសារព័ត៌មាននីមួយៗ មិនអាចអួតអាងថា ខ្លួនមានការពេញនិយម ឬមានអ្នកអានជាងគេនោះទេ ពោលគឺ អ្វីៗនៅលើប្រជាពលរដ្ឋជាអ្នក “វាយតម្លៃ”។ កាលអាចារ្យថាំ នៅយុវវ័យ ញៀនអានកាសែត “សុជីវធម៌” ដូចតាៗញៀនបារីស្លឹកសង្កែ អ៊ីចឹង ដែលកាសែតនោះ មានលោកនុត ឈឿម ជាចាងហ្វាងនយោបាយ។ នាឆ្នាំ១៩៦៩ កាសែតសុជីវធម៌ បានចុះផ្សាយរឿងប្រលោមលោក “ខកខ្លួននៅស្ទឹងមានជ័យ” និងអត្ថបទយកការណ៍ស្តីពី “យានអវកាស អាប៉ូឡូទី១១ ចុះនៅឋានព្រះចន្ទ” បណ្តាលឱ្យមហាជនផ្អើលតាមដានទិញកាសែតមកអាន សូម្បីអាចារ្យថាំ ញៀនជាងគេផង ជួនកាលសុំលុយម៉ែមិនបានទិញ កាសែតក៏យំទ្រហឹងក៏មានដែរ ដែលជំនាន់នោះ កាសែត១ច្បាប់ តម្លៃ៣រៀល។ កាសែតសុជីវធម៌ មាននិន្នាការគាំទ្ររដ្ឋាភិបាលសង្គមរាស្ត្រនិយម ទើបលោកនុត ឈឿម ត្រូវភៀសខ្លួនទៅបរទេស ខណៈដែលរដ្ឋប្រហារកើតឡើងនៅឆ្នាំ១៩៧០ ឯកាសែតសុជីវធម៌ ក៏បាត់ឈ្មោះទៅ។ ថ្មីៗនេះ ស្រាប់តែលោកតា នុត ឈឿម បានផ្ញើលិខិតមក “នគរធំ” សុំឱ្យជួយផ្សាយ ទើបដឹងថា លោកនុត ឈឿម “បើរស់នៅក្នុងរបបណា សរសើររបបហ្នឹង” ព្រោះពីមុន គាត់សរសើររបបសង្គមរាស្ត្រនិយម ឥឡូវគាត់សរសើររបបដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងវាយប្រហារអតីតមេបក្សប្រឆាំង លោកសម រង្ស៊ី យ៉ាងចាស់ដៃ។
សូមរំព្ញកថា ក្រោយឆ្នាំ១៩៧០ បន្ទាប់ពីកាសែតសុជីវធម៌ បាត់មុខ ក៏លេចកាសែត “កោះសន្តិភាព”, “នគរធំ”, “មហាជន”, “អ្នកសង្កេតការណ៍” ចេញមកជំនួសម្តង។ កោះសន្តិភាព និងនគរធំ តែងសរសេររិះគន់ពួកនាទាហានពុករលួយ នៃរបបលន់ នល់ ដែលបន្លំស៊ីប្រាក់ខែទាហានខ្មោច។ កាលពីឆ្នាំ១៩៧៤ កាសែត “នគរធំ” របស់លោកជូ ថានី វ៉ៃធ្ងន់ៗ ធ្វើឱ្យរដ្ឋាភិបាលស្ពឹកមុខ ខណៈដែលកាសែត “អ្នកសង្កេតការណ៍” ដែលស្នងមរតកពីកាសែត (L’observateur) របស់លោកខៀវ សំផន ហ៊ានជេរលោកសេនាប្រមុខ លន់ នល់ កប់ៗមាត់។ កាលនោះ នៅពេលបោះពុម្ពរួច កាសែតផ្អឹបទុកសិន លុះដល់លោកហែម វណ្ណប្ញទ្ធិ ចាងហ្វាងកាសែត ឡើងយន្តហោះទៅផុត ទើបចេញផ្សាយព្រោងព្រាត បណ្តាលឱ្យលោកប្រធានាធិបតី ក្តៅក្រហាយ ចេញបញ្ឆាឱ្យអាវុធហត្ថ ដើរប្រមូលកាសែត និងបញ្ជាឱ្យចាប់ខ្លួនចាងហ្វាងកាសែត ប៉ុន្តែចាងហ្វាងនោះ ហោះផុតពីកម្ពុជាទៅហើយ។
ការលើកឡើងពីប្រវត្តិកាសែត ដោយត្រួសៗនេះ ចង់បង្ហាញថា “នៅកម្ពុជា មានសារព័ត៌មាន៣ ប្រភេទ” គឺស្រប ប្រឆាំង និងកណ្តាល” ខណៈដែលមន្ត្រីទូតអាមេរិក ព្រួយបារម្ភថា នៅកម្ពុជា គ្មានកាសែតសេរីនោះ មកពីគាត់ដឹងថា កាសែតប្រឆាំង មួយចំនួនត្រូវបិទ នៅសល់តែកាសែតស្រប និងកាសែតកណ្តាល។ ទោះយ៉ាងណា កាសែតដែលគាំទ្ររដ្ឋាភិបាល ក៏បានរិះគន់អំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោមដែរ គ្រាន់តែមិនហ៊ានប៉ះថ្នាក់លើប៉ុណ្ណោះ។ រីឯកាសែតកណ្តាល ក៏បានចូលរួមចំណែកក្នុងការរិះគន់ កែលម្អរដ្ឋាភិបាល ការពារជនស្លូតត្រង់ដែលត្រូវអ្នកមានអំណាច មានលុយ រំលោភបំពាន មិនមើលនឹងភ្នែកនោះទេ។ កាសែតទាំង៣ប្រភេទនេះ មិនអាចវាយតម្លៃថា ខ្លួនមានការគាំទ្រពីអ្នកអានដល់កម្រិតណានោះទេ ប៉ុន្តែអាចកត់សម្គាល់បានថា បើកាសែតណាលក់ដាច់ជាងគេ ឬថា លក់មួយព្រឹប អស់រលីងពីតូបនោះ គឺកាសែតនោះ មានការគាំទ្រខ្ពស់។
សរុបទៅ “សារព័ត៌មាន ៣ប្រភេទ” ដូចបរិយាយខាងលើនេះ ធ្លាប់មាននៅកម្ពុជា តាំងពីសម័យអាណានិគមបារាំង ប៉ុន្តែ កាសែតប្រឆាំងរដ្ឋាភិបាល អាយុមិនបានវែង។ និន្នាការរបស់កាសែត នៅត្រង់ “បទបរិយាយ” ឬ “បទវិចារណាថា” ដែលជា “បេះដូងកាសែត” សម្រាប់អ្នកអានវាស់ស្ទង់មើលថា តើកាសែតនោះ គាំទ្របក្សណា? មាននិន្នាការឬនៅកណ្តាល? បើកាសែត មិនដាក់បទបរិយាយ ឬវិចារណាថា មិនខុសពីមនុស្សអត់បេះដូង ឬថា “លក់និន្នាការ” មិនឱ្យគេដឹង។ ចំពោះក្តីបារម្ភរបស់មន្ត្រីទូតអាមេរិក ខ្លាចអត់កាសែតសេរី រិះគន់អំពើពុករលួយនោះ ក៏មិនខុសអ្វីដែរ ប៉ុន្តែ ការរិះគន់ជារឿងងាយស្រួល តែសិល្បៈនៃការរិះគន់ ជារឿងពិបាក”…៕