បើឈាមរដូវពណ៌ក្រមៅ ឬខ្មៅ វាពុំមែនជារឿងខុសប្រក្រតី, មានបញ្ហាសុខភាព ឬកើតជំងឺអ្វីឡើយ។ ប៉ុន្តែដោយសារតែវាអាចកើតពីឈាមរដូវហូរចេញមក ហើយទៅជាប់ទើរបរិវេណទ្វារមាស យូរពេក រហូតនាំឱ្យឈាមរដូវដែលក្រហមនោះប្រែជាពណ៌ក្រមៅវិញ ភាគច្រើនតែងកើតឡើងក្នុងអំឡុងពេលរដូវចាប់ផ្តើមមកថ្មីៗ ឬជិតអស់រដូវ ដោយឈាមជ្រាបចេញមកយឺតៗ ហើយទើរនៅបរិវេណទ្វារមាសយូរ។
ស្ត្រីមួយចំនួនមានការយល់ច្រឡំថា ឈាមរដូវគឺឈាមមិនល្អ ទើបជាមូលហេតុនាំឱ្យភ័យខ្លាចថា ឈាមពណ៌ខ្មៅចេញមកនោះ ជាឈាមកើតចេញពីរាងកាយខុសប្រក្រតី។ តែត្រូវយល់ថា ស្បូនមានតួនាទីបន្តពូជតែមួយមុខប៉ុណ្ណោះ។ ដូច្នេះ ឈាមរដូវពុំមែនជាឈាមមិនល្អអ្វីនោះឡើយ ប៉ុន្តែវាជាឈាមនៃជាលិកាស្បូនដែលមិនបានទទួលការបង្កកំណើត។ ឯឈាមមានពណ៌ខ្មៅជាឈាមស្ថិតនៅបរិវេណទ្វារមាសយូរតែប៉ុណ្ណោះ៕