អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ កញ្ញាចេង ស្រីនិច្ច ហៅវីរៈ និច្ច ដែលគេកំពុងតែសង្ស័យថា ក្មួយស្រីខាន់ ជេមស៍ រូបនេះ បានបង្កាត់ភ្លើងស្នេហាជាមួយគ្នានោះ ស្រាប់តែពេលនេះ ស្រីស្អាតមិនរាថយក្នុងការចាប់ដៃជាមួយអតីតអ្នកកំប្លែង CTN នេះឡើយ ហើយនៅឆ្នាំ២០១៩នេះ នាងសូមផ្ដោតម្យ៉ាងគត់ គឺការចាប់ដៃជាមួយលោកចឺម ឲ្យបានកាន់តែច្រើនថែមទៀត ដោយមិនខ្វល់ពាក្យចចាមអារ៉ាមនោះទេ។
តារាសាច់សខ្ចីរបស់ផលិតកម្មសាន់ដេ កញ្ញាវីរៈ និច្ច ថ្លែងថា ”ខ្ញុំមានបទចម្រៀងមួយចំនួនទៀត ត្រៀមចេញរួមគ្នាជាមួយបងចឺម នៅឆ្នាំ២០១៩ ហ្នឹង។ បទថ្មីៗនេះ ប្លែកជាងពេលមុន តែពេលនេះមិនទាន់ចង់បង្ហាញ ព្រោះចង់ឲ្យចេញទៅមានការភ្ញាក់ផ្អើលតែម្ដង”។
ចេង ស្រីនិច្ច ហៅវីរៈ និច្ច បានចូលផលិតកម្មសាន់ដេ ដោយមានការអន្តរាគន៍ពីលោកពូរបស់នាង ដែលជាតារាចម្រៀងល្បីឈ្មោះនៅសាន់ដេ គឺខាន់ ជេមស៍។ ស្រីនិច្ច ក៏ធ្លាប់ចាប់ដៃសម្ដែងជាមួយខាន់ ជេមស៍ ដែរ ប៉ុន្ដែរបទចម្រៀងដែលធ្វើឲ្យគេស្គាល់តារាវ័យ២៤ឆ្នាំនេះ គឺការច្រៀង Cover បទនាយចឺម ”មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវា” និងបទ ”ជយោ សង្សារសុំបែកហើយ”។ ការល្បីបាន២បទនេះ ធ្វើឲ្យស្រីនិច្ច មានទីផ្សារគួរសម ហើយពេលនេះ មានក្រុមរាំអមទៀតផង។
ប៉ុន្ដែការដែលស្រីស្អាតវីរៈ និច្ច ចាប់ដៃគូជាមួយនាយចឺម នៅពេលនេះ គឺហាក់ដូចជាប្រថុយពេកហើយ ព្រោះក្រោយបាត់សង្សារស្រីស្អាតដល់ទៅ២នាក់ព្រមគ្នា គឺអូនម៉ីម៉ី និងពុធ ស្រីខួច នោះ ពេលនេះ នាយចឺម កំពុងស្វែងរកសង្សារថ្មី ហើយគេជឿថា វីរៈ និច្ច ពិតជាត្រូវចិត្តនាយចឺម ខ្លាំងណាស់ ព្រោះកន្លងមក ពួកគេបានបង្ហាញភាពស្និទ្ធស្នាលគ្នាដូចគូស្នេហ៍អីចឹង។
ទោះជាយ៉ាងណា ក្នុងបទសម្ភាសន៍កន្លងមក នាយចឺម ថ្លែងថា មិនបានស្រលាញ់វីរៈ និច្ច ជាសង្សារទេ គឺត្រឹមជាសិស្សប្អូនម្នាក់ប៉ុណ្ណោះ លោកចឺម ថែមទាំងថា ស្រីនិច្ច តែងខ្លួនដូចប្រុស ខ្លួនគេគ្មានអារម្មណ៍ថែមទៀតផង៕