តាំងពីមនុស្សកកើតត ពូជពង្សលើផែនដី និងចេះបង្កើតរបបគ្រប់គ្រងរដ្ឋមក តែងតែបង្កើត “គុក” ឱ្យដើរទន្ទឹមនឹងការ គ្រប់គ្រង ដើម្បីឃុំឃាំងគូសត្រូវ កុំឱ្យធ្វើសកម្មភាព ប្រឆាំងបាន។ គុក មាន២ប្រភេទ គឺ “គុកសេរីភាព” និង “គុកគ្មានសេរី- ភាព” សូម្បីនៅកម្ពុជា ក៏មានគុកទាំង ២ប្រភេទនេះ ដែរ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
“គុក” ឬ “ពន្ធនាគារ” មានន័យតែមួយ សំដៅដល់ទីកន្លែង ដែលមានរបង ជញ្ជាំង រនាំងដែក ច្រវាក់ ខ្នោះ ឃ្នាង ត្ងោក រំពាត់ ដំបង ព្រនង់ សម្រាប់ឃុំឃាំង និងធ្វើទារុណកម្ម អ្នកទោស។ គុកសេរីភាព និង គុកគ្មានសេរីភាព ត្រូវចែកជាសាខាទៀត ដូចជា “គុកនយោបាយ” សម្រាប់ដាក់អ្នកទោសនយោបាយ ដូចគុកកោះត្រឡាច កាលពីជំនាន់អាណានិគមបារាំង ជាដើម។ “គុកសួគ៌” សំដៅដល់ប្រាសាទទាំង១២ ឬប្រាសាទសួព្រ័ត្រ នៅក្នុងបរិវេណក្រុងអង្គរធំ សម្រាប់បញ្ចូល ជនសង្ស័យធ្វើពិធី បួងសួង ដល់វត្ថុស័ក្តិសិទ្ធិ ក្នុងករណីចៅក្រម កាត់ក្តីអគតិ ជាដើម ពោលគឺ បើជនសង្ស័យនោះ ជាមនុស្សសុចរិត គ្មានផលរមាស់ អ្វីឡើយ ប៉ុន្តែ បើជាចោរពិតៗ ច្បាស់ជាចេញកមរមាស់ ឬកើតឃ្លង់ពេញខ្លួន មិនខាន ដែល “គុកសួគ៌” នោះបានបង្កើតឡើង ក្រោមព្រះតម្រិះ របស់ព្រះនាង ឥន្ទ្រទេវី ដែលផ្តោតជំនឿទៅលើ “ព្រះអវលោកិតេស្វរៈ” ឬ “ព្រះអវលោកេស្វរៈ” នៃលទ្ធិ-ពុទ្ធសាសនាមហាយាន។ “គុកកាមកិលេស” សំដៅដល់មនុស្សគ្រប់រូប ដែលជាបុថុជ្ជន មិនថាគេថាយើង សុទ្ធតែជាប់គុកនេះ ដូចគ្នា ជាពិសេសបុរសៗ ជាប់គុកកិលេសតណ្ហា ចេញមិនរួច ទោះជាមាន អាយុ៨០ឆ្នាំក្តី លុះត្រាតែនោម ដាក់ផេះលែងហុយ បោះដែកគោលប៉ូក! ទើបចប់។ “គុកយមរាជ” សំដៅដល់ ឋាននរក ដែលរង់ចាំ ដាក់ទណ្ឌកម្ម មនុស្សមានបាបកម្ម។ “គុកទុក្ករ- កិរិយា” សំដៅដល់ការ ធ្វើបាបខ្លួនឯង ឱ្យរងទុក្ខវេទនា ដើម្បីឱ្យបាន សម្រេចពុទ្ធិ អ្វីមួយ តាមបែប វិចារវិទ្យា ដូចព្រះពុទ្ធអង្គ ដែលមិនព្រមឆាន់ ចង្ហាន់អស់រយៈពេល ៦ឆ្នាំ រហូតស្គាំងស្គម ទ្រមព្រះកាយ ដើម្បីឱ្យបាន ត្រាស់ដឹងនូវ អនុត្តរសម្មាសម្ពោធិញ្ញាណ ក៏ដូចជាតាបសឥសី នៃលទ្ធិព្រហ្មញ្ញសាសនា បានធ្វើតបធម៌យ៉ាងតឹងរ៉ឹង មានការអង្គុយស្មឹងស្មាធិ៍ តែមួយកន្លែង មិនព្រមឆាន់ ឬសិងលើដីខ្សាច់ក្តៅ ជាដើម ដើម្បីសម្រេចបានញាណបារមី៘
ដូច្នេះ គុកទាំង ប៉ុន្មាននេះ វានៅក្នុងប្រភេទ “គុកសេរីភាព” និង “គុកគ្មានសេរីភាព” នេះឯង ពោលគឺ គុកកាមកិលេស គុកទុក្ករកិរិយា ចាត់ទុកថា ជាគុកសេរីភាព ព្រោះគ្មានអ្នកណាចាប់ទេ តែជាករណីធ្វើបាប ខ្លួនឯង ប៉ុន្តែ ពេលកំពុង ជាប់គុក នោះ មានសិទ្ធិដើរហើរទៅណា ឬធ្វើអ្វីក៏បានដែរ ផ្ទុយពីគុកសួគ៌ គុកនយោបាយ គុកព្រៃស គុកយមរាជ ដែលមានឆ្មាំការពារ ចេញទៅណាមិនបាន។
យើងសូមបរិយាយលម្អិត តែពីរឿង “គុកសេរីភាព” ប៉ុណ្ណោះ ព្រោះសព្វថ្ងៃ លោកកឹម សុខា បានបង្ខាំង ខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាល គណបក្ស។ ទោះបីជាបក្សកាន់អំណាចថា លោកប្រធានស្តីទីបក្សប្រឆាំង រូបនេះ ខ្លាចគេចាប់ ក៏ដាក់គុក ខ្លួនឯង នៅក្នុងបន្ទប់ បួនម៉ែត្របួនជ្រុង ក៏ “នគរធំ” មានទស្សនៈថា ទីនោះជា “គុកសេរីភាព” សុទ្ធសាធ ព្រោះគ្មាន រនាំងដែក គ្មានខ្នោះឃ្នាង អ្វីទេ។ លោកកឹម សុខា មានសេរីភាពគ្រប់គ្រាន់ ក្នុងការធ្វើនយោបាយ តែងតែកោះអញ្ជើញសហការីក្រោម ឱវាទ ក៏ដូចជាអ្នកគាំទ្រឱ្យ ចូលប្រជុំស្តាប់ការណែនាំ ចង្អុលបង្ហាញទិសដៅការងារ តែរាល់ថ្ងៃ។ លោកមានឱកាស ធ្វើបុណ្យ តាមមាគ៌ា ព្រះពុទ្ធសាសនា រហូតដល់អញ្ជើញ អង្គទូតបរទេស ឱ្យចូលជួបទៀតផង ដែលចាត់ទុកថា គុកនៅចាក់អង្រែលើ នោះ មិនដូចគុកព្រៃស ដែលលោកកឹម សុខា ធ្លាប់ជាប់ពីមុននោះទេ។
“គុកសេរីភាព” សម្រាប់តែ ដាក់ខ្លួនឯងបែបនេះ ធ្លាប់មានតាំងពីបរមបុរាណ មកម៉្លេះ ឧទាហរណ៍ “តេជោយ៉ត” បានយក ឃ្នាងមកពាក់ ឱ្យពលសេនា បណ្តើរទៅថ្វាយ ស្តេចកាត់ទោស ពាក់ព័ន្ធ នឹងការធ្វើឃាត អ្នកម្នាងនូ ចាត់ទុកថា តេជោយ៉ត បាន ដាក់គុកខ្លួនឯង ប៉ុន្តែ គាត់មានអំណាច អាចបង្គាប់បញ្ជាពលសេនា បាន។ សត្វសាហាវផ្សេងៗ ដូចជា តោ ខ្លា ចចក ជាដើម ទោះបីជាពួកវារស់នៅក្នុងព្រៃឧទ្យាន ទំហំរាប់សិបហិកតារ ក្រោមការឃ្លាំមើល របស់អនុរក្សសត្វព្រៃ ក៏ពួកវាមានសេរីភាព គ្រប់គ្រាន់ អាចដេញចាប់គោព្រៃ សេះបង្កង់ ឈ្លូស ពោំទៅស៊ីរាល់ថ្ងៃ បង្ហាញឱ្យឃើញពីលក្ខណៈ “គុកសេរីភាព”។
សព្វថ្ងៃយើងឃើញថា មេបក្សប្រឆាំងទាំងពីររូបនោះ សុទ្ធតែជាប់ “គុកសេរីភាព” ដូចគ្នា ពោលគឺលោក សម រង្ស៊ី បាន និរទេសខ្លួនទៅនៅក្រៅស្រុក ក៏ដូចជាការដាក់គុកខ្លួនឯង មិនខុសពីលោកកឹម សុខា។ លោកប្រធានបក្សប្រឆាំងនោះ មានសិទ្ធិធ្វើនយោបាយដោយរលូន ជួនកាលក៏កោះហៅសហការី សំខាន់ៗទៅជួបនៅ ក្រៅប្រទេស ដើម្បីទទួល ការណែនាំតម្រង់ទិស។ ផ្ទុយទៅវិញ លោកស្រីអ៊ុងសាន ស៊ូជី ដែលធ្លាប់ជាប់គុក ក្នុងផ្ទះជាង ២០ឆ្នាំនោះ ពុំមែនជា “គុកសេរីភាព” នោះទេ ព្រោះលោកស្រី គ្មានសិទ្ធិធ្វើនយោបាយ ចេញទៅណាក៏មិនបាន ដោយសារពួកមន្ត្រីយោធាភូមា ដែលកំពុងក្តាប់អំណាច ដកសិទ្ធិ ឱ្យនៅតែក្នុងផ្ទះ។
ដូច្នេះយើងឃើញថា គុកទាំងពីរប្រភេទនេះ មានលក្ខណៈ មិនដូចគ្នាទេ ពោលគឺ “គុកសេរីភាព” អាចធ្វើអ្វីក៏បាន គ្រាន់តែនៅ មួយកន្លែងប៉ុណ្ណោះ ខណៈដែល “គុកគ្មានសេរីភាព” សូម្បីតែនិយាយ ស្តីអ្វីក៏មានការ ហាមឃាត់ដែរ កុំថាដល់ទៅដើរ- ហើរ។ យើងកត់សម្គាល់បានថា អ្នកដឹកនាំសំខាន់ៗ លើពិភពលោក សុទ្ធតែធ្លាប់ជាប់ “គុកសេរីភាព” នេះដូចគ្នា ក្នុងពេលដឹកនាំ ចលនាតស៊ូ។ ឧទាហរណ៍ ឡេនីន មេបដិវត្តន៍សហភាព សូវៀត ធ្លាប់ដាក់គុកខ្លួនឯង នៅក្នុងព្រៃរនាមមួយកន្លែង គេចពីការ តាមចាប់ខ្លួនរបស់កងទ័ពស្តេចត្សារ។ លោកហូ ជីមិញ មេដឹកនាំបដិវត្តន៍វៀតណាម ក៏ធ្លាប់ជាប់គុកគ្មានសេរីភាព ផង គុកសេរីភាព ផង ពោលគឺ លោកធ្លាប់ត្រូវបារាំង ចាប់ដាក់គុក និងធ្លាប់ពួនសំងំនៅ កន្លែងសម្ងាត់ ដែលទីតាំងកណ្តាលព្រៃ នោះ លោកមានឱកាស ដឹកនាំចលនា តស៊ូបាន។ ប៉ុល ពត, ខៀវ សំផន, ហ៊ូ នឹម, ហ៊ូ យន់, នួន ជា, អៀង សារី មេដឹកនាំជាន់ ខ្ពស់ ខ្មែរក្រហម ក៏សុទ្ធតែធ្លាប់ត្រូវអាជ្ញាធរ ចាប់ដាក់ពន្ធនាគារ និងធ្លាប់ដាក់គុកខ្លួនឯង ក្នុងព្រៃ បង្កចលនា តស៊ូ រហូតបានសម្រេច បង្កើតរបបកម្ពុជាប្រជាធិបតេយ្យ។
ទោះជាយ៉ាងនេះក្តី អ្នកនយោបាយ ដូចមានឈ្មោះខាងលើ ដែលធ្លាប់ជាប់ “គុកសេរីភាព” នេះ ពុំអាចយកទៅប្រៀប- ធៀបនឹង “គុកទុក្ករកិរិយា” ដែលព្រះពុទ្ធបរមគ្រូ បានដាក់ ព្រះកាយព្រះអង្គ ៦វស្សា បានឡើយ។ គុកទុក្ករកិរិយា គ្មានលោភៈ ទោសៈ មោហៈ អ្វីទេ ពោលគឺព្រះអង្គគង់ ធ្វើសមាធិ តែមួយកន្លែង ញ៉ាំងវដ្តធម៌ឱ្យប្រព្រឹត្តទៅក្នុងភាព សុខស្ងប់។ ផ្ទុយទៅវិញ អ្នកនយោបាយ ដែលដាក់គុកខ្លួន ឯងនោះ ពោរពេញដោយ ការឈឺចាប់ ទោះជា មិនឈឺចាប់ផ្លូវកាយ ក៏ផ្លូវចិត្តរងទារុណ មិនតិចទេ។
សរុបទៅ “គុកសេរីភាព” គឺមានន័យយ៉ាងនេះឯង សម្រាប់តែ អ្នកនយោបាយ យកទៅប្រើក្នុងពេល ទាល់ច្រកប៉ុណ្ណោះ ព្រោះពេលជាប់គុកនោះ គាត់នៅតែមាន សេរីភាពពេញលេញ ក្នុងការដឹកនាំ ចង្អុលបង្ហាញទិសនយោបាយ។ ទោះបីជាយ៉ាង-ណា ប្រជាពលរដ្ឋ និងអ្នកនយោបាយ មិនចង់ប្រឈមទេ ទាំង “គុកសេរីភាព” និង “គុកគ្មានសេរីភាព”។ ហេតុនេះ គួរតែ អ្នកនយោបាយ គ្រប់និន្នាការ បន្ទន់ឥរិយាបថ រកគ្នាល្អជាង និងរកដំណោះ ស្រាយយ៉ាងណា លុបបំបាត់ “គុកសេរីភាព” នេះ ទើបជាតិមាតុភូមិ បានសុខសន្តិភាព ទាំងផ្លូវកាយ និង ផ្លូចិត្ត”៕
ដោយ៖ អាចារ្យថាំ