Saturday, April 27, 2024
Homeព័ត៌មានជាតិសាហាវយង់ឃ្នងណាស់!!! រស់នៅមិនចុះសម្រុង ប្រពន្ធសុំលែង ស្រាប់តែប្តីកំណាច...

សាហាវយង់ឃ្នងណាស់!!! រស់នៅមិនចុះសម្រុង ប្រពន្ធសុំលែង ស្រាប់តែប្តីកំណាច…

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ២នាក់ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ដោយសារតែបុរសជាប្តីមានចិត្តប្រចណ្ឌចេះតែចោទថា ប្រពន្ធលួចលាក់មានទំនាក់ទំនងសហាយស្មន់ជាមួយបុរសម្នាក់ នៅក្នុងភូមិ រហូតប្រពន្ធទ្រាំលែងបាន ក៏សុំលែងលះរស់នៅបែកផ្ទះគ្នា តែបុរសជាប្តីមិនព្រម ទើបចេះតែតាមអង្វរសុំជានាគ្នាវិញ លុះខឹងនឹងប្រពន្ធចិត្តរឹងមិនព្រមត្រូវរ៉ូវគ្នា ក៏បែកគំនិតធ្វើសកម្មភាពចាប់ប្រពន្ធច្របាច់កជ្រមុជទឹកប្រឡាយសម្លាប់យ៉ាងឃោរឃៅ រួចរត់ទៅសារភាពនៅចំពោះមុខកម្លាំងកងរាជអាវុធហត្ថថា ខ្លួនបានសម្លាប់ប្រពន្ធដោយផ្ទាល់ដៃ ដោយសារតែខឹងនឹងប្រពន្ធមានសហាយ។

ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកសហគមន៍មួយកន្លែង ស្ថិតក្នុងភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ។

ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចចាប់ច្របាច់កជ្រមុជទឹកសម្លាប់ចោលក្នុងទឹកប្រឡាយ មានឈ្មោះនី ស្រីនាង អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ។ ចំណែកជនសង្ស័យជាឃាតករដៃឆៅដែលសម្លាប់ប្រពន្ធដោយមិនញញើតដៃ មានឈ្មោះហើស ហឿន អាយុ៣៧ឆ្នាំ រស់នៅភូមិជាមួយគ្នា។

តាមការរៀបរាប់ពីសាក្សីមួយចំនួន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញម៉ូតូរបស់ស្ត្រីរងគ្រោះធ្លាក់នៅក្នុងទឹកប្រឡាយ ទើបនាំគ្នាចុះទៅសែងម៉ូតូនោះឡើងមកលើគោក ប៉ុន្តែពេលចុះទៅដល់ក្នុងទឹក ក៏បានប៉ះនឹងជើងមនុស្សដែលលៀនចេញមកពីក្នុងលូ ទើបនាំគ្នាទាញចេញមកពិនិត្យមើល ក៏ស្គាល់ច្បាស់ថា ជាស្ត្រីរងគ្រោះឈ្មោះនី ស្រីនាង ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។

ប្រភពដដែលបន្តថា តាមពិតស្ត្រីរងគ្រោះទើបនឹងបានសុំលែងលះជាមួយប្តី តែប្តីមិនព្រមលែង ដោយគ្រាន់តែបានរស់នៅផ្សេងពីគ្នា ព្រមទាំងបានចែកកូនម្នាក់មួយ។ ចំណែកមូលហេតុដែលនាំឱ្យស្រីរងគ្រោះទាមទារលែងលះគ្នានេះ គឺដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នាផង ណាមួយបុរសជាប្តីស្ត្រីរងគ្រោះតែងបង្ករឿងឈ្លោះប្រកែកជាញឹកញាប់ផង ដោយសារភ្លើងប្រចណ្ឌ។

ដោយឡែក កូនទាំង២របស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុករបស់ខ្លួនបានប្រើខ្លួនឱ្យយកសំបុត្រ១ច្បាប់ទៅឱ្យម្តាយ ព្រមទាំងរូបថតដែលថតជាមួយគ្នាផង ផ្ទុយទៅវិញពេលយកទៅដល់ ត្រូវម្តាយហែកសំបុត្រចោលខ្ទេច ព្រមទាំងបានហែករូបថតចេញពីគ្នាទៀតផង រួចក៏ប្រើឱ្យខ្លួនយកត្រឡប់មកឱ្យឪពុកវិញ។

កូនៗស្ត្រីរងគ្រោះបន្តថា ពេលយកសំបុត្រនោះទៅឱ្យឪពុកវិញ ឪពុកខឹងណាស់ រួចក៏បានបោះចោលក្នុងធុងសំរាម ហើយបានសួរថា ម៉ែឯងទៅណាហើយ? ពេលនោះ ខ្លួនក៏ប្រាប់ថា ម៉ែទៅស្រែ ហើយបន្ទាប់មកឪពុកក៏បានទាញម៉ូតូជិះចេញទៅបាត់ភ្លាមៗ ដោយប្រាប់ថា ពុកទៅស្រែមួយភ្លែត តែពេលនោះពួកគេឃើញឪពុកជិះម៉ូតូចេញយ៉ាងលឿនដូចហោះ ក្រោយមកក៏បានឮដំណឹងថា ម្តាយត្រូវគេសម្លាប់ហើយ ទើបមានការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយកើតមានការភ្ញាក់ផ្អើលប្រទះ ឃើញសពស្ត្រីរងក្រោះក្នុងប្រឡាយទឹករួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកឧត្តមសេនីយ៍ ជេត វណ្ណនី បានចុះធ្វើការស្រាវជ្រាវ រួចក៏បានសន្និដ្ឋានថា ឃាតករគ្មានអ្នកណាក្រៅពីបុរសជាប្តីរបស់ស្ត្រីរងគ្រោះឡើយ។ ភ្លាមនោះ ក៏មានការចេញបញ្ជាឱ្យកម្លាំងតាមរកចាប់ខ្លួនជនសង្ស័យជាប្តីគ្រប់ច្រកល្ហក ដោយបានកំណត់បានយ៉ាងច្បាស់ថា ជនសង្ស័យកំពុងធ្វើដំណើរចូលទៅក្នុងក្រុងបាត់ដំបងហើយ នៅទីបំផុត ក៏ស្រាប់តែលេចឮដំណឹងថា ជនសង្ស័យបានចូលខ្លួនទៅសារភាពនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បាត់ទៅវិញ។

ចំណែកបុរសជាប្អូនរបស់ជនសង្ស័យ ដែលបានជូនបងប្រុសរបស់ខ្លួនទៅសារភាព បានឱ្យដឹងថា តាមពិតទិសដៅរបស់ខ្លួន គឺនាំបងប្រុស (ជនសង្ស័យជាឃាតករ) ទៅសារភាពនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ប៉ុន្តែដោយសារមិនស្គាល់កន្លែង ក៏ចូលទៅទៅកន្លែងអាវុធហត្ថតែម្តង ដោយសារតែបងប្រុសគិតថា ការសារភាពនេះអាចមានការបន្ធូរបន្ថយទោសខ្លះ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះហើស ហឿន ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ខ្លួនបានចាប់ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះនី ស្រីនាង ជ្រមុជទៅក្នុងទឹកប្រឡាយ ហើយក៏បានញាត់បញ្ចូលទៅក្នុងលូ ដោយសារតែខ្លួនបានដឹងថា ប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងសហាយស្មន់ជាមួយនឹងបុរសម្នាក់ ឈ្មោះចេវ សុផល ដែលរស់នៅក្នុងភូមិជាមួយគ្នានោះដែរ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ សពរបស់ស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES