Saturday, April 27, 2024
Homeព័ត៌មានជាតិនារីរូបស្រស់ចោមពុងចូលងូតទឹក ដាំក្បាលចូលអាងស្លាប់

នារីរូបស្រស់ចោមពុងចូលងូតទឹក ដាំក្បាលចូលអាងស្លាប់

ខេត្តពោធិ៍សាត់ ៖ នារីវ័យក្មេងម្នាក់ បានចោមពុងចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក លុះក្រោយមកមិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែត្រូវបានគេប្រទះឃើញដាំក្បាលចូលទៅក្នុងអាងទឹកទាំងស្ថានភាពអាក្រាតកាយស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹកសម្រាប់បុគ្គលិកហាងខារ៉ាអូខេពន្លឺច័ន្ទ មានទីតាំងស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ។

នារីរងគ្រោះដែលដាំក្បាលចូលអាងទឹកស្លាប់រូបនេះ មានឈ្មោះប្រាក់ ស្រីនាង ហៅញ៉ាញ់ អាយុ២៣ឆ្នាំ មុខរបរបម្រើការងារក្នុងហាងខារ៉ាអូខេពន្លឺច័ន្ទ ធ្វើការ និងស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ នារីរងគ្រោះបានចោមពុង រួចដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីបោកខោអាវ និងងងូតទឹក លុះម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ឈ្មោះអឿន ដា ជាអ្នកបម្រើការក្នុងខារ៉ាអូខេជាមួយគ្នាបានដើរសំដៅចូលក្នុងបន្ទប់ទឹកនោះដែរ តែពេលទៅដល់ឃើញបន្ទប់ទឹកជាប់គន្លឹះទ្វារពីខាងក្នុង រួចក៏ស្រែកហៅដែរ តែមិនឮសំឡេងឆ្លើយតបសោះ ទើបឈ្មោះអឿន ដា បានរត់ទៅប្រាប់ម្ចាស់ហាងខារ៉ាអូខ ឱ្យមកជួយគាស់ទ្វារបន្ទប់ទឹកចូលទៅខាងក្នុងមើល  លុះចូលទៅដល់ក៏ប្រទះឃើញនារីរងគ្រោះដាំក្បាលចូលទៅក្នុងអាងទឹក ដែលមានកម្ពស់៣០សង់ទីម៉ែត្រនោះតែម្តង ទាំងសភាពអាក្រាតកាយទៀតផង។

ក្រោយកើតហេតុ ម្ចាស់ហាងក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុតែម្តង។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពនារីរងគ្រោះនៅមានសភាពក្តៅឧណ្ហៗនៅឡើយ ចំណែកខ្លួនប្រាណក៏មិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ថា ជាអំពើឃាតកម្មនោះដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ នារីរងគ្រោះបានស្លាប់ដោយសារតែអាការជំងឺស្កន់ជាន់របស់នាងរើឡើង ទើបបណ្តាលឱ្យដាំក្បាលចូលអាងទឹកក្នុងបន្ទប់ទឹកស្លាប់បែបនេះ។

សពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES