Saturday, April 27, 2024
Homeព័ត៌មានជាតិកម្មកររោងចក្រជិត១០០នាក់ ផ្ទុះការតវ៉ារឿងថៅកែដឹកសម្ភារៈចេញពីរោងចក្រ

កម្មកររោងចក្រជិត១០០នាក់ ផ្ទុះការតវ៉ារឿងថៅកែដឹកសម្ភារៈចេញពីរោងចក្រ

​ភ្នំពេញ ៖ កម្មកររោងចក្រផលិតស្បែកជើង ពូយៀន ប្រមាណជិត១០០នាក់ តំណាងឲ្យកម្មករសរុបជិត២០០០នាក់ បានផ្ទុះការតវ៉ាចំពោះថៅកែរោងចក្រដែលបានព្យាយាមដឹកសម្ភារៈចេញពីរោងចក្រ បំណងបិទរោងចក្ រដោយមិនប្រាប់កម្មករ និងមិនបើកប្រាក់ខែឲ្យកម្មករ​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខច្រកចូលរោងចក្រ ពូយៀន (ខេមបូឌា) អេនធើប្រាយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីកម្មកររោងចក្រខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅរោងចក្រកើតហេតុខាងលើ បានដំណើរការបើកតាំងពីឆ្នាំ២០១០មកម្ល៉េះ និងមានកម្មករសរុបទាំងអស់ប្រមាណជិត២០០នាក់ ហើយរោងចក្រខាងលើតែងតែបើកប្រាក់ខែឲ្យកម្មករមិនដែលខានមួយខែណាឡើយ។ លុះដល់ថ្ងៃទី១៩និង២០ ខែធ្នូ ស្រាប់តែរោងចក្រ​លែងមានការងារឲ្យកម្មករធ្វើដូចសព្វដង ដោយកម្មករចូលទៅអង្គុយលេងរហូត ហើយឃើញតែខាងរោងចក្រដឹកសម្ភារៈតាមម៉ូតូនិងរថយន្ត ចេញពីរោងចក្រទាំងថ្ងៃទាំងយប់ជាហូរហែ ដោយមិនមានប្រាប់អ្វីសោះ ទើបកម្មករក៏ចាប់ផ្តើលឆ្ងល់ ហើយភ័យខ្លាចថៅកែរោងចក្របិទរោងចក្រដោយមិនប្រាប់ និងមិនបើកប្រាក់ខែឲ្យ។

ប្រភពបានឲ្យដឹងទៀតថា លុះដល់យប់កើតហេតុ កម្មករប្រមាណជិត១០០នាក់ ក៏បាននាំគ្នាមកដេកយាមនៅខាងមុខផ្លូវចូលរោងចក្រ ព្រោះខ្លាចថៅកែរោងចក្រដឹកសម្ភារៈចេញអស់ ។ ​ដល់វេលាកើតហេតុ ស្រាប់តែឃើញមានរថយន្តកុងតីន័រ និងរថយន្តកូរ៉េ​ជាង១០គ្រឿងបានបើកមកដឹកសម្ភារៈចេញពីក្នុងរោងចក្រ ដោយមានបុរសម្នាក់ដែលគេស្គាល់ឈ្មោះថា សុខ គង់ ជាមន្ត្រីយោធានៅកងពលលេខ៧០ ស័ក្តិ៤ បានបើកបរម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ០២ 1-0007 និងរថយន្តសារ៉ែនដែលនៅក្នុងនោះមានជនស៊ីវិលជាង១០នាក់ ប្រដាប់ដោយកាំភ្លើងសឹងគ្រប់ដៃ បានបើកពីមុខរថយន្តកុងទីន័រទាំងនោះ ធ្វើជាក្បួនដើម្បីដឹកសម្ភារៈចេញពីក្នុងរោងចក្រ។ ​

ប្រភពបន្តទៀតថា ពេលដែលកម្មកររោងចក្រឃើញដូចនោះ ក៏បាននាំគ្នាធ្វើការរារាំងដើម្បីកុំឲ្យរថយន្តដឹកម៉ាស៊ីន និងសម្ភារៈផ្សេងៗទៀតចេញពីក្នុងរោងចក្រ ​បែរជាត្រូវបុរសខាងលើដែលជាមន្ត្រីយោធាខាងលើនោះ ដកកាំភ្លើងភ្ជង់គំរាម និងវាយកម្មកររោងចក្រ បណ្តាលឲ្យរងរបួសស្រាល ហើយបានឡើងជិះរថយន្តសារ៉ែន ជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូ PCX មួយគ្រឿង នៅនិងកន្លែងកើតហេតុ។ ចំណែកឯរថយន្តកុងតឺន័រដែលបំរុងដឹកសម្ភារៈចេញពីក្នុងរោងចក្រ ត្រូវបានក្រុមកម្មករដេញឲ្យបើកទៅក្នុងរោងចក្រវិញ។

ក្រោយពេលកើតហេតុ ម៉ូតូខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋទឹកថ្លា ដោយកម្មកររោងចក្របានស្នើសុំក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យពួកគេផង និងជួយឲ្យថៅកែរោងចក្របើកប្រាក់អតីត​ភាពឲ្យទៅពួកគេផង មុននឹងបិទរោងចក្រ៕

RELATED ARTICLES