Saturday, April 27, 2024
Homeបរិយាយកុំយកវិជ្ជាទៅប្រកួតនឹងវាសនា

កុំយកវិជ្ជាទៅប្រកួតនឹងវាសនា

ព្រះឧត្តមមុនី អ៊ុំ ស៊ូ អ្នកប្រាជ្ញសង្ឃជំនាន់អាណានិគមបារាំង បានបន្សល់ទុកព្រះមរតកសាសន៍ ថា “កុំយកវិជ្ជាទៅ ប្រកួតនឹងវាសនា” មានខ្លឹមសារពុទ្ធនិយមសុទ្ធសាធ ផ្តោតទៅលើរឿងកម្មផល។ សព្វថ្ងៃ អ្នកនយោបាយគ្រប់និន្នាការ ភាគច្រើនសុទ្ធតែបណ្ឌិត បញ្ញវន្ត មានចំណេះដឹងជ្រៅជ្រះ កំពុងប្រជែងគ្នាយកអំណាច ដែលខ្លះជាប់គុកជាប់ច្រវាក់ពីរបីដង ក៏ នៅតែមិនលះបង់មហិច្ឆតា។ បើសិនជាខ្លួនគ្មានភ័ព្វសំណាង ឬជោគវាសនាសន្សំទុកពីបុព្វជាតិ ទោះជាខំយ៉ាងណាក៏មិនងាយ បានតំណែងដឹកនាំប្រទេសនោះឡើយ តែបើអ្នកមានវាសនា នឹងបានមិនបាច់ខំ

ដែល “នគរធំ” សូមលើករឿង “វិជ្ជា និង វាសនា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“វិជ្ជា ឬវិទ្យា” មានន័យថា សេចក្តីដឹងច្បាស់ ការចេះដឹង ចំណេះ វេទមន្ត មន្តអាគម។ ជាទូទៅ វិជ្ជាកើតឡើងដោយ ការសិក្សារៀនសូត្រ ស្រាវជ្រាវ ព្យាយាមដុសខាត់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលពីបុរាណ ទម្រាំរៀនចប់ថ្នាក់បណ្ឌិត បើជាប្រុស នឹងត្រូវជ្រុះសក់ ក្បាលឆក មានវ័យចាប់ពី៣៥ឆ្នាំឡើងទៅទើបចប់ ពុំមែនអាយុក្រោម៣០ឆ្នាំ រៀនផុតថ្នាក់បណ្ឌិតនោះទេ។ ព្រះសង្ឃបួសរៀនបានច្រើនវស្សា ក៏មានឈ្មោះថាបណ្ឌិត ឬអ្នកមានចំណេះដឹងជ្រៅជ្រះដែរ ហើយសូម្បីគ្រូមន្តអាគម ក៏ ចាត់ទុកថា ជាអ្នកមានវិជ្ជាខ្លាំងពូកែ ដែលបុរាណហៅ “វិទ្យាគមន៍”។

ដោយឡែក “វាសនា” មានន័យថា ចរិយា ឬចរិត ដែលអប់រំសន្សំទុកក្នុងចិត្ត ប៉ុន្តែ ខ្មែរយើងច្រើនប្រើសំដៅដល់ព្រេងសំណាង បុណ្យ ភ័ព្វ ដែលមានពីជាតិមុនផ្តល់ឱ្យ។ មនុស្សមានវាសនា ឬមានសំណាង រាប់ចូលក្នុងជំពូក “មនុស្សទេវោ” (មនុស្ស ដូចទេវតា ឬទេវតាចាប់ជាតិ) , “មនុស្សមនុស្សោ” (មនុស្សមាននិស្ស័យខ្ពស់ដែលមនុស្សខ្ពង់ខ្ពស់មកចាប់ជាតិ)។ ប៉ុន្តែ បើ គ្មានវាសនា រាប់ចូលក្នុងជំពូក “មនុស្សបេតោ” (មនុស្សថោកទាប ប្រេតមកចាប់ជាតិ), “មនុស្សតិរច្ឆានោ” (មនុស្សឃោរឃៅ ដែលសត្វតិរច្ឆានមកចាប់ជាតិ)។

ហេតុអ្វីព្រះឧត្តមមុនី អ៊ុំ ស៊ូ ចារទុកថា “កុំយកវិជ្ជាទៅប្រកួតនឹងវាសនា?” សំណួរនេះ យើងអាចឆ្លើយថា មនុស្សគ្រប់ រូប ទោះជាបានរៀនសូត្រចេះដឹងអស់ថ្នាក់រៀន មានប្រាជ្ញាឈ្លាសវៃយ៉ាងណាក៏ដោយចុះ បើគ្មាន “សម្ពាយបុណ្យ” ឬ “ជោគវាសនា” ពីជាតិមុន មិនអាចក្លាយទៅជាព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី បានឡើយ។ កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា “សម្តេចគ្មានមហិច្ឆតាធ្វើនាយករដ្ឋមន្ត្រីអ្វីទេ ស្រាប់តែបានតំណែងនេះ តាំងពី អាយុ៣២ឆ្នាំ ផ្ទុយទៅវិញ អ្នកខ្លះចង់បានណាស់ តែវាមិនបានដូចចិត្ត”។ ប្រសាសន៍មួយឃ្លានេះ គឺស្របនឹង “កុំយកវិជ្ជាទៅ ប្រកួតនឹងវាសនា” នេះឯង ពោលគឺអ្នកប្រកួតប្រជែងចង់បានតំណែងនាយករដ្ឋមន្ត្រី មានរាប់សិបនាក់ឯណោះ ស្តែងចេញ តាមរយៈការបង្កើតគណបក្សនយោបាយ ដែលប្រធានគណបក្សនីមួយៗ សុទ្ធតែប្រាថ្នាកៅអីនាយករដ្ឋមន្ត្រីដូចគ្នា។

ដោយឡែក សម្រាប់អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) ទោះបីជារលំរលាយទៅហើយក្តី ក៏ពួកគេខំណាស់ ដោយមិនព្រមចុះចាញ់បក្សកាន់អំណាច។ លោកសម រង្ស៊ី អតីតប្រធានបក្សសង្គ្រោះជាតិ ដែលពេលនេះ ត្រូវក្លាយជា “ប្រធានចលនាសង្គ្រោះជាតិ” ក៏មានចំណេះដឹងជ្រៅជ្រះ ជាពិសេស ជំនាញខាងសេដ្ឋកិច្ច មានសញ្ញាបត្រ ជាន់ខ្ពស់ពីប្រទេសបារាំង។ ចំណែកសហការីក្រោមឱវាទគាត់ ស្ទើរទាំងអស់ សុទ្ធតែជាបណ្ឌិត បញ្ញវន្ត និយាយភាសាអង់គ្លេស ស្ទាត់ជាងភាសាខ្មែរទៅទៀត ប៉ុន្តែ ពួកគាត់គ្មានសំណាងបានកាន់អំណាច ទោះជាប្រឹងប្រែងយ៉ាងណាក្តី ដែលបង្ហាញថា “កុំយកវិជ្ជាទៅប្រកួតនឹងវាសនា”។ នៅក្នុងចង្កោមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក៏មិនខ្វះបណ្ឌិត បញ្ញវន្ត នោះដែរ ប៉ុន្តែពួកលោកគ្មានវាសនាបានធ្វើនាយករដ្ឋមន្ត្រី សូម្បីតែដាក់បេក្ខភាពប្រកួតជាមួយសម្តេចហ៊ុន សែន ក៏មិន ហ៊ានដែរ ទើបជាង៣០ឆ្នាំកន្លងមក សម្តេចហ៊ុន សែន នៅតែរក្សាតំណែងនាយករដ្ឋមន្ត្រី។

មនុស្សគ្មានវាសនា ទោះជាប្រឹងប្រែង ឬមានមហិច្ឆតាយ៉ាងណា ក៏មិនបានតំណែងឧត្តុង្គឧត្តមនោះដែរ ដែល “នគរធំ” សូមគាស់កកាយអតីតកាលមកបង្ហាញឱ្យងាយយល់ ៖

-ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ៖ ព្រះអង្គជាព្រះរាជបុត្រច្បង ត្រូវបានស្នងរាជ្យបន្តពីព្រះវររាជបិតា “ស៊ីសុវត្ថិ មុនីវង្ស” ប៉ុន្តែ ដោយសារព្រះអង្គម្ចាស់នេះគ្មានភ័ព្វវាសនា ទើបរាជសម្បត្តិត្រូវធ្លាក់ទៅលើ “ព្រះបាទនរោត្តម សីហនុ” ជាព្រះភាគិនេយ្យ (ក្មួយប្រុស) ទៅវិញ។

-ព្រះអង្គម្ចាស់នរោត្តម នរទីបោ (ណារ៉ាឌីប៉ូ) ត្រូវបាននាហ្មឺនសព្វមុខមន្ត្រី ស្រុះស្រួលគ្នាឱ្យបន្តរាជសម្បត្តិពីព្រះករុណា នរោត្តម សីហនុ ប៉ុន្តែ ដោយសារព្រះអង្គម្ចាស់ណារ៉ាឌីប៉ូ គ្មានវាសនា ក៏បាត់ព្រះកាយសូន្យឈឹងក្នុងរបបប៉ុល ពត ហើយ ទីបំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះអនុជ បានស្នងរាជបល្ល័ង្កបន្តពីព្រះវររាជបិតា ព្រោះព្រះអង្គ មានវាសនា ត្រូវក្លាយជាព្រះមហាក្សត្រ។

នៅក្នុងអក្សរសិល្ប៍ខ្មែរ រឿង “ចៅស្រទបចេក” រឿង “អាកម្ជិលផេះ” រឿង “ទេវតាសែកសោយ” សុទ្ធតែបង្ហាញថា មនុស្សមានជោគវាសនា ទោះជានៅកុមារពិបាកវេទនាយ៉ាងណា ក៏គង់បានឡើងសោយរាជ្យជាស្តេច។ នៅក្នុងប្រវត្តិសាស្ត្រ ក៏បានបង្ហាញពីបុគ្គលមានវាសនាខ្ពស់បានក្លាយជាព្រះមហាក្សត្រខ្មែរដែរ ដូចជាចៅពញាក្រែក, បក្សីចាំក្រុង, តាត្រសក់ផ្អែម, ស្តេចកន ជាដើម ដែលអ្នកសិក្សាប្រវត្តិសាស្ត្របានជ្រាបជាទូទៅ មិនចាំបាច់រៀបរាប់វែងឆ្ងាយ។

ដូច្នេះយើងឃើញថា មនុស្សគ្មានភ័ព្វសំណាង ឬជោគវាសនា ទោះជាខំយ៉ាងណា ក៏មិនងាយបានកាន់អំណាចកំពូលនោះ ទេ ដែលបច្ចុប្បន្ន អំណាចកំពូល នៅលើនាយករដ្ឋមន្ត្រី។ វាសនានោះគ្មានអ្នកណាមើលឃើញ ឬទាយត្រូវនោះទេ វៀរលែង តែហោរាភ្នែកទិព្វ ព្រោះជួនកាលគ្មានមហិច្ឆតាអ្វីសោះ ស្រាប់តែបានធ្វើនាយករដ្ឋមន្ត្រី។ ដូចអ្វីដែល “នគរធំ” បានបរិយាយ ពីលេខមុនរួចមកហើយ ពីករណីលោកសាក់ ស៊ុតសាខន “បានកាន់អំណាច៥ថ្ងៃ ក៏អស់ចិត្ត” មានន័យថា មកពីគាត់មាន សម្ពាយបុណ្យតិចពេក ក៏បានកាន់អំណាចខ្លី ប៉ុន្តែ វាគ្រាន់បើជាងអ្នកមិនបានធ្វើប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី។ ទោះយ៉ាង ណា បើមនុស្សមានវាសនា គង់តែបានធ្វើនាយករដ្ឋមន្ត្រី មិនខាន នៅពេលខ្លួនមានវ័យកាន់តែជរា។ ជាក់ស្តែង លោកដូណាល់ ត្រាំ អាយុ៧០ឆ្នាំ ទៅហើយ ទើបតែបានតំណែងប្រធានាធិបតីអាមេរិក នោះមកពីគាត់មានវាសនាតែម្តង។ បើតាមចំណេះដឹង ទោះជាប្រឹងយ៉ាងណាក៏មិនបានដែរ ជាក់ស្តែងលោកស្រីហ៊ីលឡារី គ្លីនតុន មានចំណេះវិជ្ជា និងជំនាញនយោបាយជ្រៅជ្រះ ណាស់ ប៉ុន្តែ លោកស្រីអត់វាសនា ទើបចាញ់ឆ្នោតលោកដូណាល់ ត្រាំ។

ក្រឡេកមើលស្ថានការណ៍នយោបាយបច្ចុប្បន្ន ការដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបន្តតំណែង១០ឆ្នាំ ទៀត ឬដល់ឆ្នាំ២០២៨ ទើបដកខ្លួនថយពីនយោបាយនោះ បើសម្តេចមានសម្ពាយបុណ្យក្រាស់ អាចនៅធ្វើនាយករដ្ឋមន្ត្រី ហួសពីឆ្នាំ២០២៨ ទៅទៀត។ ផ្ទុយទៅវិញ បណ្ឌិត បញ្ញវន្តនៅក្នុងគណបក្សប្រជាជនកម្ពុជា មានរហូតដល់រាប់ពាន់នាក់នោះ នឹងគ្មានវាសនាបានធ្វើនាយករដ្ឋមន្ត្រីនោះឡើយ ព្រោះគ្មានវាសនា។ ចំណែកពួកប្រឆាំង ដែលបង្កីត “ចលនាសង្គ្រោះជាតិ” ដើម្បីអំណាចនោះ បើលោកសម រង្ស៊ី មានវាសនា អាចនឹងបានកាន់តំណែងនាយករដ្ឋមន្ត្រី នាវ័យចុងក្រោយ ដូចប្រធានាធិបតីដូណាល់ ត្រាំ ប៉ុន្តែ បើលោក “មានតែវិជ្ជា អត់វាសនា” ទោះជាខំយ៉ាងណា ក៏មិនបានសម្រេចដែរ។

សរុបទៅ “កុំយកវិជ្ជា ទៅប្រកួតនឹងវាសនា” មានន័យយ៉ាងនេះឯង។ ហេតុនេះគួរតែអ្នកនយោបាយគ្រប់និន្នាការ ត្រួតពិនិត្យឱ្យ “ស្គាល់ខ្លួនឯងជាមុនសិន ទើបស្គាល់អ្នកដទៃ”។ ការស្គាល់ខ្លួនឯងច្បាស់ ត្រង់មានវាសនា ឬគ្មាននេះឯង ពុំមែន សម្គាល់សមត្ថភាពខ្លួននៅលើចំណេះវិជ្ជានោះទេ។ ការស្គាល់ខ្លួនឯងច្បាស់ ស្គាល់អ្នកដទៃច្បាស់ ស្គាល់ធម្មជាតិច្បាស់ គឺ ដូចជាស្គាល់ ឬដឹងពីជោគវាសនារបស់ខ្លួនដែលឈានឡើង ឬធ្លាក់ចុះ តែបើមិនច្បាស់ពីចំណុចនេះ កុំសង្ឃឹមថាបានតំណែង កំពូលឱ្យសោះ៕

ដោយ អាចារ្យថាំ

RELATED ARTICLES